កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅប្រធានាធិបតីចិនលោក Xi Jinping ថាជាជនផ្តាច់ការ ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងថា លោកយល់ស្របជាមួយនឹងការវាយតម្លៃដូចនេះ។
លោក Blinken ដែលបានជួបជាមួយលោកXi និងមេដឹកនាំជាន់ខ្ពស់ចិនដទៃទៀតកាលពីពេលថ្មីៗនេះ ក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន ដើម្បីពិភាក្សាពីទំនាក់ទំនងដ៏រកាំរកូសរវាងប្រទេសទាំងពីរ បានប្រាប់កម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS ថា «លោកប្រធានាធិបតីតែងតែនិយាយដោយស្មោះត្រង់ គឺលោកនិយាយត្រង់ ច្បាស់លាស់ ហើយនិយាយតំណាងយើងគ្រប់គ្នា»។
លោក Biden បានហៅលោក Xi ថាជាជនផ្តាច់ការ នៅក្នុងពិធីរៃអង្គាសប្រាក់នៃកម្មវិធីនយោបាយមួយ ហើយប្រទេសចិនបានធ្វើប្រតិកម្មតបតវិញយ៉ាងលឿន ដោយនិយាយថា ការថ្លែងរបស់លោក Biden នោះ គឺជា«ការបង្កហេតុខាងនយោបាយដ៏ខ្លាំងមួយ»។
ការថ្លែងរបស់លោក Biden នោះកើតឡើងតែ២បីថ្ងៃប៉ុណ្ណោះ ក្រោយពីលោក Blinken ទើបត្រឡប់មកពីក្រុងប៉េកាំងវិញ ដែលនៅទីនោះលោកបានជួបជាមួយមន្ត្រីចិនជាច្រើនរូប ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្ម ការបង្ហោះបាឡុងចារកម្មរបស់ចិនលើទឹកដីអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ដែលត្រូវលោក Biden បញ្ជាឱ្យបាញ់ទម្លាក់ ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងរឿងមួយចំនួនផ្សេងទៀត។
លោក Blinken បានប្រាប់ទូរទស្សន៍ CBS ដូចនេះថា៖ «ប៉ុន្តែរឿងមួយដែលខ្ញុំបាននិយាយទៅកាន់សមភាគីចិនរបស់ខ្ញុំ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំនោះគឺថា យើងនៅតែបន្តធ្វើនិងនិយាយនូវអ្វីដែលធ្វើឱ្យចិនមិនសប្បាយចិន គឺដូចគ្នា ទៅនឹងអ្វីដែលចិននឹងនៅតែបន្តធ្វើនិងនិយាយនូវអ្វីដែលអាមេរិកមិនពេញចិត្តដែរ»៕