មន្ត្រី​អាមេរិក​ថា សង្គ្រាម​រីក​កាន់​តែ​ធំ​​ទៅ​ភាគ​ខាង​លិច​អ៊ុយក្រែន​ដូច​ការ​រំពឹងទុក

  • Steve Herman

​ក្រុម​ការងារ​ពន្លត់​អគ្គីភ័យ​កំពុង​តែ​ព្យាយាម​ពន្លត់អគ្គីភ័យ​នៅ​អគារ apartment​ មួយ ដែល​ត្រូវ​ភ្លើង​ឆេះ​ដោយសារ​ការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​របស់​រុស្ស៊ី ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ (Ukrainian State Emergency Service via AP)

មន្ត្រី​សហរដ្ឋ​អាមេរិក និយាយ​ថា ការបាញ់​ផ្តក់​របស់​រុស្ស៊ី​នៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​អាទិត្យ ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ ជា​អ្វី​ដែល​ពួកគេ​រំពឹង​ទុក។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake sulivan បាន​និយាយ​ក្នុង​អំឡុង​ពេលបង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍ CNN កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា៖ «ការបាញ់ផ្តក់​នេះ មិន​បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់ក្រុម​ស៊ើបការណ៍​សម្ងាត់​និង​សហគមន៍​សន្តិសុខ​ជាតិ​អាមេរិក​ទេ។ អ្វី​ដែល​បាន​បង្ហាញ​នេះ​គឺ​ថា លោក Vladimir Putin មាន​ការរកាំចិត្ត​ដែល​ថា កងទ័ព​របស់​លោក មិន​បាន​ធ្វើ​ឲ្យ​ជឿនលឿន​ដែល​លោក​បាន​គិត​ថាពួកគេនឹងអាច​ធ្វើ​បាន»។

មនុស្ស​យ៉ាង​តិច​ណាស់​ក៏៣៥នាក់ដែរ​ បាន​ស្លាប់​ហើយ១៣៤នាក់​ទៀត ​បាន​រងរបួស​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ នៅពេល​ដែល​រុស្ស៊ី បាន​បាញ់​កាំជ្រួច​មីស៊ីល Cruise ដាក់​មជ្ឈមណ្ឌល​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ដែល​ជា​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន។

ទីតាំង​យោធា​នេះ ដែលស្ថិត​នៅមិនឆ្ងាយប៉ុន្មានពី​ទីក្រុង Lviv នោះ​ ជា​ទីកន្លែង​ដែល​អង្គភាព​អង្គការ​អូតង់​ហ្វឹកហាត់​ជាមួយ​កងទ័ព​អ៊ុយក្រែន។

កងទ័ព​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​ស្ថិត​នៅ​មិន​ដល់​ចម្ងាយ២៥គីឡូម៉ែត្រ​ផង​នោះ​ កំពុង​មាន​ការព្រួយ​កង្វល់​ថា ការចាត់វិធានការ​ខុស​ខាង​យោធា​របស់​រុស្ស៊ី អាច​បណ្តាល​ឲ្យ​មាន​សង្គ្រាម​រីក​កាន់តែ​ធំ​ឡើង។

លោក Sullivan បាន​ព្រមាន​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី«Face the Nation»នៃ​បណ្តាញ​ទូរទស្សន៍ CBS ថា៖ «ប្រសិនបើ​រុស្ស៊ី​វាយ​ប្រហារ​ឬ​បាញ់​ប្រហារ​ដាក់​ទឹកដី​របស់​សមាជិក​អង្គការ​អូតង់ នោះ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​នឹង​ធ្វើ​ការឆ្លើយតប​វិញ»។

លោក Sullivan និង​មន្ត្រី​ផ្សេងៗទៀត​មកពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក មាន​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​ដើម្បី​ជួប​ជាមួយ​លោក Yangn Jiechinសមាជិក​ការិយាល័យ​បក្ស​កុម្មុយនីស្ត​និង​ជា​នាយក​នៃ​ការិយាល័យ​របស់​គណៈកម្មការ​កិច្ចការ​បរទេស​ចិន។

លោក​ស្រី Emily Horne អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ បាន​និយាយ​ថា៖ «ការពិភាក្សានោះ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការបន្ត​ការ​ខំប្រឹងប្រែង​របស់​យើង​ដើម្បី​រក្សា​ខ្សែ​បន្ទាត់​គមនាគមន៍​ឲ្យ​នៅ​បើក​ចំហ​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ភាគី​ទាំង២ នឹង​ពិភាក្សា​ការខំប្រឹងប្រែង​បន្ត​ធ្វើ​ឡើង​ដើម្បី​ប្រកួត​ប្រជែង​រវាង​ប្រទេសទាំង២ ហើយ​នឹង​ពិភាក្សា​ពី​ផលប៉ះពាល់​នៃ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែនទៅ​លើ​សន្តិសុខ​ក្នុង​តំបន់​និង​សាកលលោក»៕

លោក Jeff Seldin និង​អ្នក​ស្រី Cindy Saine បាន​ចូលរួម​ចំណែក​ដល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters