មន្រ្តី​​អាមេរិក៖ គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ដែល​បាញ់​ទៅ​ស៊ីរី​ធ្លាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់

នាវា​ចម្បាំង​របស់​រុស្ស៊ី​នៅ​លើ​សមុទ្រ Caspian បាញ់​គ្រាប់​មីស៊ីល​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃ៧ ខែតុលា ឆ្នាំ២០១៥។

កាំជ្រួច​មីស៊ីល​៤​របស់​ប្រទេសរុស្ស៊ី​បាន​បាញ់​ចេញ​ពី​នាវា​ចម្បាំង​នៅ​ក្នុង​សមុទ្រ​ Caspian ​បាន​ធ្លាក់​ចូល​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ដោយ​ធ្លាក់​ជិត​ជាង​ទីដៅ​របស់​វា​ដែល​បាញ់​សំដៅ​ទៅ​ប្រទេស​ស៊ីរី ​នេះ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​សហរដ្ឋ​អាមេរិក​ម្នាក់​ប្រាប់ VOA។ មន្រ្តី​រូប​នោះ​បាន​និយាយ​ថា ​មិន​មាន​ការ​បញ្ជាក់​ពី​ការ​ខូច​ខាត​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ​រុស្ស៊ី​បាន​បង្កើន​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង​តាម​យន្តហោះ។ នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ការ​វាយប្រហារ​កាំជ្រួច​មីស៊ីល​បាន​បាញ់​ចេញ​ពី​សមុទ្រ Caspian ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រតិបត្តិការ​ថ្មើរ​ជើង​ដ៏​សំខាន់​មួយ​របស់​កងទ័ព​ស៊ីរី។

ក្រុម​មន្រ្តី​រុស្ស៊ី​បាន​និយាយ​ថា ​កាំជ្រួច​មីស៊ីល​ចំនួន​២៦​ដើម ​បាន​ត្រូវ​បាញ់ទៅ​លើ​ទីដៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ចំនួន​១១ ដែល​ក្រុម​មន្រ្តីនោះ ​និយាយ​ថា ​បាន​កម្ទេច​ទីដៅ​ទាំង​នោះ​ដោយ​គ្មាន​ជន​ស៊ីវិល​ស្លាប់ និង​រងរបួស​ទេ។

​បន្ទាប់​ពី​ការ​កត់​សម្គាល់​ពី​សកម្មភាព​យោ​ធារបស់​រុស្ស៊ី​រីក​កាន់​តែ​ធំ​ឡើង​ក្នុង​ប្រទេស​ស៊ីរី ​លោក Jens Stoltenberg ​ អគ្គលេខាធិការ​របស់​អង្គការ​អូតង់ ​បាន​និយាយ​ថា ​សម្ព័ន្ធ​មិត្ត​បាន​យល់​ព្រម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បង្កើន​ទ្វេ​ដង​នូវ​ទំហំកងទ័ព​ឆ្លើយ​តប​រហ័ស​របស់​ខ្លួន​ដល់​ចំនួន​៤ម៉ឺននាក់។

អត្ថាធិប្បាយ​របស់​លោក Stoltenberg ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) ​ដែល​អន្តរាគមន៍​របស់​រុស្ស៊ី​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ីរី​បាន​ស្ថិត​នៅ​លើ​វារៈ​នៅ​ក្នុង​ការ​ពិភាក្សា​ក្នុង​ចំណោម​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​អង្គការ​អូតង់។

បញ្ហា​នេះ​កាន់​តែ​មាន​សារៈ​សំខាន់​ខ្លាំង​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា ​យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ទាក់​ទិន​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ស៊ីរី​បាន​រំលោភ​ដែន​អាកាស​ប្រទេស​តួកគី ​ដែល​ជា​សមាជិក​ខាង​យោធា របស់​សម្ព័ន្ធ​មិត្ត​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក៕