មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក លោក Robert Forden ដែលទទួលបានការតែងតាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសន្យានៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិកថា លោកនឹងខិតខំចូលរួមស្តារដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកយល់ថា មិនទាន់មានភាពល្អប្រសើរនៅឡើយ។
លោក Robert Forden គឺជាសមាជិកនៃផ្នែកកិច្ចការបរទេសជាន់ខ្ពស់ ដែលមានឋានៈជាទីប្រឹក្សាយោបល់របស់រដ្ឋមន្ត្រី។ បច្ចុប្បន្ននេះ លោកកំពុងបំពេញតួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យ កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នេះបើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅពេលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក កាលពីសប្តាហ៍មុន លោក Fordenដែលចេះនិយាយភាសាចិន និងភាសាវៀតណាម បានលើកឡើងថា ការធ្វើឱ្យមានភាពចម្រើនទៅមុខលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា គឺជាចំណុចផ្តោតសំខាន់នៃការងាររបស់លោក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា។
លោក Forden បានថ្លែងថា សហរដ្ឋអាមេរិក និងកម្ពុជាទទួលបានផ្លែផ្កាចេញពីកិច្ចការទូតលើវិស័យសំខាន់ជាច្រើន ដូចជាការពង្រឹងការអនុវត្តច្បាប់ កិច្ចគាំពារកុមារ ការអប់រំ សុខភាពសាធារណៈ ប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជា។ លោកបន្តថា ប្រទេសទាំងពីរក៏បន្តធ្វើការរួមគ្នាលើបញ្ហាតំបន់ និងសាកលលោក ដូចជាការកិច្ចសហការពេញលេញជាមួយអាស៊ាន ភាពជាដៃគូមេគង្គ-អាមេរិក ការថ្កោលទោសអំពើ ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយនិងការអនុវត្តទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង។
ក៏ប៉ុន្តែលោកថា មានកិច្ចការជាច្រើនទៀតដែលអាមេរិក និងកម្ពុជាត្រូវធ្វើ ពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ ដែលបានធ្លាក់ចុះ ខណៈមានការយោគយល់តិចតួចលើអ្នករិះគន់រដ្ឋាភិបាល និងបញ្ហាផ្សេងទៀត រួមមាន ការផ្តន្ទាទោសពីបទ«ក្បត់ជាតិ»លើមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ការដាក់ពន្ធនាគារលើពលរដ្ឋខ្មែរអាមេរិកាំង កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍ (NagaWorld)។
លោកថ្លែងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «វាជាការជឿជាក់របស់ខ្ញុំដែលមេដឹកនាំជំនាន់ថ្មីរបស់កម្ពុជាផ្តល់ឱកាសដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិរបស់ប្រទេសកម្ពុជា ក្នុងនោះគឺការតម្រូវឱ្យមានការស្តារឡើងវិញលទិ្ធប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ បញ្ចប់ដំណើរការកាត់ក្តី ដែលជាប់ហេតុផលនយោបាយ និងអនុញ្ញាតឱ្យអង្គភាពព័ត៌មានឯករាជ្យបើកដំណើរការឡើងវិញដោយគ្មានការជ្រៀតជ្រែក»។
លោកបន្ថែមថា៖ «ប្រសិនបើ ទទួលបានការតែងតាំងជាផ្លូវការ ខ្ញុំនឹងធ្វើឱ្យមានការវិវឌ្ឍទៅមុខចំពោះការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពហុបក្ស ដែលជាចំណុចស្នូលផ្តោតសំខាន់នៃការងាររបស់ខ្ញុំ»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា សុំមិនធ្វើការអត្ថាធិប្បាយដោយបានស្នើអ្នកយកព័ត៌មានឱ្យទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរី ដែលមិនបានឆ្លើយតបសំណួរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃអង្គារនេះ។
នៅមុនពេលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា លោក Robert Forden បានបំពេញការងារជាអនុប្រធានបេសកកម្ម និងជាភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក Wesley Holzer បញ្ជាក់វីអូអេឱ្យដឹងតាមសារអ៊ីមែលថា លោក Robert Forden បានទទួលការតែងតាំង ដោយផ្អែកលើភាពជោគជ័យក្នុងនាមជាមេដឹកនាំមួយរូប ដែលមានបទពិសោធន៍ការងារជិត៣ទសវត្សរ៍នៅតំបន់អាស៊ី និងជាអ្នកការទូត ដែលនាំឱ្យគាត់ក្លាយជាបេក្ខជនដែលមានសមត្ថភាពដើម្បីបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា។ លោកបន្ថែមថា សវនាការជ្រើសតាំងកាលពីថ្ងៃទី៧ ខែមីនា នៅមុខគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស គឺជាផ្នែកមួយនៃដំណើរការបញ្ជាក់ការតែងតាំងជាផ្លូវការរបស់លោក Forden។ នេះមានន័យថា បើសិនគណៈកម្មាធិការយល់ព្រមទទួលយកការតែងតាំងលោក Forden ការសម្រេចនោះនឹងត្រូវបញ្ជូនទៅឱ្យព្រឹទ្ធសភាទាំងមូលដើម្បីពិចារណា។
ទាក់ទិនការចាកចេញរបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងថា៖ «ស្ថានទូតនឹងប្រកាសអំពីការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅពេលយើងបានទទួលសេចក្តីលម្អិតបន្ថែមដើម្បីចែករំលែក»។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានកោតសរសើរការងាររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបច្ចុប្បន្នក្នុងការរួមចំណែកការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អនៅកម្ពុជា ហើយអង្គការសង្គមស៊ីវិលនៅបន្តទទួលបានជំនួយពីសហរដ្ឋអាមេរិកដើម្បីអនុវត្តកិច្ចការពាក់ព័ន្ធនឹងការជ្រោមជ្រែងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។ លោកសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីនឹងបន្តបេសកកម្មដែលបានបំពេញដោយឯកអគ្គរដ្ឋទូតដែលនឹងចាកចេញពីតំណែងនាពេលខាងមុខនេះ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីនឹងបន្តការងារនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង នឹងបន្តអាណត្តិការងារបន្តទៅទៀតក្រៅពីការទូត កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្សេងៗហ្នឹង គឺទាក់ទងនឹងការធ្វើឱ្យមានវឌ្ឍនភាពល្អប្រសើរទៅលើលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អសម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍហ្នឹងឱ្យមានលក្ខណៈកាន់តែល្អប្រសើរទៅអនាគត»។
ក្រៅពីការពង្រឹងការគោរពសិទ្ធិមនុស្សនិងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា លោក Robert Forden បានប្រាប់គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកថា សហរដ្ឋអាមេរិកមានក្តីបារម្ភជាខ្លាំងអំពីបំណង លក្ខណៈ និងទំហំការសាងសង់នៅមូលដ្ឋានកងទ័ពជើងទឹករាម ព្រមទាំងតួនាទីរបស់កងទ័ពចិនដែលកំពុងមាននៅក្នុងដំណើរការនេះ ហើយនិងការប្រើប្រាស់នាពេលអនាគតនៅទីតាំងនេះ។ លោកថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រកិច្ចខិតខំទាំងឡាយដើម្បីរក្សានិងការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ។
យ៉ាងណាក៏ដោយ នៅក្នុងបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាមនេះ មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំកម្ពុជាធ្លាប់បញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការតាំងទីទ័ពបរទេសលើទឹកដីរបស់ខ្លួននោះឡើយ៕