សហរដ្ឋ​អាមេរិក​បង្កើត​គម្រោង​ថ្មី​ដើម្បី​ប្រជែង​នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​កិច្ចប្រជុំ​កំពូល G-7 នៅ​ដែនដី Cornwall ប្រទេស​អង់គ្លេស ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​នៅចុង​សប្ដាហ៍​នេះ​អំពី​យន្ដការ​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​សម្រាប់​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ដើម្បី​ប្រជែង​ជាមួយ​នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ប្រទេស​ចិន។

ដោយ​មាន​ការ​គាំទ្រ​ពី​ដៃគូ​នានា​នៅឯ​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ដែនដី Cornwall ប្រទេស​អង់គ្លេស គម្រោង​ផ្ដួចផ្ដើម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា «កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ (B3W)» នេះ បាន​ចាប់ផ្ដើម​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍។

គម្រោង​នេះ​នឹង «ផ្ដោត​លើ​គុណ​តម្លៃ តម្លាភាព និង​និរន្តរភាព»។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋបាល​របស់​លោក Biden។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ទៀត​នៃ​រដ្ឋបាល​របស់​លោក Biden បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ជឿ​ថា យើង​នឹង​អាច​យក​ឈ្នះ​លើ​គម្រោង BRI [របស់​ចិន] បាន តាមរយៈ​ការ​ផ្ដល់​នូវ​ជម្រើស​ប្រកប​ដោយ​គុណភាព​ខ្ពស់ ហើយ​យើង​នឹង​ផ្ដល់​ជម្រើស​នោះ​ដោយ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​អំពី​គំរូ​របស់​យើង​ដែល​ឆ្លុះបញ្ចាំង​ពី​គុណតម្លៃ​រួម​គ្នា​របស់​យើង»។

គម្រោង BRI របស់​ចិន​គឺ​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​លើ​សាកលលោក ដែល​រដ្ឋាភិបាល​ចិន​បាន​ចាប់ផ្ដើម​អនុវត្ត​កាលពី​ឆ្នាំ ២០១៣ ដើម្បី​វិនិយោគ​លើ​ប្រទេស​ជិត ៧០។ គម្រោង​នេះ​គឺ​ជា​ធាតុ​សំខាន់​មួយ​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​ចិន។

មន្ត្រី​សហរដ្ឋ​អាមេរិក​រូប​នោះ​បាន​និយាយ​ថា គម្រោង​ផ្ដួចផ្ដើម B3W នេះ មាន​គោលបំណង​កៀរគរ​វិស័យ​ឯកជន​ឲ្យ​វិនិយោគ​និង​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់​រាប់​សិប​លាន​លាន​ដុល្លារ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ស្រប​តាម​បទដ្ឋាន​ពលកម្ម បរិស្ថាន និង​តម្លាភាព។

ពេលវេលា​មិន​ទាន់​ច្បាស់លាស់

ពេល​វេលា រចនាសម្ព័ន្ធ និង​វិសាលភាព​នៃ​យន្ដការ​ហិរញ្ញប្បទាន ក៏​ដូចជា​ទំហំ​ពិត​ប្រាកដ​នៃ​ថវិកា​ដែល​សហរដ្ឋ​អាមេរិក​នឹង​រួម​ចំណែក គឺ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។

មន្ត្រី​ខាង​លើ​បាន​និយាយ​ថា ក្ដី​សង្ឃឹម​គឺ​ថា ជាមួយ​នឹង​បណ្ដា​ប្រទេស G-7 ដែល​ជា​ដៃគូ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត សហរដ្ឋ​អាមេរិក​នឹង​រួម​ចំណែក​មុន​គេ​នូវ​ថវិកា «រាប់​រយ​ពាន់​លាន​ដុល្លារ» សម្រាប់​ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម «នៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

លោក Robert Daly នាយក​វិទ្យាស្ថាន Kissinger សិក្សា​កិច្ចការ​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក នៃ​មជ្ឈមណ្ឌល Wilson បាន​ថ្លែង​ថា៖ «វា​ជា​ការ​សមហេតុ​សមផល​នៅ​ក្នុង​ការ​សួរ​ថា​តើ​នេះ​គឺ​ជា​ថវិកា​ថ្មី​និង​សមត្ថភាព​ថ្មី​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់ ឬ​ក៏​ជា​ការ​កែច្នៃ​ជា​ថ្មី​នូវ​ធនធាន​ដែល​មាន​ស្រាប់»។

គេ​ដឹង​ថា ដើម្បី​ពង្រីក​ដែន​ឥទ្ធិពល​របស់​ខ្លួន រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ប្រាក់​កម្ចី​តាមរយៈ​គម្រោង BRI របស់​ខ្លួន​ដល់​បណ្ដា​ប្រទេស​នានា​ដើម្បី​អនុវត្ត​គម្រោង​ផ្សេងៗ​ដែល​ស្ថាប័ន​ហិរញ្ញប្បទាន​អន្តរជាតិ​ទាំង​ឡាយ​ចាត់ទុក​ថា​មិន​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​តើ​បណ្ដា​ប្រទេស G-7 ដែល​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក នឹង​គាំទ្រ​លើ​គម្រោង​នេះ​កម្រិត​ណា ដោយសារតែ​ប្រទេស​ខ្លះ​មាន​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ជ្រាលជ្រៅ​ជាមួយ​នឹង​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា