ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានប្រាប់ប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃចន្ទនេះថា វាមាន «សារៈសំខាន់ជាងអ្វីៗទាំងអស់» នៅក្នុងការរក្សាសន្ទុះសម្រាប់ការចរចារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើងបានកំណត់យកចុងឆ្នាំនេះជាកាលបរិច្ឆេទផុតកំណត់សម្រាប់សហរដ្ឋអាមេរិកនៅក្នុងការផ្លាស់ប្ដូរអ្វីដែលខ្លួននិយាយថាជាគោលនយោបាយបែបបង្កជម្លោះ ស្របពេលដែលមានភាពជាប់គាំងនៃកិច្ចប្រឹងប្រែងរបស់ភាគីទាំងពីរដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបង្កើតសន្តិភាពជាយូរអង្វែង។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជួបប្រជុំគ្នា ៣ លើករួចមកហើយតាំងពីខែមិថុនា ឆ្នាំ ២០១៨ មក ប៉ុន្តែគេមិនឃើញមានដំណើរវិវឌ្ឍណាសំខាន់ណាមួយនៅក្នុងការចរចានេះទេ ស្របពេលដែលកូរ៉េខាងជើងទាមទារឲ្យលុបចោលការដាក់ទណ្ឌកម្មអន្តរជាតិមកលើខ្លួនជាមុនសិន។
ប្រទេសចិនគឺជាប្រទេសគាំទ្រផ្នែកការទូត និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសកូរ៉េខាងជើង ហើយលោក Moon Jae In បាននិយាយដោយត្រង់ៗតែម្ដងជាមួយនឹងលោក Xi Jinping អំពីសារៈសំខាន់នៃការចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
អ្នកស្រី Ko Min Jung អ្នកនាំពាក្យរបស់លោក Moon Jae In បានបញ្ជាក់ថា លោក Xi Jinping បាននិយាយថា មនុស្សភាគច្រើនមានការព្រួយបារម្ភអំពីស្ថានការណ៍តានតឹងនៅលើឧបទ្វីបកូរ៉េ។
អ្នកស្រីស្រង់សម្ដីរបស់លោក Xi Jinping ដែលបាននិយាយដូច្នេះថា៖ «ប្រទេសចិន និងកូរ៉េខាងត្បូងគួរតែប្រមូលកម្លាំងដើម្បីជួយប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកឲ្យរក្សានូវសន្ទុះនៃការចរចា»៕