ពួកមន្ត្រីសហរដ្ឋអាមេរិកនិយាយថាកូរ៉េខាងជើងមិនទាន់បានឆ្លើយតបនៅឡើយដល់ការខំប្រឹង ប្រែងរបស់ខ្លួនដើម្បីពិភាក្សាអំពីជោគវាសនារបស់ទាហានអាមេរិកាំងម្នាក់ដែលបានឆ្លងកាត់ព្រំដែនដែលមានការការពារដ៏ខ្លាំងក្លារបស់កូរ៉េ សូម្បីនៅពេលដែលទាហានរូបនោះត្រូវបានបញ្ជាឱ្យវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមនឹងការដាក់វិន័យនឹងត្រូវបណ្តេញចេញពីកងទ័ព។
ពលឯក Travis King បានរត់ចូលក្នុងប្រទេសកូរ៉េខាងជើងខណៈដែលធ្វើដំណើរកម្សាន្តស៊ីវិលមួយនៅតំបន់គ្មានកងទ័ពកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីជននោះត្រូវចាកចេញទៅកាន់បន្ទាយយោធាមួយកន្លែងនៅក្នុងសហរដ្ឋអាមេរិក លោក King អាយុ២៣ឆ្នាំបានត្រូវគេដោះលែងចេញពីគុកមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនបន្ទាប់ពីជាប់គុកជិត២ខែដោយសារការវាយតប់គ្នា។
លោកស្រី Sabrina Singh បាននិយាយនៅឯសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថាកងទ័ពបានចាប់ផ្តើមស៊ើបអង្កេតឧបទ្ទវហេតុនេះ។ លោកស្រីបាននិយាយទៀតថាបុគ្គលិកខាងផ្នែកប្រឆាំងចារកម្មយោធានឹងដឹកនាំការស៊ើបអង្កេតនេះ។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញដែរ លោកស្រី Singh បាននិយាយថាសហរដ្ឋអាមេរិកនៅមិនទាន់មានការទាក់ទងពីកូរ៉េខាងជើងអំពីឧបទ្ទវេហតុនោះហើយបានបញ្ជាក់ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់នាំលោក King ត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។
លោកស្រីបានបន្ថែមទៀតថា៖ «យើងចង់នាំគាត់ត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។ យើងមិនដឹងអំពីស្ថានភាពរបស់លោកទេ។ យើងមិនដឹងថាតើគេឃុំឃាំងគាត់នៅទីណាទេ។ យើងមិនដឹងអំពីស្ថានភាពសុខភាពរបស់គាត់ទេ»។ លោកស្រីនិយាយទៀតថាក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខជាតិនិងក្រសួងការបរទេសកំពុងខិតខំស្វែងរកមធ្យោបាយកាន់តែច្រើនថែមទៀត។
លោកស្រី Singh បានបន្តទៀតថា៖ «នេះជាស្ថានភាពដ៏លំបាកបំផុតមួយ។ ខ្ញុំមិនអាចនឹកស្រមៃអំពីអ្វីដែលក្រុមគ្រួសាររបស់លោកកំពុងឆ្លងកាត់នោះទេ។ អ្វីទាំងអស់ដែលខ្ញុំអាចនិយាយគឺថាអាទិភាពរបស់យើងគឺនាំគាត់ត្រឡប់មកកាន់ប្រទេសវិញ»៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA អ្នកស្រី Anita Powell បានផ្តល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន APនិង Reuters។