ប័ណ្ណសារដ្ឋាន​ជាតិ​អាមេរិក​ថា លោក Trump យក​ឯកសារ​សម្ងាត់​ជាង ៧០០ ទំព័រ​ទៅ​ជាមួយ​ពេល​បញ្ចប់​អាណត្តិ

រូបឯកសារ៖ លោក Donald Trump កាន់ឯកសារ​នៅក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន James Brady នៅក្នុង​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅពេលដែល​លោក​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចាក​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​យក​ទៅ​ជាមួយ​នូវ​ឯកសារ​សម្ងាត់​ចំនួន​ជាង ៧០០ ទំព័រ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ឯកសារ​សម្ងាត់​បំផុត​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ នៅ​ពេល​លោក​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​កាលពី​ខែ​មករា​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង​របស់​ប័ណ្ណសារដ្ឋាន​ជាតិ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃអង្គារ។

ការ​បង្ហាញ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី ១០ ខែ​ឧសភា​របស់​អ្នកស្រី Debra Steidel Wall នាយិកា​ស្ដីទី​នៃ​ប័ណ្ណសារដ្ឋាន​ជាតិ​សហរដ្ឋ​អាមេរិក ដែល​ផ្ញើ​ទៅ​កាន់​លោក Evan Corcoran ដែល​ជា​មេធាវី​មួយ​រូប​របស់​លោក Trump។

អ្នកស្រី Wall បាន​ច្រានចោល​ការ​អះអាង​របស់​ក្រុម​មេធាវី​លោក Trump ដែល​ថា​លោក Trump គួរ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​រក្សា​ទុក​ឯកសារ​សម្ងាត់​ខ្លះ​តាម​រយៈ​បុព្វសិទ្ធិ​របស់​លោក​ជា​ប្រធានាធិបតី​នៅ​ពេល​លោក​កាន់​តំណែង​នៅ​សេតវិមាន។

អ្នកស្រី Wall បាន​បញ្ជាក់​ទៀត​ថា មាន​ការ​ព្រួយ​បារម្ភ​បន្ទាន់​កាន់តែ​ខ្លាំង​នៅ​ផ្នែក​សន្តិសុខ​ជាតិ​នៃ​ក្រសួង​យុត្តិធម៌​អំពី «ការ​ខូចខាត​ដែល​អាច​កើតឡើង ដោយសារតែ​ឯកសារ​ទាំង​នេះ​ត្រូវ​បាន​ប្រមូល​ទុក​និង​បញ្ជូន» ទៅ​កាន់​ភូមិគ្រឹះ Mar-a-Lago របស់​លោក Trump ជាជាង​បញ្ជូន​ទៅ​កាន់​ប័ណ្ណសារដ្ឋាន​ជាតិ​ដូច​ដែល​ច្បាប់​តម្រូវ នៅ​ពេល​ដែល​លោក Trump បញ្ចប់​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី។

លិខិត​របស់​អ្នកស្រី Wall បាន​បញ្ជាក់​ថា​មាន «ឯកសារ​ជាង ១០០ ដែល​មាន​ដាក់​ស្លាក​ថា​ជា​ឯកសារ​សម្ងាត់» នៅ​ក្នុង​ប្រអប់​ចំនួន ១៥ ដែល​រដ្ឋាភិបាល​បាន​ដកហូត​ពី​ភូមិគ្រឹះ​របស់​លោក Trump កាលពី​ខែ​មករា។

លោក Trump និង​ជំនួយការ​របស់​លោក​បាន​ប្រគល់​ឯកសារ​បន្ថែម​ទៀត​ជូន​ប័ណ្ណសារដ្ឋាន​ជាតិ​កាលពី​ខែ​មិថុនា ហើយ​បន្ទាប់​មក ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បាន​បំពេញ​កិច្ចការ​តាម​ដីកា​ឆែកឆេរ​របស់​តុលាការ ដោយ​បាន​រក​ឃើញ​ឯកសារ​ជាង ២០ ប្រអប់​ទៀត​កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា​នៅ​ភូមិគ្រឹះ​របស់​លោក Trump ដែល​ក្នុង​នោះ​ប្រអប់​ចំនួន ១១ មាន​ផ្ទុក​ឯកសារ​សម្ងាត់។

កន្លង​មក លោក Trump បាន​អះអាង​ថា លោក​បាន​ចាត់ទុក​ឯកសារ​ទាំង​នោះ​ថា​លែង​ជា​ឯកសារ​សម្ងាត់​នៅ​មុន​ពេល​ដែល​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២១ ប៉ុន្តែ​ទាំង​លោក Trump និង​ទាំង​ជំនួយការ​របស់​លោក​មិន​បាន​ផ្ដល់​ភស្តុតាង​ជា​លាយលក្ខណ៍​អក្សរ​ណា​មួយ​អំពី​ការ​អះអាង​របស់​លោក​នេះ​ទេ៕