សហរដ្ឋអាមេរិកនិងរុស្ស៊ីខិតកាន់តែជិតទៅដល់ការប្រឡូកនៅក្នុង «ជម្លោះយោធាដោយផ្ទាល់»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់។
លោក Lavrov បានប្រាប់កាសែត Hurriyet Daily News ដោយមិនបានរៀបរាប់លម្អិតថា៖ «នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden ដែលបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងនៃការស្អប់រុស្ស៊ីនៅក្នុងសហរដ្ឋអាមេរិកឈានដល់ការចាត់ទុកដូច្នេះ ប្រទេសរបស់យើង [ទាំងពីរ] ជិតឈានដល់ជម្លោះយោធាដោយផ្ទាល់ហើយ»។
នៅពេលសួរអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយដែលបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump ប្រជែងនឹងបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris លោកLavorvបាននិយាយថាលទ្ធផលនៃការបោះឆ្នោតនោះទោះជាបេក្ខជនណាជាប់ក៏ដោយគឺគ្មានអ្វីប្លែកខ្លាំងសម្រាប់រុស្ស៊ីទេ។
លោកបានបញ្ជាក់ថា៖ «យើងមិនមានទំនោរទៅរកបេក្ខជនណាម្នាក់នោះឡើយ។ នៅពេលដែលលោក Trump កាន់អំណាច រដ្ឋបាលរបស់លោកបានអនុវត្តការដាក់ទណ្ឌកម្មដ៏ច្រើនបំផុតប្រឆាំងនឹងរុស្ស៊ីបើធៀបទៅនឹងអ្នកកាន់តំណែងមុនលោក»។
លោកបានបន្ថែមថា៖ «មិនថានរណាឈ្នះការបោះឆ្នោតនេះទេ យើងមិនគិតថាការប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ីអាចផ្លាស់ប្តូរនោះឡើយ»៕