យោធា​សហរដ្ឋ​អាមេរិក​ថា មិន​ទាន់​មាន​បញ្ជា​ឲ្យ​កាត់​បន្ថយ​ចំនួន​ទាហាន​នៅ​អាហ្វហ្គានីស្ថាន​នៅ​ឡើយ​ទេ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​មិន​ទាន់​បាន​ទទួល​បញ្ជា​ឲ្យ​កាត់​បន្ថយ​ចំនួន​កងទ័ព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ​ទេ ហើយ​ខ្លួន​នៅតែ​រក្សា​ការ​ប្ដូរផ្ដាច់​ពេញ​ទំហឹង​ចំពោះ​ដៃគូ​អាហ្វហ្គានីស្ថាន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​សន្តិសុខ។

ប៉ុន្តែ មន្ត្រី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​ប្រាប់ VOA ថា សហរដ្ឋ​អាមេរិក​មាន​គម្រោង​ដក​ទាហាន​រាប់​ពាន់​នាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​ទទូច​ថា វិធានការ​នេះ​កើត​ចេញ​ពី​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ។

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump មាន​បំណង​ប្រកាស​នៅ​ចុង​សប្ដាហ៍​នេះ​អំពី​គម្រោង​នៅ​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​ទាហាន​អាមេរិកាំង​ដែល​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ប្រហែល ៤ ពាន់​នាក់។

លោក Dawa Khan Meenapal អ្នក​នាំ​ពាក្យ​រង​របស់​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «បញ្ហា​ទាក់ទិន​នឹង​ការ​ដក​ទាហាន ៤ ពាន់​នាក់​នេះ មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​ពួក​តាលីបង់​នោះ​ទេ។ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​រួច​ហើយ»។

ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ប្រាប់ VOA ថា ដំណើរការ​ដក​កង​ទ័ព​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​រយៈពេល ៣ ខែ​ខាង​មុខ​នេះ «អាស្រ័យ​លើ​ស្ថានភាព​ពិត​ជាក់​ស្ដែង» ទោះបីជា​គ្មាន​ការ​បញ្ជាក់​អះអាង​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ភ្លាមៗ​អំពី​ពេលវេលា​នៃ​ការ​ដក​កង​ទ័ព​នេះ​ក៏​ដោយ។

បច្ចុប្បន្ន​នេះ មាន​ទាហាន​អាមេរិកាំង​ប្រហែល ១ ម៉ឺន ៣ ពាន់​នាក់ ឈរ​ជើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​កំពុង​ធ្វើ​បេសកកម្ម​ប្រឆាំង​អំពើ​ភេរវកម្ម បន្ថែម​ទៅ​នឹង​ការ​ផ្ដល់​ប្រឹក្សា និង​ការ​បណ្ដុះបណ្ដាល​ដល់​ទាហាន​អាហ្វហ្គានីស្ថាន​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​តាលីបង់៕