យោធា​អាមេរិក​ថា​ យន្តហោះ​ចម្បាំង​ចិន​បានហោះ​​មកកៀក​​​យន្តហោះ B-52​ ​ចម្ងាយ​តែ​ជាង៣​​​ម៉ែត្រ​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង

យន្តហោះ J-11 របស់សាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្ហាញនៅក្នុងវីដេអូពីយន្តហោះ B-52 របស់កងទ័ពអាកាសអាមេរិកកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

យន្តហោះ​ចម្បាំង​ចិន​មួយ​គ្រឿង​បាន​ហោះ​មក​ជិត​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 មួយ​គ្រឿង​របស់​អាមេរិកដែល​កំពុង​ហោះ​លើសមុទ្រចិន​ខាង​ត្បូង​ ក្នុង​គម្លាត​ប្រហែល​ជាង​៣​ម៉ែត្រ​បន្តិច​ប៉ុណ្ណោះ ដែល​វិះ​តែនឹង​បង្ក​ឱ្យ​មាន​ឧប្បត្តិហេតុ​បុកគ្នាទៅ​ហើយ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​អាមេរិក​ ដោយ​បាន​លើក​ឡើង​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ ខណៈ​ពេល​ដែល​ប្រទេស​ទាំង​២​កំពុង​ប្រជែង​យក​ឥទ្ធិពល​នៅ​ក្នុង​តំបន់នេះ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ទី​បញ្ជា​ការដ្ឋាន​យោធាអាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ បាន​ឱ្យ​ដឹង​ថា​ ក្នុង​ការ​ហោះ​ស្កាត់​ក្នុង​ពេល​យប់​នោះ​ ​ យន្តហោះ​ប្រយុទ្ធចិន​ Shenyang J-11​ ​ដែល​មាន​ម៉ាស៊ីន​២ បាន​ហោះ​មក​ជិត​នឹង​យន្តហោះ​កងទ័ពអាកាស​របស់អាមេរិក​ «ក្នុង​ល្បឿន​ដ៏​លឿន​មិន​អាច​គ្រប់គ្រង​បាន​ ដោយ​ហោះ​ពី​ក្រោម​ ​និង​ចំពីមុខ ក្នុង​ចម្ងាយជាង៣ម៉ែត្រ​បន្តិច​ប៉ុណ្ណោះ​ពី​យន្តហោះ​B-52 ​របស់​អាមេរិក​ ដោយធ្វើឱ្យ​យន្តហោះ​ទាំង​២​ស្ថិត​ក្នុង​ស្ថានភាពដ៏គ្រោះថ្នាក់​អាចបុកគ្នា​បាន​»។​

ក្រសួង​ការបរទេស​ចិន​មិន​បាន​ឆ្លើយ​តបភ្លាម​ៗ​ទៅ​នឹង​ការ​សុំ​អត្ថាធិប្បាយលើរឿង​នេះ​ទេ​ ប៉ុន្តែ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ​ដែល​មាន​ហេតុការណ៍​ស្រដៀង​គ្នា​មួយដែរ​នោះ​ រដ្ឋាភិបាល​ចិន​ បាន​ទាត់​ចោលការប្រឆាំង​តវ៉ា​របស់​អាមេរិក​ ​ដោយ​ទាមទារ​ថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ ត្រូវ​បញ្ឈប់ការ​ហោះហើរ​យន្តហោះ​របស់​ខ្លួន​ លើ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​។​

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​ធ្វើ​សមយុទ្ធ​យោធាជា​ទៀតទាត់នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ និង​បាន​ហោះហើរ​យន្តហោះ​របស់​ខ្លួន​ជា​ប្រចាំនៅ​លើ​តំបន់​នោះ​ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ដែនទឹក​និង​ដែន​អាកាសក្នុង​តំបន់​នេះ​ ជា​ដែន​អន្តរជាតិ។ ​

សហរដ្ឋអាមេរិកនិយាយ​ថា​ ការ​ហោះស្កាត់យន្តហោះ​អាមេរិកបាន​កើត​ឡើង​ជា​ញឹកញាប់​ ដោយ​មានហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ប្រមាណ​១៨០​ដង​មក​ហើយ​ ​ចាប់​តាំង​ពី​រដូវ​ស្លឹក​ឈើជ្រុះក្នុង​ឆ្នាំ​២០២១មក។​

បើទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ហោះ​ស្កាត់យន្តហោះ​អាមេរិក​ក្នុង​ពេល​កន្លង​ទៅ​ មិន​បាន​ជិត​ខ្លាំង​ ដូច​ការ​ហោះ​ស្កាត់កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅនេះ​ទេ ហើយ​ជា​មួយ​នឹង​ភាព​តានតឹង​កំពុង​ឡើង​ខ្ពស់​រួច​ស្រាប់​ទៅ​ហើយ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ ​ការ​បុក​គ្នា​នៃ​យន្តហោះរបស់​ប្រទេស​ទាំង​២​នេះ នឹង​អាច​នាំទៅ​បង្កើត​ឱ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត៕​