ប្រទេសស៊ែប៊ីនិងកូសូវ៉ូ រំពឹងថានឹងធ្វើការចរចាសន្តិភាពនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២ខែកញ្ញាខាងមុខ។ នេះបើយោងតាមការប្រកាសតាមសារ Twitter កាលពីថ្ងៃព្រហស្បតិ៍ របស់លោក Richard Grenell ប្រេសិតពិសេសេរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការចរចាសន្តិភាពរវាងប្រទេសមានជម្លោះនៅទ្វីបអឺរ៉ុបទាំងពីរនេះ។
លោក Grenell មិនបានបញ្ជាក់សេចក្តីលម្អិតអ្វីបន្ថែមទៀតទេ។
នៅរដ្ឋធានី Pristina របស់កូសូវ៉ូ លោកប្រធានាធិបតី Hashim Thaçi ក៏បានចូលទៅ Twitter ដើម្បីស្វាគមន៍ការប្រកាសនេះ ដោយលោកបញ្ជាក់ថា «យើងដឹងគុណចំពោះសហរដ្ឋអាមេរិកដែលប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់»។
ដែនដីកូសូវ៉ូដែលមានប្រជាជនភាគច្រើនជាជនជាតិអាល់បានី បានប្រកាសឯករាជ្យពីប្រទេសស៊ែប៊ីកាលពីឆ្នាំ២០០៨ ក្រោយសង្គ្រាមជាតិសាសន៍ជាច្រើនឆ្នាំ។ មកទល់នឹងពេលនេះស៊ែប៊ីមិនទទួលស្គាល់កូសូវ៉ូជារដ្ឋឯករាជ្យនោះទេ។
ការចរចានៅសេតវិមានដំបូងគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ប៉ុន្តែត្រូវបានពន្យារវិញដោយសារប្រធានាធិបតីកូសូវ៉ូលោក Thaci ត្រូវបានតុលាការក្រុងឡាអេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕