ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកថា​ក្រុម​ភេវរជន​កំពុង​សាកល្បង​កុំព្យូទ័រ​គ្រាប់បែក

បញ្ជីសញ្ញា​ដែល​ហាម​ការ​យកចូល​ឧបករណ៏​នៅ​ច្រក​ចូលបុស្តិ៍ត្រួត​ពិនិត្យ​ជើង​ហោះ​ហើរ​​ Casablanca-New York នៅ​អាកាសយានដ្ឋានអន្តរជាតិ​ Casablanca Mohammed V ទីក្រុង​ Casablanca ប្រទេសម៉ារ៉ុក​កាល​ពីថ្ងៃទី​២៩ មីនា ២០១៧។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ស.រ.អា​និយាយ​ថា​ពួក​ភេវរជន​បានធ្វើ​ការសាកល្បង​គ្រឿង​ផ្ទុះ​ដែល​អាច​លាក់​នៅក្នុង​កុំព្យូទ័រ​ហើយ​អាច​គេច​ផុត​ពីវិធី​ត្រួតពិនិត្យខាង​សន្តិសុខ​ដែល​បានត្រូវ​ប្រើជា​ធម្មតា​នៅ​ឯចំណត​យន្តហោះ។​

បណ្តាញ​ទូរទស្សន៍​អាមេរិកាំង CNN និង​ CBS បានផ្សាយ​ថាមន្ត្រីផ្នែក​ស៊ើបការ​សម្ងាត់​បាន​និយាយ​ប្រាប់​ពួកគេ​ថា​ពួកជន​សកម្មប្រយុទ្ធ​នៃ​អង្គការ al-Qaida និង​អង្គការ​រដ្ឋ​ឥស្លាម​ បានអភិវឌ្ឍ​របៀប​ថ្មីៗ​ដើម្បី​ដាក់គ្រឿង​ផ្ទុះ​នៅ​ក្នុង​ឧបករណ៏​អេឡិចត្រូនិច។​

អង្គការ​ផ្សាយព័ត៌មាន​ទាំង​ពីរ​នេះ​និយាយ​ថា​ការ​ស៊ើបការ​សម្ងាត់ថ្មី​ចែង​ថា​ពួកភេរវជន​ទាំងនេះ​មាន​ឧបករណ៏​ខាង​ការពារ​សន្តិសុខ​ទំនើបនៅ​ឯចំណត​យន្តហោះ​ដើម្បី​ធ្វើការ​ពិសោធន៍​ថា​ថា​តើ​លាក់គ្រឿង​ផ្ទុះ​បែប​ណា​ដើម្បី​អាច​ឱ្យ​ឡើងជិះ​យន្តហោះ​បាន។

អង្គការ​ផ្សាយព័ត៌មាន​ទាំង​ពីរ​នេះ​និយាយ​ថាការ​ស៊ើបការ​សម្ងាត់​បំពេញ​មុខ​នាទី​សំខាន់​មួយ​នៅ​ក្នុង​សេចក្តីសម្រេច​កាល​ពី​ពេលថ្មីៗនេះ​ដោយ​រដ្ឋបាល​ Trump ក្នុង​ការ​ហាមប្រាម​ពួក​អ្នកធ្វើដំណើរ​មកពី​ចំណត​យន្តហោះ១០ក្នុង​ប្រទេស៨ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា​និង​ទ្វីប​អាហ្រ្វិក​មិន​ឱ្យកាន់​កុំព្យូទ័រ​និង​ឧបករណ៏​អេឡិចត្រូនិច​ ឯទៀតៗចូល​ក្នុង​កន្លែង​ពួកអ្នកដំណើរ​អង្គុយ​ក្នុង​យន្តហោះទេ។

កាលពីពេល​មុន​នេះ​ក្នុង​ខែ​នេះ រដ្ឋាភិបាល​ស.រ.អា.បានហាម​ប្រាម​មិនឱ្យ​កាន់ កុំព្យូទ័រ​និង​ឧបករណ៏​អេឡិចត្រូនិច ធំៗ​ឯទៀតៗដោយ​មាន​រួម​បញ្ចូល iPads និងកាម៉េរ៉ាចូល​ទៅ​ក្នុង​កន្លែង​អ្នកដំណើរ​អង្គុយ​ក្នុង​យន្តហោះក្នុង​ជើង​ហោះហើរ​មក​កាន់ស.រ.អា.ពី​អាកាសយានដ្ឋាន១០ក្នុង​ប្រទេស​អេហ្ស៊ីប​

ហ្ស៊កដានី​ កូវ៉ែត កាតា អារ៉ាប៊ី​សាអូឌីត តួកគី និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។​ប្រទេស​អង់គ្លេស​ក៏​បានចាត់វិធានការ​ស្រដៀងគ្នា​នេះ​ដែរ។ ពួក​អ្នកដំណើរក្នុង​ជើង​ហោះហើរ​ទាំង​នោះត្រូវ​ដាក់​ឧបករណ៏​អេឡិចត្រូនិច ធំជាង​ទូរសព្ទដៃនៅ​ក្នុង​ហឹប​របស់ពួកគេ៕