Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានានៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការចូលរួម និងការដឹកនាំយ៉ាងសកម្មពីកម្លាំងកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។
ចាប់ផ្ដើមតាំងពីឆ្នាំ២០០៨មក បេសកកម្ម Pacific Angel បានផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះចំពោះគ្រោះមហន្តរាយដល់ក្រុមយោធាកម្ពុជាផងដែរ។
អ្នកស្រី អ៊ួង យ៉ាន់ អាយុ៦៤ឆ្នាំ មកពីភូមិដាច់ស្រយាលមួយនៃស្រុកកំពង់ត្រាចក្នុងខេត្តកំពត។ បន្ទាប់ពីអង្គុយចាប់លេខរង់ចាំតាំងពីព្រលឹមរហូតដល់ពេលរសៀល ដើម្បីឲ្យពេទ្យកងទ័ពអាកាសសហរដ្ឋអាមេរិកព្យាបាលធ្មេញដែលពុកឈឺអស់ជាច្រើនខែកន្លងមកនោះ អ្នកស្រីប្រាប់ VOA ថា អ្នកស្រីមិនមានលទ្ធភាពទៅព្យាបាលនៅពេទ្យក្នុងស្រុកដែលមានតម្លៃថ្លៃនោះទេ។
«ខ្ញុំឈឺធ្មេញបានគេដកឲ្យ អរគុណណាស់! ទៅពេទ្យធ្មេញនៅក្នុងស្រុកអត់មានលុយ។ អត់មានបានជាមកហ្នឹង។ មនុស្សច្រើនណាស់ ដកធ្មេញ ឈឺភ្នែក មកទាំងអស់»។
សេវាសុខភាពសាធារណៈនៅប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា នៅតែមានលក្ខណៈទន់ខ្សោយ ហើយប្រជាពលរដ្ឋក្រីក្រជាច្រើននៅតាមតំបន់ដាច់ស្រយាលមិនបានទទួលសេវាកម្មព្យាបាលដោយឥតគិតថ្លៃ ឲ្យបានគ្រប់គ្រាន់នោះទេ។

មន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកព្យាបាលជើងដំបៅរបស់កុមារាមួយរូបនៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។
លោក អ៊ុំ ស៊ីណាត អភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុករបស់លោកប្រឈមមុខនឹងជីវភាពលំបាក ក្នុងការបង់ថ្លៃសេវាពេទ្យពេលឈឺ ហើយជាពិសេសពេទ្យនៅក្នុងស្រុកមិនមានសម្ភារៈគ្រប់គ្រាន់ក្នុងការថែទាំអ្នកជំងឺ ដូចបច្ចេកវិទ្យានៅបរទេសនៅឡើយទេ។ លោកបន្ថែមថា ការផ្ដល់ជំនួយមនុស្សធម៌ផ្នែកសុខភាពមានសារៈសំខាន់ក្នុងការលើកស្ទួយសុខុមាលភាពពលរដ្ឋនៅតំបន់ដាច់ស្រយាលនេះ ដែលប្រជាជនជាង៧០ភាគរយប្រកបរបរកសិកម្ម។
«ការព្យាបាលរបស់ពេទ្យសហរដ្ឋអាមេរិកជួយបានច្រើន ដោយសារបងប្អូននៅមានកង្វះខាត ជាអ្នកក្រីក្រ ហើយអ្នកខ្លះមិនមែនថា ក្រីក្រអីដែរ តែគាត់មានជំងឺមិនទាន់ជាដាច់ គាត់ក៏ទៅឲ្យគេមើលថែរក្សាទៅ»។
កងវិស្វកម្មទ័ពអាកាសសហរដ្ឋអាមេរិកជាមួយទាហានកម្ពុជាប្រមាណជាង៨០នាក់ចូលរួមជុសជុលអាគារសិក្សានៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។
លោកវរៈសេនីយ៍ឯក មាស វុត្ថា នាយកការិយាល័យហ្វឹកហ្វឺននៃកងទ័ពជើងអាកាសកម្ពុជា និងជាសហប្រធាននៅបេសកកម្មនេះ និយាយថា នេះជាការសហការរវាងទ័ពសហរដ្ឋអាមេរិក និងកម្ពុជាដ៏សំខាន់មួយក្នុងការចែករំលែកបទពិសោធន៍ និងផ្ដល់ជំនួយដល់ប្រជាពលរដ្ឋនៅតំបន់ក្រីក្រ។
«ផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានៅខេត្តកំពត គឺបានផ្ដល់ការព្យាបាលពិនិត្យសុខភាព ផ្ដល់នូវពេទ្យដែលមានកងទ័ពនៅតំបន់អាស៊ាន យើងផងដែរ ហើយមានពីប្រទេសអូស្រ្តាលី នៅអាស៊ីប៉ាស៊ីហ្វិកក៏មាន។ ទីពីរគឺផ្ដល់ ផលប្រយោជន៍ខាងផ្នែកបច្ចេកវិទ្យា ជាពិសេសផ្នែកខាងសាងសង់។ យើងបាន ផ្លាស់ប្តូរ ហើយក៏បង្កើនចំណេះដឹងដល់កងយោធពលខេមរភូមិន្ទយើងផងដែរ»។
កម្មវិធីមនុស្សធម៌មានសារៈសំខាន់ណាស់ក្នុងការជួយព្យាបាលជំងឺប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាពបង់សេវាថ្លៃពេទ្យឯកជនដ៏ថ្លៃ។ អ្នកស្រី ឈុន មុំ មកពីភូមិស្វាយផ្អែម នៅឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច បានរង់ចាំអស់រយៈពេលពីរថ្ងៃ ចាំទើបបានព្យាបាលជើងចៅរបស់គាត់ដែលមានដំបៅខ្ទុះរលាកយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រីនិយាយថា៖
«លេបថ្នាំអីក៏អត់ជាដែរ។ ពេលឃើញលោកគ្រូមកហ្នេះ ចង់ឲ្យមកអញ្ចឹងទៀត ចង់ឲ្យមកមើលប្រជាជន ឲ្យពិនិត្យចៅសិន។ ពេលមានបញ្ហាអញ្ចឹង ចេះតែមក តែលេបអត់ជា។ អរគុណលោកគ្រូច្រើនណាស់ ពេលមកអញ្ចឹង»។
មានទាហានអាមេរិក និងទាហានកម្ពុជាប្រមាណ៨០នាក់ រួមមួយមានទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ និងមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមគ្នាបំពេញបេសកកម្មនេះ។
លោក Vinh Trinh មេបញ្ជាការបេសកកម្មនៃកម្មវិធី Pacific Angel បានថ្លែងថា បេសកកម្មនេះមិនត្រឹមតែផ្ដល់ជំនួយមនុស្សធម៌ខាងសុខភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាបានជួយពង្រឹងមិត្តភាពរវាងទាហានសហរដ្ឋអាមេរិក និងទាហានកម្ពុជាផងដែរ។
(ចុចមើលកម្រងរូបភាពនៃសកម្មភាពរបស់បេសកកម្ម Pacific Angel នៅខេត្តកំពត)
កម្រងរូបភាព៖ «ប្រជាពលរដ្ឋ២០០០នាក់នៅខេត្តកំពតទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីទាហានអាមេរិក»
ចាប់តាំងពីថ្ងៃទី៦រហូតដល់ថ្ងែទី១៨ ខែមិថុនានេះ ក្រុមយោធាសហរដ្ឋអាមេរិកនិងយោធាវិស្វកម្មកម្ពុជាប្រមាណជាង៨០នាក់ បានធ្វើការជុសជុលសាលាចំនួន ៤ និងមណ្ឌលសុខភាពចំនួន២ នៅក្នុងស្រុកទឹកឈូរ និងស្រុកកំពង់ត្រាច ហើយវានផ្តល់សេវាសុខភាពអន្តរជាតិដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត។
បេសកកម្មនេះលើកកម្ពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងគ្រោះមហន្តរាយ។ ទន្ទឹមនឹងនោះ បេសកកម្មនេះផ្តល់សេវាចាំបាច់ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល។ បេសកកម្ម Pacific Angel លើកទី៤នេះបានជួយព្យាបាលអ្នកជំងឺសរុបជាង២០០០នាក់នៅក្នុងខេត្តកំពត៕