សហរដ្ឋ​អាមេរិក​នៅតែ​នាំមុខ​គេ​លើ​ពិភពលោក​រឿង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩

បុគ្គលិក​ពេទ្យ​​នៅ​មន្ទីរពេទ្យ Fountain Valley Regional Hospital នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​មន្ទីរពទ្យ​នេះ​ដើម្បី​ទាមទារ​ឲ្យ​មាន​ស្ថានភាព​កន្លែង​ធ្វើការ​មាន​សុវត្ថិភាព​ជាង​មុន ក្នុង​អំឡុងពេល​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ក្រុង​ Fountain Valley រដ្ឋ​ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

សហរដ្ឋ​អាមេរិក​នៅតែ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ បើ​យោង​តាម​ប្រព័ន្ធ​ទិន្នន័យ​របស់​កាសែត New York Times ឥឡូវ​នេះ សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ជាង ៥ លាន​ករណី។ ប្រទេស​ប្រេស៊ីល និង​ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី ២ និង​ទី ៣។ ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ជាង ៣ លាន​ករណី ហើយ​ឥណ្ឌា​មាន​ជាង ២ លាន​ករណី។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រទេស​ប្រេស៊ីល​បាន​ក្លាយជា​ប្រទេស​ទី ២ នៅ​លើ​ពិភពលោក​ដែល​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ​លើស ១ សែន​នាក់ បន្ទាប់ពី​សហរដ្ឋ​អាមេរិក ដោយ​សហរដ្ឋ​អាមេរិក​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ១៦២.០០០ នាក់។

ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ កាល​ពី​ខែ​មុន ធ្លាប់​បាន​បញ្ជាក់​ថា លោក​បាន​ធ្វើ «អ្វីៗ​ទាំង​អស់​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស»។ ដោយសារតែ​គ្មាន​ការ​ធ្វើ​តេស្ត​គ្រប់គ្រាន់ អ្នក​ជំនាញ​ថា ចំនួន​ពលរដ្ឋ​ប្រេស៊ីល​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ អាច​ច្រើន​ជាង​ចំនួន​បច្ចុប្បន្ន​រហូត​ដល់​ទៅ ៦ ដង​ឯណោះ។

ចំណែក​ឯ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ វិទ្យាស្ថាន​វាស់វែង និង​វាយ​តម្លៃ​សុខាភិបាល បាន​ចេញផ្សាយ​នូវ​គំរូ​មួយ​ដែល​ព្យាករណ៍​ថា​ នឹង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ​ចំនួន​ជិត ៣ សែន​ករណី នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​ធ្នូ​ខាង​មុខ ប្រសិនបើ​ពលរដ្ឋ​អាមេរិកាំង​មិន​ចាប់ផ្ដើម​ពាក់​ម៉ាស់​ឲ្យ​បាន​ទៀងទាត់​ទេ​នោះ។

លោក​វេជ្ជបណ្ឌិត Christopher Murray នាយក​វិទ្យាស្ថាន​វាស់វែង និង​វាយ​តម្លៃ​សុខាភិបាល​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ប្រសិនបើ​ពលរដ្ឋ​អាមេរិកាំង ៩៥% ចាប់ផ្ដើម​ពាក់​ម៉ាស់ ជីវិត​មនុស្ស​ជាង ៦៦.០០០ នាក់ នឹង​អាច​ជួយ​សង្គ្រោះ​បាន៕