សមាជិក​សភា​អាមេរិក​ផ្តោត​លើ​ការ​ទប់ទល់​នឹង​ការ​ពង្រីក​គ្រាប់​​មីស៊ីល​របស់​ចិន​

រូបឯកសារ៖ រថយន្ត​យោធា​ដែល​មានផ្ទុក​មីស៊ីល​ផ្លោង​បើកកាត់ទីលាន Tiananmen Square អំឡុង​ការហែក្បួន​យោធា​នៅ​ទីក្រុងប៉េកាំង​ថ្ងៃទី​០១​ តុលា ឆ្នាំ២០១៩។

សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​ស្នើ​សេចក្តីព្រាងច្បាប់​ថ្មីមួយ ដែល​នឹង​តម្រូវ​ឱ្យរដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ​រៀបចំយុទ្ធសាស្ត្រ​មួយ​ ដើម្បី​បង្កើត​ «រង្វង់ភ្លើង»(Rings of Fire) ​ នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ដើម្បីទប់ទល់​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់មីស៊ីល​របស់​ចិន​ ដោយ​ធ្វើ​ការងារ​នេះ​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។​

សមាជិក​រដ្ឋសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក​ ​Mike Gallagher នៃ​រដ្ឋ​ Wisconsin និង​សមាជិក​ព្រឹទ្ធសភា​អាមេរិកលោកស្រី Joni Ernst ​នៃ​រដ្ឋ Iowa បានស្នើច្បាប់​ស្តី​ពី​ «រង្វង់ភ្លើង​»​ ឆ្នាំ​២០២៣​ ឬ Rings of Fire Act 2023 កាល​ពី​សុក្រ​កន្លង​ទៅ។

ច្បាប់​នេះក៏​រួមដាក់​បញ្ចូល​ផង​ដែរ​នូវទីតាំង​សំខាន់ៗមួយ​ចំនួន​ ​ ​ដែល​អាច​ដាក់​ប្រព័ន្ធមីស៊ីលអាមេរិកនៅ​ក្នុង​តំបន់​ ការ​ចាត់តាំងមេបញ្ជា​ការ​មួយ​រូប​ ដើម្បី​មើល​ការ​ខុសត្រូវលើ​កិច្ចប្រឹងប្រែង​នេះ​ ​ក៏​ដូច​ជា​បញ្ជី​ឈ្មោះប្រទេស​សម្ព័ន្ធមិត្ត ដែល​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោនអាច​ធ្វើ​ការជាមួយដើម្បី​បង្កើតយុទ្ធសាស្ត្រ​មួយ​នេះ​ឡើង។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ការិយាល័យរបស់​លោក​ Gallagher។

ជា​លក្ខណៈ​ភូមិសាស្ត្រ​ «រង្វង់ភ្លើង»​នេះ​ គឺ​សំដៅ​ទៅ​លើ​តំបន់ ដែល​មាន​ប្រវែង​៤​ម៉ឺនគីឡូម៉ែត្រ ដែល​មាន​រាង​ដូចក្រចក​ជើង​សេះ​ នៅ​ជុំវិញ​មហាសមុទ្រប៉ាស៊ីហ្វិក​ ដែលអាច​ទទួល​រងគ្រោះ​ថ្នាក់​ដោយ​ការ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំភ្លើង។​

អ្នក​តាក់តែង​ច្បាប់​នេះ​ ​ក៏​បាន​សរសេរអត្ថបទ​វិភាគ​ នៅ​ក្នុង​សារព័ត៌មាន​ Fox News ថា​ ប្រទេស​ជប៉ុន​ និង​ហ្វីលីពីន​ ​អាចទទួល​ដាក់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​រយៈចម្ងាយ​ខ្លី​ ​ហើយប្រព័ន្ធ​កាំជ្រួច​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​ អាច​ត្រូវដាក់នៅ​ភាគខាង​ជើង​ប្រទេស​អូស្ត្រាលី​ ប្រទេស​ដែនកោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​និង​រដ្ឋ​ Alaska សហរដ្ឋ​អាមេរិក។​ ​

អត្ថបទ​វិភាគ​នេះ​ ក៏​បាន​លើក​បញ្ជាក់​ផង​ដែរ​ថា​ ​យោង​ទៅ​លើរបាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​នោះ​ ប្រទេស​ចិន​ បាន​អភិវឌ្ឍ ​គ្រាប់មីស៊ីល cruise និង​បាល្លីស្ទិក​ដែលបាញ់ចេញ​ពីដី​ប្រមាណ​ជាង​១.២៥០​គ្រាប់​ ដែល​អាច​បាញ់​ក្នុង​ចម្ងាយ​ពី​រវាង​៥០០​ទៅ​៥.៥០០​គីឡូម៉ែត្រ​ ​ដែល​អាច​បាញ់ដាក់គោលដៅ​អាមេរិកនានា​ នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ផង​ដែរ៕ ​