អ្នក​​តាក់​តែង​ច្បាប់​អាមេរិក​​ប្រឈម​នឹង​សម្ពាធ​ឲ្យ​ទប់​ស្កាត់​អំពើ​ហិង្សា​កាំភ្លើង

  • Michael Bowman

អ្នក​ស្រុក​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ ខណៈ​ដែល​សិស្ស​ទៅ​ដល់​វិទ្យាល័យ Marjory Stoneman Douglas ជា​លើក​ដំបូង​ តាំង​ពី​មាន​ការ​បាញ់​ប្រហារ​រង្គាល នៅ​ក្នុង​ក្រុង Parkland រដ្ឋ Florida កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ពេល​ត្រឡប់​ចូល​ធ្វើការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ក្នុង​សប្តាហ៍​នេះ អ្នក​​តាក់​តែង​ច្បាប់​អាមេរិក ប្រឈម​មុខ​ជាមួយ​​កំណើន​សម្ពាធ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​អំពើ​ហិង្សា​​កាំភ្លើង​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​រង្គាល​ដែល​បណ្តាល​​ឱ្យ​​មនុស្ស​១៧​​នាក់​​ស្លាប់​នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Florida។

ប៉ុន្មាន​ថ្ងៃ​នេះ ​សិស្សានុសិស្ស​អាមេរិក​កំពុង​រួបរួម​គ្នា​ជា​លក្ខណៈ​នយោបាយក្នុង​ទ្រង់ទ្រាយ​មួយដែល​គេ​មិន​ធ្លាប់​ឃើញ​តាំង​ពី​សង្គ្រាម​វៀតណាម ដើម្បី​ទាមទារ​ចំណាត់ការ​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន។

ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ឆ្លើយ​តប​ថា៖

«យើង​នឹង​ចាត់វិធានការសកម្មភាព។​ យើង​នឹង​ធ្វើ​អ្វី​មួយ»។

លោក​ប្រធានាធិបតី Trump កំពុង​ជំរុញ​ឱ្យ​សភា​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ប្រវត្តិរូប​អ្នក​ទិញ​កាំភ្លើង បង្កើន​អាយុ​អប្បបរមា​ដែល​អាច​ទិញ​អាវុធ​ពាក់​កណ្តាល​ស្វ័យប្រវត្តិ (semi-automatic weapons) និង​ហាម​ឃាត់​ឧបករណ៍ជំនួយ​ដែល​ធ្វើ​ឱ្យកាំភ្លើង​វែង​បាញ់​បាន​លឿន​រហ័ស​ជាង​មុន។

​លោក Trump ក៏​កំពុង​ជំរុញ​ឱ្យ​គ្រូ​បង្រៀន ទទួល​ការ​អនុញ្ញាត​ប្រើប្រាស់​អាវុធ​ក្នុង​ថ្នាក់​រៀន ដើម្បី​ប្រយុទ្ធ​ជាមួយ​ខ្មាន់​កាំភ្លើង។ លោក​ថ្លែង​ថា៖

«ហេតុអ្វី​យើង​ការពារ​អាកាសយានដ្ឋាន​របស់​យើង​ ​និង​ធនាគារ​របស់​យើង អាគារ​រដ្ឋាភិបាល​របស់​យើង​ តែ​មិន​ការពារ​សាលា​រៀន​របស់​យើង?​ វា​ដល់​ពេល​ដែល​យើង​ធ្វើ​ឱ្យ​សាលារៀន​របស់​យើង​ក្លាយ​ជា​គោលដៅ​ពិបាក​សម្រាប់​អ្នក​វាយ​ប្រហារ​ហើយ។ យើង​មិន​ត្រូវការ​អ្នក​វាយ​ប្រហារ​ទាំង​នោះ​ក្នុង​សាលារៀន​យើង​នោះ​ទេ។

ក្រុម​អ្នក​ទាមទារ​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​បំពាក់​អាវុធ​ឱ្យ​គ្រូ​បង្រៀន​ ប៉ុន្តែពួក​គេ​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​ថ្មី​ដែល​ដាក់​កំហិត​លើ​កម្មសិទ្ធិកាន់កាប់​កាំភ្លើង​ទេ។ សមាគម​កាំភ្លើង​ជាតិ (NRA) និយាយ​ថា​ សោកនាដកម្ម​នៅ​រដ្ឋ​ Florida នេះ អាច​ត្រូវ​បាន​គេបញ្ចៀស​បាន ប្រសិន​បើ​អាជ្ញាធរ​សហព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​ជា​ច្រើន​ដង​អំពី​ជនសង្ស័យ​ដែល​ជា​ខ្មាន់​កាំភ្លើង​នោះ។

អ្នកស្រី Dana Loesh អ្នក​នាំ​ពាក្យ​សមាគម​កាំភ្លើង​ជាតិ​មាន​ប្រសាសន៍​ថា៖

«មនុស្សវិកល​ចរិត​នេះ​មិន​គួរអាចទិញអាវុធ​ជាតិ​ផ្ទុះ​បាន​ទេ។ មាតាបិតា​ក៏​ជា​សមាជិក​នៃ​សមាគម​កាំភ្លើង​ជាតិដែរ។​ កូន​គេ​កូន​យើង​គឺ​ដូច​គ្នា។​ យើង​មិន​ដែល​ចង់​ឃើញ​រឿង​បែប​នេះ​កើត​ឡើង​ម្តង​ទៀត​ឡើយ»។

វិធានការ​បំពាក់​អាវុធ​ឱ្យ​គ្រូ​បង្រៀន ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​អភិបាល​រដ្ឋ​នានា​ នៃ​គណបក្ស​ទាំង​ពីរ​ ​ហើយ​និង​គ្រូ​បង្រៀន​ខ្លួន​ឯង​ ​មួយ​ចំនួន​ផង​ដែរ។

អ្នកគ្រូ​ Ashley Kurth នៃ​វិទ្យាល័យ​ Stoneman Douglas High School ដែល​កើត​ការ​បាញ់​ប្រហារ​ថ្មីៗ​នេះ បាន​សម្តែង​ការ​បារម្ភ​ថា៖

«ចង់​ឲ្យ​មាន​កាំភ្លើង​នៅ​ក្នុង​ថ្នាក់​រៀន?​ អត់ទេ​.... ខ្មុំ​ចង់​និយាយ​ថា​ ខ្មុំ​មាន​កូន​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​ ហើយ​ខ្មុំ​មិន​មាន​អារម្មណ៍​សុខស្រួល​ទេ បើ​កូន​របស់​ខ្មុំ ទៅ​ថ្នាក់​រៀន​ដែល​អាច​មាន​អាវុធ បើ​ទោះ​ជា​អាវុធ​នោះ ដាក់​គ្រប់​ហើយ​ឬ​នៅ ​ក៏​ដោយ»។

វា​មាន​រយៈ​ពេលជាង​ពីរ​ទសវត្សរ៍ហើយ​តាំង​ពី​សភា​ជាតិ​អាមេរិក​បាន​អនុម័ត​ច្បាប់​សំខាន់​ទាក់ទង​នឹង​អាវុធ​ជាតិ​ផ្ទុះ។​ បទបញ្ញាត្តិ​ឆ្នាំ​១៩៩៤ ដែល​ហាម​ឃាត់​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ បាន​ផុតកំណត់​កាលពី​ឆ្នាំ​២០០៤​ ហើយ​ តាំង​ពី​ពេល​នោះ​មក មាន​ការ​បាញ់​សម្លាប់រង្គាល​ចំនួន៧​ដង​ ដែល​ស្ថិត​ក្នុងចំណោម​ការ​បាញ់​សម្លាប់​រង្គាលទាំង​១០​ ដែល​មាន​ចំនួន​មនុស្ស​ស្លាប់ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។​ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ ជា​ច្រើន​រូប​ចង់​ធ្វើ​ការ​ដាក់​បញ្ចូល​ជា​ថ្មី​នូវ​ការ​ហាម​ឃាត់​អាវុធ​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​នេះ។

​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​លោក TED DEUTCH ថ្លែង​ថា៖

«យើង​បន្ត​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​កាំភ្លើង​លើ​មហាជន ដែល​មាន​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិកប៉ុណ្ណោះ។​ មាន​តែ​នៅ​សហរដ្ឋ​អាមេរិក​ទេ ដែល​អសកម្មភាព​របស់​យើងនឹង​ត្រូវ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ នៅ​ពេល​ដែល​ការ​សម្លាប់​កុមារ​យ៉ាង​ព្រៃ​ផ្សៃ​មួយ​បន្ទាប់​ទៀតកើត​ឡើង​ក្នុង​សាលារៀន​របស់​យើង។ មាន​តែក្នុង​សហរដ្ឋ​អាមេរិកនោះ​ទេ​ ដែល​យើង​បែរ​ជា​សម្រេច​ចិត្ត​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​កាំភ្លើង​ ជា​ជាង​ការពារ​ជីវិត​សិស្សានុសិស្ស​របស់​យើង។

ការ​កំណត់ឲ្យ​ប្រភេទ​អាវុធមួយ​ក្រុម​ទៅជា​ខុស​ច្បាប់​ គឺត្រូវ​បាន​គេ​ជឿ​ថា​មិន​អាច​ឆ្លង​ផុត​សភា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ​ឡើយ។​ ប៉ុន្តែ​សម្ទុះ​នយោបាយកំពុង​ជំរុញឱ្យ​មានសកម្មភាព​ចំពោះ​សំណើ​ផ្សេង​ទៀត​ដែល​មិនសូវ​ចម្រូងចម្រាស។​ សភា​បាន​បរាជ័យ​ក្នុង​ការ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​នានា​ទៅ​លើ​ច្បាប់​កាំភ្លើង បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​រង្គាល​ច្រើន​លើក ដូច​ជានៅ​សាកលវិទ្យាល័យ Virginia Tech ទីក្រុង​ Newtown រដ្ឋ​ Connecticut និង ទី​ក្រុង​ Las Vegas រដ្ឋ​ Nevada។​ ប៉ុន្តែ សិស្សានុសិស្ស​ក្នុង​រដ្ឋ​ Florida និង​គ្រប់​ទី​កន្លែង​កំពុង​តែ​សច្ចា​ថា​ ព្រឹត្តិការណ៍លើក​នេះ​នឹង​ខុស​ពី​លើក​មុនៗ៕

ប្រែ​សម្រួល​ដោយ ចាប ចិត្រា