ដោយគ្មានសញ្ញាបង្ហាញពីការបញ្ចប់វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានោះ ពួកមេដឹកនាំសាសនា និងក្រុមតស៊ូមតិកាលពីថ្ងៃអង្គារបានប្រមូលផ្តុំគ្នាតវ៉ានៅសភាសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធឲ្យសមាជិកសភាសហរដ្ឋអាមេរិកពន្លឿនសណើច្បាប់ ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទាមទារឲ្យមានការគោរពសិទ្ធិជនជាតិភាគតិចកាន់សាសនាឥស្លាមបានល្អជាងមុន។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ឈ្មោះ Karim Yakub ដែលបានរស់នៅក្នុងសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៥មកបាននិយាយថា «សហរដ្ឋអាមេរិកមានអំណាច ហើយមានតែអាមេរិកតែមួយប៉ុណ្ណោះអាចបញ្ឈប់អំពើប្រល័យពូជសាសន៍នេះបាន»។
នាង Shala Shamim មកពីមជ្ឈមណ្ឌលសាសនាឥស្លាមក្នុងរដ្ឋ Marylandបានសួរថា «ហេតុអ្វីបានជាអាមេរិកមិនដាក់សម្ពាធ? បញ្ឈប់ជំនួយទៅប្រទេសមីយ៉ាន់ម៉ា ដាក់ទណ្ឌកម្មលើពួកគេ។ មានវិធីច្រើនណាស់ដើម្បីដាក់សម្ពាធលើពួកគេបាន»។ សំណើនានាស្រដៀងគ្នានេះត្រូវបានស្នើទៅសភានិងព្រឹទ្ធសភាឲ្យកំណត់ជំនួយ
យោធារបស់សហរដ្ឋអាមេរិកទៅរដ្ឋាភិបាលទីក្រុងណៃពិដោ និងដាក់ការរឹតត្បិតលើពាណិជ្ជកម្មនាំចេញគុជនិងត្បូងទទឹមពីប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថាជាប្រទេសមីយ៉ាន់ម៉ា។
សំណើច្បាប់នេះទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាធ្វើការផ្លាស់ប្តូររបបលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញ អនុញ្ញាតឲ្យជនជាតិរ៉ូហ៊ីងយ៉ាដែលរត់ចេញពីផ្ទះសម្បែងអាចត្រឡប់មកផ្ទះរបស់ពួកគេវិញ អនុញ្ញាតឲ្យជំនួយមនុស្សធម៌អាចចូលទៅដល់តំបន់ប៉ះពាល់នានា អនុញ្ញាតឲ្យពួកជនជាតិរ៉ូហ៊ីងយ៉ាចូលជាសញ្ជាតិមីយ៉ាន់ម៉ាពេញលេញ និងត្រូវទទួលខុសត្រូវលើទង្វើបោសសម្អាតជាតិសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នេះ៕