សរអានិងប្រទេសអារ៉ាប់មួយក្រុមបានធ្វើការទម្លាក់គ្រាប់បែកលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាប្រឆាំងនឹងពួកនិយមជ្រុលនេះ។ យោធាសរអាឲ្យដឹងថាប្រទេស បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត ហ្សកដានី និង អេមីរ៉ាតអារ៉ាប់រួម បានចូលរួម ឬ ជួយគាំទ្រដល់ការវាយប្រហារទាំងនោះដែលត្រូវលើបន្ទាយហ្វឹកហាត់ ទីស្នាក់ការក្រុមសកម្មប្រយុទ្ធ ហើយនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ។
អ្នកនាំពាក្យក្រសួងការពារប្រទេសសរអា លោកវរសេនីយ៍ទោ Jeff Pool បានផ្តល់ព័ត៌មានលំអិតដល់វីអូអេអំពីការទម្លាក់គ្រាប់បែកថ្មីទៅលើពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
«ខ្ញុំអាចបញ្ជាក់ថាយោធាសរអា និងកងកម្លាំងនៃប្រទេសជាដៃគូរបស់យើងកំពុងតែចាត់វិធានការណ៍យោធា ប្រឆាំងលើពួកភេរវជន ISIL នៅក្នុងប្រទេសស៊ីរី ដោយការប្រើប្រាស់យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និង កាំជ្រួចម៉ីស៊ីល Tomahawk ដែលវាយប្រហារទៅលើដី»។
ក្រុមមន្ត្រីសរអាបានព្រមានរដ្ឋាភិបាលស៊ីរីកុំឲ្យរារាំងដល់សកម្មភាពតាមដែនអាកាសរបស់សរអា ប្រឆាំងទៅលើពួកសកម្មប្រយុទ្ធ។
សរអាបានវាយប្រហារទៅលើពួករដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ តាមដែនអាកាសចំនួន១៩០លើក ជាស្រេចរួចទៅហើយ។ ការវាយប្រហារទាំងនេះបានជួយកងកម្លាំងអ៊ីរ៉ាក់ និង កងកម្លាំង Kurd រុញច្រានពួកសកម្មប្រយុទ្ធ និយមជ្រុល ឲ្យចេញឆ្ងាយពីតំបន់រស់នៅរបស់ប្រជាជនដែលងាយរងគ្រោះនិងពីកន្លែងរដ្ឋាភិបាល។
កាលពីដើមខែនេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានតាំងចិត្តកម្ចាត់ពួកសកម្មប្រយុទ្ធ ទោះជាពួកនេះស្ថិតនៅទីណាក៏ដោយ ដែលរួមទាំងប្រទេសស៊ីរីផង៕
ប្រែសម្រួលដោយ លោក ប៉ូច រាសី