ក្រសួងយុត្តិធម៌អាមេរិកបានស្នើដល់តុលាការសហព័ន្ធមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញឱ្យបង្ហាញដីកាឆែកឆេរលំនៅស្ថានរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងរដ្ឋ Florida ពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅលើចំណាត់ការរបស់លោក Trump ជុំវិញឯកសាររបស់សេតវិមាន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកMerrick Garland បានប្រកាសការស្នើនេះដោយនិយាយថា លោកជាអ្នកអនុញ្ញាតដោយផ្ទាល់ទៅលើការសម្រេចមួយក្នុងការសុំឱ្យមានដីកាឆែកឆេរ ពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលកំពុងកើតមានទៅលើការចាត់ចែងឯកសារសេតវិមានរបស់លោក Trump នោះ។
នៅក្នុងការធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោកអំពីការចូលឆែកឆេរដ៏ចម្រូងចម្រាស់របស់ទីភ្នាក់ងារស៊ើបអង្កេត FBIអាមេរិកលើលំនៅស្ថានរបស់លោកTrumpនៅកន្លែងលំហែកាយ Mar-A-Lago កាលពីថ្ងៃចន្ទកន្លងទៅនេះ លោក Garland និយាយថា សេចក្តីសម្រេចបង្ហាញពីដីកាឆែកឆេរនិងបង្កាន់ដៃទទួលបានផ្តល់ទៅឱ្យតំណាងរបស់លោក Trumpត្រូវបានស្នើឡើង បន្ទាប់ពីលោកTrump បានថ្លែងជាសាធារណៈនូវការឆែកឆេរនោះ។
ក្រសួងយុត្តិធម៌អាមេរិកបានសម្រេចដាក់សំណើសុំមួយដើម្បីបង្ហាញដីកាឆែកឆេរនិងបង្កាន់ ដៃជាសាធារណៈពាក់ព័ន្ធនឹងការបញ្ជាក់អះអាងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះទៅនឹងការឆែកឆេរលំនៅស្ថានរបស់លោក ក៏ដូចជាស្ថានភាពនានាដែលកើតមានឡើងជុំវិញរឿងនេះនិងការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជនទៅលើបញ្ហានេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក Garland នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍។
នៅក្នុងការឆែកឆេរនោះ ទីភ្នាក់ងារស៊ើបអង្កេតFBIបានប្រមូលឯកសារជាច្រើនកេសពាក់ព័ន្ធនឹងលោក Trump ក្នុងរយៈពេលនៃការកាន់អំណាចរបស់លោកជាប្រធានាធិបតីអាមេរិក។ ការឆែកឆេរនេះត្រូវបានថ្កោលទោសដោយក្រុមសមាជិកគណបក្សសាធារណរដ្ឋថាជាការប្រឆាំងមួយរបស់ក្រសួងយុត្តិធម៌ទៅលើអតីតប្រធានាធិបតីអាមេរិករូបនេះ។
ដោយមានការលើកឡើងថា ក្រសួងយុត្តិធម៌យកចិត្តទុកដាក់ជាខ្លាំងទៅលើរឿងនេះ លោក Garland បញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់មិនមានជម្រើសណាផ្សេងក្រៅពីនោះឡើយ។
លោកGarlandក៏បានធ្វើការវាយបកទៅលើការរិះគន់របស់ក្រុមសមាជិកគណបក្សសាធារណរដ្ឋលើក្រសួងយុត្តិធម៌អាមេរិកនិងទីភ្នាក់ងារស៊ើបង្កេតFBIដែលបានចោទប្រកាន់ថា ការឆែកឆេរលំនៅស្ថានរបស់អតីតប្រធានាធិបតីអាមេរិរូបនេះ ត្រូវបានធ្វើឡើងដោយមានចេតនាខាងនយោបាយ។
លោក Garland និយាយថា៖ «ខ្ញុំមិនអាចនៅស្ងៀមដោយមិននិយាយនោះឡើយ នៅពេលដែលសេចក្តីសុចរិតកំពុងត្រូវបានគេវាយប្រហារនោះ។ បុគ្គលិកដែលជាស្ត្រីនិងបុរសនៃស្ថាប័នស៊ើបអង្គេតFBI និងក្រសួងយុត្តិធម៌បានធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងជាមន្ត្រីរដ្ឋការសាធារណៈដែលមានទឹកចិត្តស្នេហាជាតិ»៕