គណៈ​វិនិច្ឆ័យ​តុលាការ​បន្ត​ពិគ្រោះ​គ្នា​លើ​សំណុំ​រឿង​នៃ​ការ​ស្លាប់​របស់​លោក George Floyd

រូបថតលោក Derek Chauvin មន្រ្តី​ប៉ូលិស​ប្រចាំទីក្រុង Minneapolis ត្រូវបានដកស្រង់ចេញពីវីដេអូ ខណៈលោកកំពុងស្តាប់មេធាវីការពារក្តីលោកធ្វើអំណះអំណាង នៅក្នុងសវនាការជំនុំជម្រះក្តីរូបលោក ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១។

គណៈវិនិច្ឆ័យ​តុលាការ​បាន​បន្ត​ការ​ពិគ្រោះ​យោបល់​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​លើ​សំណុំ​រឿង​មួយ ដែល​នៅ​ក្នុង​នោះ អតីត​មន្ត្រី​ប៉ូលិស​លោក Derek Chauvin ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​លោក George Floyd។

បន្ទាប់ពី​បាន​ស្ដាប់​អំណះអំណាង​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សមាជិក​គណៈ​វិនិច្ឆ័យ​តុលាការ​ទាំង ១២ នាក់ បាន​ជួប​ពិគ្រោះ​យោបល់​គ្នា​អស់​រយៈពេល ៤ ម៉ោង ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​អំពី​សាលក្រម​របស់​តុលាការ។

នៅ​ក្នុង​ការ​បង្ហាញ​អំណះអំណាង​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​លោក Chauvin ថា​បាន​សម្លាប់​លោក Floyd ដោយ​ការ​សង្កត់​ជង្គង់​លើ​ក​លោក Floyd អស់​ជាង ៩ នាទី។

រី​ឯ​មេធាវី​របស់​លោក Chauvin បាន​អះអាង​ថា មួយ​ផ្នែក​នៃ​ការ​ស្លាប់​របស់​លោក Floyd គឺ​ដោយសារ​ការ​ប្រើ​ថ្នាំ​ញៀន និង​ថា លោក Chauvin បាន​ធ្វើ​តាម​ការ​ហ្វឹកហាត់​របស់​ប៉ូលិស​នៅ​ពេល​ដែល​លោក​ចាប់ខ្លួន​លោក Floyd កាលពី​ខែ​ឧសភា ឆ្នាំ​មុន នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota ក្រោម​ការ​សង្ស័យ​ថា លោក Floyd ប្រើ​ក្រដាស​ប្រាក់ ២០ ដុល្លារ​ក្លែងក្លាយ។

លោក​រដ្ឋអាជ្ញា Steve Schleicher បាន​ថ្លែង​នៅ​ក្នុង​អំណះអំណាង​បិទ​បញ្ចប់​ថា៖ «លោក Floyd ត្រូវ​បាន​គេ​សង្កត់​ជង្គង់​លើ​ក​របស់​លោក​ជាប់»។ លោក Chauvin បាន​សង្កត់​ជង្គង់​លើ​ក​លោក Floyd អស់ ៩ នាទី ២៩ វិនាទី។

ក៏ប៉ុន្តែ លោក Eric Nelson ដែល​ជា​មេធាវី​ការពារ​លោក Chauvin បាន​ថ្លែង​នៅ​ក្នុង​អំណះអំណាង​បិទ​បញ្ចប់​ថា លោក Chauvin បាន​ធ្វើ​តាម​ការ​ហ្វឹកហាត់​របស់​ប៉ូលិស​ដើម្បី​បង្ក្រាប​លោក Floyd កុំ​ឲ្យ​រើ បន្ទាប់ពី​លោក Floyd បាន​ជម្នះ​រឹង​ទទឹង​ពី​ដំបូង នៅ​ពេល​ប៉ូលិស​ព្យាយាម​ដាក់​លោក​ចូល​ក្នុង​រថយន្ត​ប៉ូលិស។

លោក Nelson និយាយ​ថា៖ «គ្មាន​បទ​ឧក្រិដ្ឋ​ណា​មួយ​ធ្វើ​ឡើង​ទេ ប្រសិនបើ​សកម្មភាព​នោះ​គឺ​ជា​ការ​ប្រើ​កម្លាំង​ដែល​មាន​ការ​អនុញ្ញាត»៕