ចៅក្រម​សហរដ្ឋ​អាមេរិក​ពន្យារ​ពេល​ចាត់តាំង​អ្នក​ជំនាញ​ពិសេស​ដើម្បី​ពិនិត្យ​ឯកសារ​របស់​លោក Trump

រូបឯកសារ៖ អតីត​ប្រធានាធិបតី​ Donald Trump ចាកចេញ​ពី​អគារ Trump Tower នៅ​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​សីហា ឆ្នាំ​២០២២។

ចៅក្រម​តុលាការ​សហព័ន្ធ​ម្នាក់ កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​បាន​ពន្យារ​ពេល​ការសម្រេច​លើ​សំណើ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ដែល​សុំ​ឱ្យ​មាន​ការពិនិត្យលើ​ឯកសារ​ ដែល​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI បាន​រឹបអូស​យក​ពី​គេហដ្ឋាន​របស់​លោក​ ក្នុង​រដ្ឋ Florida ក្នុង​អំឡុងពេល​នៃ​ការ​ឆែកឆេរផ្ទះ​លោក​កាលពី​ខែមុន។

កាល​ពី​សប្តាហ៍​មុន មេធាវី​របស់​លោក Trump បាន​ស្នើ​ឱ្យ​ចៅក្រម​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​ Florida លោកស្រី Aileen Cannon តែងតាំង​អ្នកជំនាញ​ពិសេស​ម្នាក់ ដើម្បី​សម្រេច​ថា​ តើ​ក្នុង​ចំណោម​ឯកសារ​ដែល​ភ្នាក់ងារ FBI រឹបអូស​យក​ទាំងនោះ មាន​ឯកសារ​ណាខ្លះ ជា​ឯកសារ​ដែល​មាន​អភ័យឯកសិទ្ធិ​ដែល​គួរតែត្រូវ​ប្រគល់​ជូន​ដល់​លោក Trump ​វិញនោះ។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ប្រឆាំង​ជំទាស់​នឹង​សំណើ​នេះ ដោយ​និយាយ​ថា​ខ្លួន​បាន​ធ្វើការ​ពិនិត្យ​របស់​ខ្លួន​លើ​ឯកសារ​ទាំងនោះ​រួចរាល់​អស់ហើយ ហើយ​ថា ការតែងតាំង​អ្នកជំនាញ​ពិសេស​ណា​ម្នាក់ នឹង​រារាំង​ដល់ការ​ស៊ើបអង្កេត​លើ​ការ​រក្សា​ទុក​ឯកសារ​សម្ងាត់​របស់​លោក Trump។ អ្នកជំនាញ​ពិសេស​ជា​មនុស្ស​ឯករាជ្យ​ ដែល​មិន​ជាប់ពាក់ព័ន្ធ​ជាមួយ​ភាគី​ទាំងសងខាង​ក្នុងរឿង​ក្តីក្តាំ ដែលត្រូវ​តែងតាំង​ដោយតុលាការ​នៅក្នុង​ករណី​ពិសេស​ ដើម្បី​ពិនិត្យ​មើល​ឯកសារ​ដែល​អាច​ស្ថិតនៅក្រោម​អភ័យ​ឯកសិទ្ធិ​រវាង​មេធាវី និង​កូនក្តី ឬ អភ័យឯកសិទ្ធិ​ផ្សេងទៀត ដើម្បី​ធានាថា​ក្រុមអ្នកស៊ើបអង្កេត មិន​មើល​ឯកសារ​ទាំងនោះ​ដោយ​មិន​ត្រឹមត្រូវ​នោះ​ឡើយ។

លោកស្រី Cannon កាល​ពី​សប្តាហ៍​មុន​បាន​បង្ហើប​ថា​ លោកស្រី​មាន​ទំនោរ​ចង់​អនុញ្ញាត​តាម​សំណើ​របស់​លោក Trump ក៏ប៉ុន្តែ​ក្រោយ​ពី​បាន​ស្តាប់​ការ​ជជែក​ទាញ​ហេតុផល​របស់​ក្រុម​មេធាវី​លោក Trump និង ក្រុម​មេធាវី​ដើមចោទ​របស់​រដ្ឋាភិបាល​រួចមក លោកស្រី​បាន​ថ្លែង​ថា​ លោកស្រី​នឹង​ធ្វើ​សេចក្តី​សម្រេច «នៅ​ពេល​សមស្រប​មួយ‍»។

អ្វី​ដែល​នាំ​ឱ្យ​មានការ​ខ្វែងគំនិត​គ្នា​នោះ គឺ​ឯកសារ​សម្ងាត់​ជាង១០០ ដែល​ត្រូវ​បាន​រកឃើញ ក្នុង​អំឡុងពេល​ឆែកឆេរ​របស់​ភ្នាក់ងារ FBI ក្នុង​គេហដ្ឋាន​របស់​លោក Trump ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​ចង់ដឹង​ថា​ តើ​ឯកសារ​របស់​រដ្ឋាភិបាល​បាន​ស្ថិតនៅ​ទីនោះ​ដោយ​របៀប​ណា​នោះ។

នៅ​ក្រោម​ច្បាប់​ចែង​ពី​ឯកសារ​ប្រធានាធិបតី លោក Trump ត្រូវ​ប្រគល់​ឯកសារសេតវិមានទាំងអស់​របស់​លោក​ ទៅ​ឱ្យ​បណ្ណសារដ្ឋានជាតិ នៅ​ពេល​ដែល​លោក​ចប់​តំណែង​ជាប្រធានាធិបតី​ ​កាល​ពី​ខែមករា​ឆ្នាំ២០២១៕