អ្នក​កាសែត​អាមេរិក​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រុស្ស៊ី​៤០០​ថ្ងៃ

រូបឯកសារ៖ អ្នកសារព័ត៌មាន​ឱ្យ​ទីភ្នាក់ងារ The Wall Street Journal លោក Evan Gershkovich ឈរ​នៅក្នុង​ទូ​កញ្ចក់​ក្នុង​បន្ទប់​សវនាការ​ ក្នុងទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

៤០០ ថ្ងៃ​គឺ​ជា​ពេល​ដែល​អ្នក​កាសែត​អាមេរិក​លោក​ Evan Gershkovich ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​រុស្ស៊ី។​

ទីភ្នាក់ងារ​សេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី​បាន​ចាប់​លោក​ឃុំឃាំង​ ​ខណៈ​លោក​កំពុង​បំពេញ​ភារកិច្ច​ឱ្យ​កាសែត​អាមេរិក​ The Wall Street Journal ​នៅទីក្រុង Yekaterinburg ​ហើយ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ចារកម្ម។​

កាសែត​និង​រដ្ឋាភិបាល​អាមេរិក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​យក​ព័ត៌មាន​ដែល​ដែល​ឥឡូវ​នេះ​មាន​អាយុ​៣២​ឆ្នាំ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ​២ ​ខែ​ឧសភា​ ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​មុន​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​អ្នកស្រី​ Linda Thomas-Greenfield ​បាន​និយាយ​ថា​ អ្នក​សារ​ព័ត៌មាន​ ជា​ញឹកញាប់​ត្រូវ​បាន​ឃុំខ្លួន​ដោយ​មិនត្រឹម​ត្រួវ​ ​ដោយ​គ្រាន់​តែ​ពួកគេ​«និយាយ​ការ​ពិត»។​

អ្នកស្រី​បាន​និយាយ​ថា៖ ​«នោះ​ជា​ឧក្រិដ្ឋកម្ម​របស់​ Evan។ ​គាត់​គ្រាន់​តែ​រាយការណ៍​រឿង​ពិត​អំពី​សង្គ្រាម​ខុសច្បាប់​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន»។​

រុស្ស៊ី​បាន​ចាប់​ផ្តើម​ការ​លុក​លុយ​ចូល​ប្រទេស​អ៊ុយក្រែន​ក្នុង​ខែ​មីនា​ឆ្នាំ ២០២២។ ​លោក​ Gershkovich​ ត្រូវ​បាន​ចាប់​ខ្លួន​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​របៀប​ដែល​សង្រ្គាម​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​រុស្ស៊ី។​

អ្នកស្រី ​Thomas-Greenfield ​បាន​និយាយ​ថា​ រដ្ឋបាល​លោក ​Biden​ នឹង​មិន​នៅ​ស្ងៀម​ទេ ​រហូត​ដល់​លោក​ Gershkovich ​បាន​ជួប​ជុំ​ជាមួយ​គ្រួសារ​របស់​គាត់​វិញ។ ​ឪពុក​ម្តាយ ​និង​បងប្អូន​ស្រី​របស់​គាត់​ មាន​វត្តមាន​នៅ​ក្នុង​ពិធី​នេះ។​

អ្នកស្រី Mariana Katzarova​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​សហព័ន្ធ​រុស្ស៊ី​ បាន​ប្រាប់​កម្មវិធី​នេះ​តាម​វីដេអូ​ពី​ប្រទេស​ប៊ុលហ្គារី​ថា​ អ្នកស្រី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែល ​លោក​ Gershkovich​ ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ដោយ​គ្មាន​សវនាការ​ឬ​ភស្តុតាង។​

អ្នកស្រី​បាន​និយាយ​ថា៖ «ការ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​លោក​ Evan​ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក​ ក៏ដូច​ជា​សុវត្ថិភាព​របស់​អ្នក​កាសែត​បរទេស​ទាំងអស់​ដែល​ប្រកប​វិជ្ជាជីវៈ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី»។​

នៅខែ​តុលា ​ឆ្នាំ ២០២៣ ​ អ្នកស្រី ​Alsu Kurmasheva ​អាយុ ៤៧ ​ឆ្នាំ​ មាន​សញ្ជាតិ​ពីរ​អាមេរិក​និង​រុស្ស៊ី​ ដែល​ធ្វើការ​ឱ្យ​បណ្តាញ​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុសេរីភាព ហៅ​កាត់​ថា RFE/RL ​ក៏ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី​ផង​ដែរ។​ អ្នកស្រី​នៅតែ​ជាប់​ពន្ធនាគារ​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​មិន​ចុះ​ឈ្មោះ​ជា​អ្វីដែល​រុស្ស៊ី​ថា​ ជា​ភ្នាក់ងារ​បរទេស ​ហើយ​ផ្សព្វផ្សាយ​អ្វី​ដែល ​Moscow ​ចាត់​ទុក​ថា​ជា​ព័ត៌មាន​មិន​ពិត​អំពី​យោធា​រុស្ស៊ី។ ​ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស​ អ្នកស្រី​អាច​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៥ ​ឆ្នាំ។​

អ្នកស្រី ​Kurmasheva ​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដើម្បី​ទៅ​សួរ​សុខទុក្ខ​ម្តាយ​ចាស់​និង​ឈឺ។​

អ្នកស្រី Mariana Katzarova​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​សហព័ន្ធ​រុស្ស៊ីបាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី​មាន​អត្រា​ផ្តន្ទាទោស​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក។

​អ្នកស្រី​បាន​និយាយ​ថា៖ «នៅ​បើ​ត្រូវ​បាន​ចោទ​ប្រកាន់​ហើយ​ នៅ​ក្នុង​តុលាការ​រុស្ស៊ី​ភាគ​ច្រើន​បំផុត​អ្នក​អាច​ត្រូវ​តុលាការ​រក​ឃើញ​ថា​ មាន​ពិរុទ្ធ​ភាព ​ដែលបង្កើន​ការ​ព្រួយ​បារម្ភ​អំពី​អយុត្តិធម៌​ និង​ឯករាជ្យ​ភាព​របស់​តុលាការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​អំពី​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ក្នុង​ការ​កាត់ក្តី​ដោយ​យុត្តិធម៌»។​

លោក ​David Rohde អ្នក​កាសែត​ជនជាតិ​អាមេរិក​ដែល​ត្រូវ​បាន​ចាប់​ពង្រាត់​ដោយ​ពួក​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ ២០០៨​ ប៉ុន្តែ​បាន​រត់​គេច​ខ្លួន​ បន្ទាប់ពី​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ប្រាំពីរ​ខែ​ បាន​ប្រាប់​កម្មវិធី​ប្រមូល​ផ្តុំ​ថា​ ប្រភព​នៃ​ការ​វាយ​ប្រហារ​លើ​អ្នក​កាសែត​បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។​

លោក​បាន​និយាយ​ថា៖ «មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំងទាក់ទង​កន្លែង​ឃុំឃាំង​ ហើយ​នៅ​កន្លែង​ខ្លះការ​សម្លាប់​អ្នក​កាសែត​បាន​ផ្លាស់ប្តូរ​ពី​ក្រុម​ជ្រុល​និយម ​និង​ក្រុម​ឧក្រិដ្ឋ​ជន​ ទៅ​ជា​រដ្ឋ​មួយ​ចំនួន​ធំ​ជាអ្នក​ប្រព្រឹត្ត»។​

អ្នកស្រី​ Danielle Gershkovich ​បាន​និយាយ​អំពី​ការ​ឃុំឃាំង​បងប្អូន​ប្រុស​របស់​អ្នកស្រី​ថា៖ ​«វាមាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ ​ហើយ​ជា​រៀង​រាល់​ថ្ងៃ​មួយ​ថ្ងៃៗ​យូរ​ណាស់។​ យើង​ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក​គាត់​មក​ផ្ទះ​ឥឡូវ​នេះ»៕

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ