សហរដ្ឋអាមេរិកស្វាគមន៍ឆ្នាំថ្មី២០១៥ដោយមានការប្រារឮពិធីតាមប្រពៃណីនៅទីលានTimes Square ក្នុងទីក្រុងញូយ៉ក (New York)។
មនុស្សម្នាសប្បាយរីករាយរាប់សែននាក់ បានប្រមូលផ្តុំគ្នានៅកន្លែងទេសចរណ៍ដ៏ល្បីល្បាញរបស់ទីក្រុងដើម្បីមើលលោក Bill de Blasio អភិបាលក្រុង និងគ្រួសាររបស់លោកចុចប្រដាប់បញ្ជារដើម្បីទម្លាក់ដុំគ្រឹស្តាល់ភ្លឺរាងមូលដ៏ធំមួយមួយនាទីមុនពាក់កណ្តាលអាធាត្រ។ពិធីចូលឆ្នាំថ្មី ក៏បានធ្វើឡើងនៅទីក្រុងជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិកទៅតាមតំបន់ដែលមានពេលវេលាខុសៗគ្នា។
ប៉ុន្មានម៉ោងមុននៅតាមឆ្នេរនៃមហាសមុទ្រអាត្លង់ទិច(Atlantic) ប្រជាជនទីក្រុងឡុងដ៍ បានប្រមូលផ្តុំគ្នានៅតាមមាត់ទន្លេថេម (Thames) ដើម្បីមើលការបាញ់កាំជ្រួចដ៏អស្ចារ្យ នៅពីលើវិមានរដ្ឋសភា ដែលមាននាឡិកា ប៊ិក ប៊េន (Big Ben) ជានិមិត្តរូបនៅពេលពាក់កណ្តាលអាធាត្រ។
នៅត្រើយប៉ែកខាងត្បូង ទីក្រុងរីយ៉ូ ឌី ជេនេរ៉ូ (Rio de Janeiro) ដែលជាគោលដៅទេសចរណ៍នៅប្រទេសប្រេហ្ស៊ីលបានរំពឹងទុកថា ប្រជាជនសប្បាយរីករាយជាងមួយលាននាក់នឹងមកប្រមូលផ្តុំនៅឆ្នេរសមុទ្រកូប៉ាកាបាណា (Copacabana) ដើម្បីទស្សនាការប្រគុំតន្រ្តីចំនួនបីកន្លែង។
នៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ នាឡិកាដ៏ធំមួយនៅប៉ម Sky Tower នៃទីក្រុង អាកឡេន (Auckland) បានរាប់ថយក្រោយនូវចំនួននាទីរហូតដល់ម៉ោងចូលឆ្នាំថ្មី មុនពេលកាំជ្រួច បានចាប់ផ្តើមបាញ់ចេញពីប៉មទៅលើមេឃនៅពេលយប់។
នៅទីក្រុងស៊ីដនី (Sydney) ប្រជាជនអបអរសាទរជាង១លាន៥សែននាក់ បានផ្តុំគ្នានៅក្រោមអាកាសធាតុរដូវក្តៅនៅតាមបណ្តោយឆ្នេរកំពង់ផែទីក្រុងដើម្បីទស្សនាកាំជ្រួចដ៏អស្ចារ្យដែលមានរាងដើមត្នោតពណ៌មាសនិងពណ៌ប្រាក់។កាំជ្រួចគ្រប់ពណ៌ភ្លឺត្រចះត្រចង់ ក៏ត្រូវបានបាញ់នៅពេញមេឃលើកំពង់ផែ វីចតូរៀ (Victoria) នៅកោះហុងកុងផងដែរ៕