អ្នកការទូត​អាមេរិក៖ អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ទៅ​កូរ៉េ​ខាងជើង

  • Reuters

លោក Takeo Mori (កណ្ដាល) អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Choi Jong-kun (ឆ្វេង) អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង អ្នកស្រី Wendy Sherman (ស្ដាំ) អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ថត​រូប​ជុំ​គ្នា​នៅ​ក្នុង​ជំនួប​ត្រី​ភាគី​នៅ​ទីក្រុង​តូក្យូ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង កំពុង​ផ្ញើ​សារ​យ៉ាង​ច្បាស់​មួយ​ដោយមាន​ការ សម្រប​សម្រួល​គ្នា​របស់​ខ្លួន​អំពី​គោលនយោបាយ​ទៅ​កាន់​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោកស្រី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ថា «ការសម្រប​សម្រួល​ដ៏ជិតស្និទ្ធ​នេះ បញ្ជូន​សារ​យ៉ាង​ច្បាស់​ដល់​កូរ៉េ​ខាង​ជើង​ថា យើង​ប្រកៀក​ស្មា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

ការពិភាក្សា​ត្រី​ភាគីនោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បើ​ទោះ​ជា​ទំនាក់​ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​មាន​ភាព​ល្អក់​កករ ដោយសារ​តែ​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កូរ៉េ នៅ​មុន​ និង​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​លោក​លើក​ទីពីរ​ក៏ដោយ។

អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Takeo Mori បាន​ថ្លែង​ថា សហប្រតិបត្តិការ​ត្រី​ភាគី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

មាន​ដំណើរ​វិវត្ត​ទៅ​មុខ​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​ការ​លុបបំបាត់​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាងជើង ដោយសារ​តែ​លោក Kim បាន​បដិសេធ​មិន​ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​នោះ ប៉ុន្តែ​លោក​បាន​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ​ទាំង​នោះ។

លោក Choi Jung Kun អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បាន​ពណ៌នា​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ថា​ជា «ចំណាត់ការ​វែងឆ្ងាយ»មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់។

លោក​ស្រី Sherman ថ្លែង​ថា សហរដ្ឋ​អាមេរិក«ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ពិភាក្សា​ជាមួយ​នឹង​កូរ៉េខាងជើង ហើយ​ពួកគេ​ក៏​បាន​ដឹង​ពី​រឿង​នេះ​ដែរ»៕