ការជម្លៀសជនជាតិបរទេសជាលើកដំបូងចេញពីប្រទេសចិនបានចាប់​ផ្តើម​​

រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសការពារនៅស្ថានីយរថភ្លើងនៅក្រុងប៉េកាំងអំឡុងពេលបុណ្យចូលឆ្នាំចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ការ​ជម្លៀស​ជនជាតិ​បរទេស​ជាលើក​ដំបូង​ចេញពី​ប្រទេស​ចិនបាន​កើតឡើង​នៅថ្ងៃ​ពុធនេះ​ ខណៈចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណាបាន​កើន​ឡើង​ដល់​មនុស្ស​ចំនួន​១៣២​នាក់​ ​ហើយ​ប្រទេស​ជា​ច្រើន​កំពុង​ដាក់​បំរាម​លើ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន។ ​

យន្តហោះ​មួយ​គ្រឿង​បាន​ដឹក​ជនជាតិ​ជប៉ុន​ចំនួន​២០៦​នាក់​ពីទីក្រុង​វូហាន​ដែល​ជា​ប្រភព​មេរោគ​ទៅ​កាន់​អាកាសយានដ្ឋាន​ Haneda ​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃពុធ​នេះ។ ​អ្នក​ដំណើរ​ ៤ ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​ពីមាន​ការត្អូញ​ត្អែរ​ថា ​មាន​អាការៈ​ឈឺ។​

មាន​បុគ្គលិក​ពេទ្យ​បាន​នៅលើ​យន្តហោះ​នោះ​ដើម្បី​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​មុន​ពេល​ឡើង​យន្តហោះ​និង​នៅ​ពេល​យន្តហោះ​ចុះ​ចត។ ​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ​បាន​និយាយ​ថា​យន្ដហោះ​មួយ​គ្រឿង​ទៀត​បាន​ដឹក​ជន​ជាតិ​អាមេរិក​ តែ​មិន​ដឹង​ចំនួន​ប៉ុន្មាន​នាក់​ចេញ​ពី​ទីក្រុង ​Wuhan​ ទៅកាន់ទីក្រុង​ Anchorage ​រដ្ឋ ​Alaska ​ជាកន្លែង​ដែល​ពួកគេ​នឹង​ត្រូវ​ពិនិត្យ​រក​មេរោគ​នេះ​ឡើង​វិញ។​

ប្រទេស​អូស្ត្រាលី ​ ណូវែលហ្សេឡង់​ បារាំង ​រុស្ស៊ី​ ​និង​ប្រទេស​ផ្សេងទៀត​ក៏បាន​ប្រកាស​ផែន​ការ​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ​ចេញ​ពីទីក្រុង​វូហាន​នៅ​សប្តាហ៍​នេះ​ដែរ។​

បន្ថែម​ពីលើ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង ​ ​អាជ្ញាធរ​ចិន​និយាយ​ថា ​ ចំនួន​ករណី​អ្នក​ជំងឺ​បាន​កើន​ឡើង​ដល់​ជាង​៥​ពាន់​៩​រយ​នាក់​គឺ​លើស​ចំនួន​អ្នក​ជំងឺ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ SARS ដែល​បាន​សម្លាប់​មនុស្ស​៨០០​នាក់​នៅ​ទូទាំង​ពិភពលោក​រវាង​ឆ្នាំ​២០០២-២០០៣៕​