គណៈប្រតិភូមួយក្រុមរបស់ទីភា្នក់ងារជំនួយបរទេសរបស់អាមេរិកដែលមានឈ្មោះថា Millennium Challenge Corporation (MCC) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូតឌីវ័រ (Ivory Coast) នៅក្នុងខែកុម្ភៈដើម្បីពិភាក្សាពីការអនុវត្តនៃជំនួយដ៏ធំដែលត្រូវបានផ្តល់ឲ្យដើម្បីប្រយុទ្ធនឹងភាពក្រីក្រ និងជំរុញ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនៅភាគខាងលិចទ្វីបអាហ្វ្រិកមួយនេះ។
ប្រាំឆ្នាំបន្ទាប់ពីអំពើហិង្សាក្រោយការបោះឆ្នោតបានរីកសាយភាយពាសពេញប្រទេសកូតឌីវ័រ (Ivory Coast) ប្រទេសនេះមានសិទ្ធិទទួលបានជំនួយប្រភេទ Compact មួយពីទីភ្នាក់ងារជំនួយ Millennium Challenge Corporation (MCC) ដែលជាទីភ្នាក់ងារជំនួយបរទេសរបស់អាមេរិក។
ជំនួយនេះត្រូវបានគេមើលឃើញថា ជាសញ្ញាបង្ហាញថា ដៃគូបរទេសមានសេចក្តីទុកចិត្តឡើងវិញលើប្រទេសកូតឌីវ័រ ដែលសេដ្ឋកិច្ចរបស់ប្រទេសនេះស្ទុះងើបឡើងវិញក្នុងអត្រា៩ភាគរយជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២។
លោក Kamran Khan ជាអនុប្រធាននាយកដ្ឋាន Compact Operations របស់ទីភ្នាក់ងារ MCC។ លោកបាននិយាយកាលពីថ្ងៃទី១០ ខែកុម្ភៈថា ប្រទេសកូតឌីវ័របានទទួលជោគជ័យលើសូចនាករ ១៣ នៅក្នុងចំណោមសូចនាករទាំងអស់ ២០ ដែលបានធ្វើឲ្យប្រទេសនេះមានសិទ្ធិទទួលបានជំនួយ។
«សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគឺពឹងផ្អែកលើការរីកចម្រើនប្រទេសកូតឌីវ័រមាននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបង្កើតគោលការណ៍ និងស្ថាប័នប្រជាធិបតេយ្យ និងការធ្វើឲ្យមានស្ថេរភាពលើស្ថានភាពនយោបាយនៅក្នុងប្រទេស កំណើនសេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនរបស់ប្រទេសនេះលើលើសូចនាករជាច្រើនទៀត»។
កាលពីឆ្នាំទៅ ប្រទេសកូតឌីវ័រត្រូវបានគេប្រកាសថា មានសិទ្ធិទទួលបានជំនួយមួយភាគតូចពីទីភ្នាក់ងារ MCC ដែលនេះត្រូវបានគេស្គាល់ថាជា «ចំណុចចាប់ផ្តើម» សម្រាប់ប្រទេសនេះ ហើយឥឡូវនេះ កូតឌីវ័រអាចស្នើសុំជំនួយ Compact ដោយបានក្លាយជាប្រទេសទី១០នៅអាហ្រ្វិកខាងលិចដែលអាចមានសិទ្ធិធ្វើបែបនេះ។
ចំនួនជាមធ្យមនៃជំនួយ Compact គឺមានរវាង៣០០លាន ដុល្លារ ទៅ៣៥០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ហើយជំនួយនេះមានគោលបំណងលុបបំបាត់ឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់គោលនយោបាយ។
នៅក្នុងប្រទេសកូតឌីវ័រ ឧបសគ្គសំខាន់ៗចំនួន៤ត្រូវបានរកឃើញ ពាក់ព័ន្ធទៅនឹងមធ្យោបាយធ្វើដំណើរ បន្ទុកពន្ធ តម្រូវការសម្រាប់ដីឧស្សាហកម្មបន្ថែម និងជំនាញបច្ចេកទេសក្នុងចំណោមពលរដ្ឋរបស់កូតឌីវ័រ។
លោក Khan បាននិយាយថា ចំណុចសំខាន់មួយគឺត្រូវចៀសវាងអំពើពុករលួយ និងធានាថាជំនួយនោះនឹងទៅដល់គោលដៅរបស់វា។ លោកបាននិយាយថា ទីភ្នាក់ងារ MCC ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីការវិវត្តនៅក្នុងប្រទេសនេះ។
«យើងមានស្តង់ដារខ្ពស់ខ្លាំងណាស់សម្រាប់ការទទួលខុសត្រូវ ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងបញ្ហាផ្សេងៗទៀត។ យើងនឹងធ្វើយ៉ាងណាឲ្យសមភាគីរបស់យើង និងរដ្ឋាភិបាលមានការទទួលខុសត្រូវ ដូចដែលយើងមានការទទួលខុសត្រូវអញ្ចឹងដែរ។ បន្ទាប់ពីទទួលបានសិទ្ធិ ប្រទេសមួយត្រូវទទួលបានជោគជ័យលើសូចនាករផ្សេងៗ។ ប្រសិនបើពួកគេមិនអាចឆ្លងផុតទេ រចនាសម្ព័ន្ធនីតិបញ្ញត្តិ របស់យើងអនុញ្ញាតឲ្យយើងព្យួរការផ្តល់ជំនួយនោះ»។
ប្រទេសម៉ាឡាវី (Malawi) ជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលត្រូវបានគេព្យួរជំនួយរយៈពេលខ្លីមួយក្នុងឆ្នាំ២០១២ បន្ទាប់ពីប្រទេសនេះបានរំលោភលក្ខខណ្ឌអភិបាលកិច្ចបែបប្រជាធិបតេយ្យរបស់ទីភ្នាក់ងារ MCC។ ប្រទេសម៉ាឡាវីទទួលបានសិទ្ធិទទួលជំនួយវិញក្នុងរយៈពេលប៉ុន្មានខែក្រោយមក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ