ទីភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក បញ្ជាក់ថា ជំងឺកូវីដ១៩ «មិនមែនមនុស្សធ្វើទេ»។ ក៏ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈដ៏កម្រមានមួយ ក្រុមមន្ត្រីនិយាយថា ទ្រឹស្តីឯទៀតៗអំពីប្រភពនៃការរាតត្បាតជាសាកលនៃជំងឺនេះ ដូចជាគ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍ជាដើម មិនបានត្រូវបដិសេធទេ។
ទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អ. បានបដិសេធទ្រឹស្តីយ៉ាងតិចមួយ អំពីប្រភពនៃវីរុសកូរ៉ូណា ដោយនិយាយថា ភ័ស្តុតាងបង្ហាញថា វីរុសនេះមិនបានត្រូវបង្កើតនៅក្នុងមន្ទីរពិសោធន៍ចិនទេ។
ក៏ប៉ុន្តែ ពួកគេនៅតែពិនិត្យមើលថា តើការរាលដាលនៃជំងឺនេះដែលមានប្រភពចេញពីប្រទេសចិន បានបណ្តាលមកពីការប៉ះពាល់របស់មនុស្សជាមួយសត្វ ឬថា តើវាបានចាប់ផ្តើមគ្រោះថ្នាក់ដោយរបៀបណា។
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ការិយាល័យនៃនាយកផ្នែកស៊ើបការសម្ងាត់ជាតិ បានចេញផ្សាយសេចក្តីថ្លែងការណ៍សាធារណៈមួយ អំពីការស៊ើបអង្កេតដែលកំពុងមានធ្វើ។
សេចក្តីថ្លែងការណ៍នេះ ចែងថា សហគមន៍ស៊ើបការសម្ងាត់ស.រ.អ. «មានមតិស្របជាមួយការមូលមតិគ្នាទូលំទូលាយខាងវិទ្យាសាស្ត្រ ដែលថា ជំងឺកូវីដ១៩ មិនមែនបង្កើតដោយមនុស្សទេ ឬត្រូវកែប្រែខាងពន្ធុទេ»។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖ «ដូចដែលយើងធ្វើនៅក្នុងវិបត្តិទាំងអស់ អ្នកជំនាញរបស់សហគមន៍ស៊ើបការសម្ងាត់ឆ្លើយតបដោយបង្កើនធនធាន និងធ្វើការស៊ើបការសម្ងាត់ អំពីបញ្ហានានាដែលមានសារៈសំខាន់ដល់សន្តិសុខជាតិស.រ.អ.។ សហគមន៍ស៊ើបការសម្ងាត់ នឹងបន្តពិនិត្យមើលថា តើការាលដាលជំងឺនេះចាប់ផ្តើមមានតាមរយៈការប៉ះពាល់សត្វដែលមានជំងឺ ឬថាតើជាលទ្ធផលនៃគ្រោះថ្នាក់មួយនៅក្នុងមន្ទីរពិសោធន៍មួយនៅក្នុងក្រុង Wuhan»។
សេតវិមានទាមទារឱ្យមានការស៊ើបអង្កេតស៊ីជម្រៅជាងមុន អំពីប្រភពនៃជំងឺកូវីដ១៩។ លោកប្រធានាធិបតីអាមេរិក Donald Trump បានសម្តែងការសង្ស័យច្រើនដងមកហើយ អំពីសេចក្តីថ្លែងការណ៍ពីប្រទេសចិន និងអង្គការសុខភាពពិភពលោក។
ព័ត៌មានទាក់ទង៖ លោកត្រាំ ថ្លែងផ្ទុយពីក្រុមស៊ើបការណ៍សម្ងាត់អាមេរិកដោយអះអាងថា កូវីដ១៩មានប្រភពពីមន្ទីរពិសោធន៍ចិន
កាលពីថ្ងៃពុធ ទី២៩ ខែមេសា លោក Trump បាននិយាយប្រាប់អ្នកកាសែតថា លោកបានឃើញការរកឃើញខ្លះៗ ពីការស៊ើបអង្កេតរបស់សហគមន៍ស៊ើបការសម្ងាត់។
លោក Trump បាននិយាយថា៖ «មានព័ត៌មានពីការស៊ើបការសម្ងាត់ហើយ ហើយខ្ញុំបានទទួលព័ត៌មានខ្លះហើយ។ ហើយខ្ញុំមិនសប្បាយចិត្តអំពីការណ៍នេះទេ។ រហូតមកដល់ពេលនេះ យើងជាប្រទេសផ្តល់វិភាគទានច្រើនបំផុតដល់អង្គការ WHO ហើយពួកគេធ្វើឱ្យយើងយល់ច្រឡំ»
លោក Trump បាននិយាយបន្ថែមថា៖ «នៅពេលនេះ ពួកគេជាអ្នកជួយបំពងសំឡេងឱ្យប្រទេសចិន។ នេះជាអ្វីដែលខ្ញុំយល់ឃើញអំពីអង្គការ WHO»។
កាលពីថ្ងៃពុធ ទី២៩ ខែមេសា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ក៏បានចោទសួរអំពីតម្លាភាពរបស់ប្រទេសចិនដែរ ហើយលោកបានប្រលយពាក្យថា រដ្ឋាភិបាលក្រុងប៉េកាំងប្រហែលនៅតែធ្វើឱ្យពិភពលោកមានហានិភ័យតទៅទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិកាំងរូបនេះបាននិយាយថា៖ «យើងមិនដឹងច្បាស់លាស់ទេថា វីរុសនេះមានប្រភពពីទីនេះទេ។ មានមន្ទីរពិសោធន៍ជាច្រើនដែលកំពុងធ្វើការតទៅទៀត។ យើងមិនដឹងទេថា តើមន្ទីរពិសោធន៍ទាំងនេះធ្វើប្រតិបត្តិការដោយមានសុវត្ថិភាព ដើម្បីចៀសវាងកុំឱ្យមានការណ៍នេះកើតជាថ្មីទៀតឬទេ»។
ការដែលថា វីរុសដែលនាំឲ្យកើតជំងឺកូវីដ១៩ ត្រូវបានបង្កើតនៅក្នុងមន្ទីរពិសោធន៍មួយ ក្នុងប្រទេសចិន ឬបានលេចចេញពីមន្ទីរពិសោធន៍មួយ ត្រូវបានផ្សព្វផ្សាយជាច្រើនសប្តាហ៍មកហើយ។ ទ្រឹស្តីឯទៀតៗ ក៏បានត្រូវលើកយកមករៀបរាប់ច្រើនដែរ។ ទ្រឹស្តីជាច្រើនត្រូវបានចាត់ទុកថា ជាពាក្យចចាមអារាម ឬជាផ្នែកមួយនៃយុទ្ធនាការបំភ្លៃព័ត៌មាន។
ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣០ ខែតុលា ពីការិយាល័យនាយកនៃផ្នែកស៊ើបការសម្ងាត់ជាតិ ហាក់ដូចជាបញ្ជាក់ថា មន្ត្រីស៊ើបការសម្ងាត់អាមេរិក ដឹងកាន់តែច្រើនឡើង អំពីប្រភពនៃការរាតត្បាតជាសាកលនៃជំងឺនេះ។
កាលពីពាក់កណ្តាលខែមេសា មន្ត្រីម្នាក់នៃផ្នែកស៊ើបការសម្ងាត់អាមេរិក បាននិយាយប្រាប់វីអូអេថា ទោះជាទីភ្នាក់ងារទាំងឡាយ «បានតាមដានយ៉ាងសកម្មនិងយ៉ាងខ្លាំង ដើម្បីរកព័ត៌មានទាំងអស់ក៏ដោយ ក៏សហគមន៍អ្នកស៊ើបការសម្ងាត់ «មិនទាន់បានមូលមតិគ្នាអំពីទ្រឹស្តីណាមួយទេ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ