មន្រ្តីស៊ើបការណ៍សម្ងាត់កំពូលស.រ.អាម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បត៍ម្សិលមិញថា ការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនដើម្បីប្រយុទ្ធក្រុមទាមទារបំបែករដ្ឋដែលគាំទ្រដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងបង្កើតឲ្យមានប្រតិកម្មអវិជ្ជមានពីប្រធានធិបតីរុស្ស៊ី Vladimir Putin ក៏ប៉ុន្តែ លោកបាននិយាយថា លោកផ្ទាល់គាំទ្ររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តល់ជំនួយអាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ។
បង្ហាញខ្លួននៅពីមុខគណៈកម្មាធិការសេវាកម្មអាវុធរបស់ព្រឹទ្ធសភាអាមេរិក លោក James Clapper នាយកស៊ើបការណ៍សម្ងាត់ជាតិបាននិយាយថា ខណៈដែលសកម្មភាពរបស់លោក Putin មានការពិបាកនឹងទស្សន៍ទាយ ការសម្រេចចិត្តមួយរបស់ស.រ.អាដើម្បីផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែនអាចនាំឲ្យរុស្ស៊ីផ្តល់អាវុធទំនើបកាន់តែច្រើនឡើងៗដល់ក្រុមទាមទារបំបែករដ្ឋ។
លោកនិយាយថា «ខ្ញុំគិតថា ទស្សនៈរបស់សហគមន៍ស៊ើបការណ៍សម្ងាត់គឺថា ប្រសិនបើយើងផ្តល់ជំនួយអាវុធទៅឲ្យអ៊ុយក្រែន ការធ្វើបែបនេះនឹងធ្វើឲ្យមានប្រតិកម្មអវិជ្ជមានពីលោក Putin និងប្រទេសរុស្ស៊ី»។
លោក Clapper មានប្រសាសន៍បន្តទៀតថា លោកផ្ទាល់ពេញចិត្តការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែលោកនិយាយបន្ថែមទៀតថា នេះជាទស្សនៈផ្ទាល់ខ្លួន ហើយមិនតំណាងឲ្យសហគមន៍ស៊ើបការណ៍សម្ងាត់ទេ។
ក្រុមមន្រ្តីសេតវិមាននិយាយថា ពួកគេកំពុងពិចារណាលើការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែនដែលកងទ័ពរបស់ពួកគេនៅពេលនេះមានអាវុធតិចជាងក្រុមទាមទារបំបែករដ្ឋ៕