សហរដ្ឋ​អាមេរិក​​ចោទ​ប្រកាន់​ផ្លូវការ​លើ​និស្សិត​ចិន​ក្នុង​សំណុំ​រឿង​ប្រជាធិបតេយ្យ

រូបឯកសារ៖ ស្លាក​សញ្ញា​នៃ​កម្មវិធី WeChat ត្រូវបាន​នៅលើ​ទូរសព្ទដៃ​នៅក្នុង​រូបភាព​នេះ​ថត​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០។

ជន​ជាតិ​ចិន​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង Boston រដ្ឋ​ Massachusetts សហរដ្ឋ​អាមេរិក ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ដោយ​មហា​គណៈវិនិច្ឆ័យ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​មួយ ពី​បទ​លួច​តាម​ដាន​និង​គំរាម​ពលរដ្ឋ​ចិន​ម្នាក់​ទៀត​ដោយសារ​តែ​ការ​បិត​ខិត្តប័ណ្ណ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ចិន។

ក្រសួង​យុត្តិធម៌​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក Xiaolei Wu អាយុ​២៥​ឆ្នាំ ដែល​ជា​និស្សិត​នៅ​មហាវិទ្យាល័យ​តូរ្យតន្ត្រី Berklee ក្នុង​ទីក្រុង Boston ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ចំនួន​២​បទ​ចោទ គឺ​ទី​១​ពី​បទ​លួច​តាមដាន​តាម​បណ្ដាញ​អ៊ីនធឺណិត និង​ទី​២​ពី​បទ​បញ្ជូន​សារ​គំរាមកំហែង​ឆ្លង​រដ្ឋ។ និស្សិត​រូប​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ពី​បទ​ចោទ​បទ​លួច​តាម​ដាន​តែ​មួយ​ប៉ុណ្ណោះ។
ក្រសួង​ដដែល​និយាយ​ថា​ បុគ្គល​ម្នាក់​បាន​បិត​ខិត្តប័ណ្ណ​នៅ​ក្នុង ​ឬ​នៅ​ជិត​បរិវេណ​សាលា​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​ ដោយ​ខិត្តប័ណ្ណ​នោះ​មាន​សរសេរ​ពាក្យ​ស្លោក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថា «‍យើង​ចង់​បាន​សេរីភាព» និង«‍យើង​ចង់​បាន​ប្រជាធិបតេយ្យ»។

​តាម​ការ​ចោទ​ប្រកាន់ លោក Wu បាន​បំពាន​បុគ្គល​រូប​នោះ​តាម​រយៈប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ថែម​ទាំង​គំរាម​កាត់​ដៃ​បុគ្គល​នោះ​ចោល​ បើ​ខិត្តប័ណ្ណ​ច្រើន​ថែម​ទៀត​ត្រូវ​បាន​បិត។ លោកWu ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រាប់​បុគ្គល​នោះ​ថា​លោក​បាន​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ចិន​អំពី​ខិត្តប័ណ្ណ​ទាំង​នេះ​ហើយ​ថា​ភ្នាក់ងារ​សន្តិសុខ​នឹង​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ​របស់​បុគ្គល​នោះ។ តំណាង​អយ្យការ​ក៏​បាន​និយាយ​ថា​លោក Wu ​បាន​រក​ឃើញ​អាសយដ្ឋាន​អ៊ីមែល​របស់​ជន​រងគ្រោះ ហើយ​បាន​បង្ហោះ​អាសយដ្ឋាន​នោះ​តាម​អ៊ីនធឺណិត ដើម្បី​បំពាន​ជន​រងគ្រោះ​បន្ថែម​ទៀត។​

លោក Wu ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ ចំពោះ​បទ​ចោទ​នីមួយៗ អំពី​ការ​លួច​តាមដាន​តាម​អ៊ីនធឺណិត និង​ពី​បទ​បញ្ជូន​សារ​គំរាមកំហែង​ឆ្លង​រដ្ឋ រួម​ទាំង​ប្រាក់​ពិន័យ​រហូត​ដល់​២សែន​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយបទ​ចោទ។ ក្រុម​ផ្សាយ​វីអូអេជា​ភាសា​ចិនកុកងឺ រាយការណ៍​ថា​ មហាវិទ្យាល័យ​តូរ្យ​តន្ត្រី Berklee បាន​លុប​ឈ្មោះ​និស្សិត Wu ជាបណ្ដោះ​អាសន្ន៕