លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចក្លាយជាដៃគូដ៏ល្អបំផុតរបស់ឥណ្ឌា នៅពេលដែលលោកបញ្ចប់ដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់រដ្ឋធានីញូដេលី (New Delhi) នៅថ្ងៃអង្គារនេះ។
លោកប្រធានាធិបតីអូបាម៉ាបានប្រាប់អ្នកស្តាប់ក្មេងៗនៅឯជំនួបសាធារណថា៖ «ឥណ្ឌានិងសហរដ្ឋអាមេរិកមិនគ្រាន់តែជាដៃគូធម្មតាប៉ុណ្ណោះទេ។ ខ្ញុំជឿជាក់ថា សហរដ្ឋអាមេរិកអាចជាដៃគូដ៏ល្អបំផុតមួយរបស់ឥណ្ឌា»។
លោកប្រធានាធិបតីមានប្រសាសន៍បន្តទៀតថា សហរដ្ឋអាមេរិកចង់ធ្វើដៃគូជាមួយឥណ្ឌាដើម្បីជួយប្រជាពលរដ្ឋឲ្យចេញផុតពីភាពក្រីក្រ ធ្វើឲ្យរីកលូតលាស់ខាងឧស្សាហកម្មនិងបច្ចេកវិទ្យា ហើយនិងប្រយុទ្ធនឹងការផ្លាស់ប្តូរអាកាសធាតុ។លោកប្រធានាធិបតីមានប្រសាសន៍បន្តទៀតថា ឥណ្ឌាអាចជាភ្នាក់ងារផ្លាស់ប្តូរដ៏មានអំណាចមួយសម្រាប់ប្រទេសជិតខាងរបស់ខ្លួនផងដែរ ជាពិសេសនៅក្នុងការផ្សព្វផ្សាយភាពចាំបាច់នៃវ៉ាក់ស៊ាំងសម្រាប់កូនក្មេង។
លោកប្រធានាធិបតីអូបាម៉ាក៏បានអំពាវនាវដល់ការធ្វើឲ្យប្រសើរឡើងនូវឥន្ធនៈស្អាតដើម្បីជួយប្រយុទ្ធការឡើងកម្តៅផែនដី។ លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា ពិភពលោកមិនអាចប្រឆាំងការផ្លាស់ប្តូរអាកាសធាតុទេ ប្រសិនបើប្រទេសកំពុងអភិវឌ្ឍ ដែលមានឥណ្ឌានៅក្នុងចំណោមនោះដែរ បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់ខ្លួន។ លោកប្រធានាធិបតីមានប្រសាសន៍បន្តទៀតថា ប្រទេសតិចតួចនឹងរងផលប៉ះពាល់ជាងប្រទេសឥណ្ឌាដោយសារការឡើងទឹកសមុទ្រ ការរលាយផ្ទាំងទឹកកកនៅភ្នំហេមពាន្ត ខ្យល់មូសុងនិងព្យុះសង្ឃរាកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ តាមប្រសាសន៍លោកប្រធានាធិបតី «ជាបញ្ហាបន្ទាន់របស់សកលលោក»។
កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតីអូបាម៉ា បានសន្យាផ្តល់ប្រាក់៤ពាន់លានដុល្លារនៅក្នុងការវិនិយោគទុននិងប្រាក់កម្ចីរបស់អាមេរិកដល់ឥណ្ឌា ក៏ប៉ុន្តែ លោកប្រធានាធិបតីមានប្រសាសន៍ថា ពាណិជ្ជកម្មរវាងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំបង្អស់២របស់ពិភពលោក ត្រូវបានកត់សម្គាល់ដោយសក្តានុពលដែលមិនទាន់ប្រើប្រាស់នៅឡើយ៕