សេតវិមាន ឮបានបញ្ជាក់ថា កិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មរបស់ស.រ.អានៅក្នុងខែមករា បានសម្លាប់ចំណាប់ខ្មាំង២នាក់ដោយចៃដន្យ ដែលមានម្នាក់ជាបុគ្គលិកផ្តល់ជំនួយជាតិអាមេរិកាំង ហើយនឹងម្នាក់ទៀតជាបុរសជាតិអ៊ីតាលី ដែលត្រូវបានក្រុម al-Qaidaចាប់ខ្លួននៅព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។មន្រ្តីស.រ.អាផ្សេងទៀត បាននិយាយថា ចំណាប់ខ្មាំងនោះ បានត្រូវសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើក(Drone)។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសុំអភ័យទោសជា លក្ខណៈឯកជនអំពីឧបទ្ទវហេតុនេះ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយ បាននិយាយថា មានការសោកស្តាយយ៉ាងខ្លាំងអំពីការស្លាប់ចំណាប់ខ្មាំងស្លូតត្រង់ទាំង២នាក់នេះ ដែលម្នាក់មានឈ្មោះថា Warren Weinsteinជាជនជាតិអាមេរិកាំង និងម្នាក់ទៀតមានឈ្មោះថា Giovanni Lo Portoជាជនជាតិអ៊ីតាលី។អ្នកទាំង២ បានធ្វើការឲ្យគម្រោងជំនួយនៅក្នុងប្រទេសប៉ាគីស្ថាន។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍នៅសេតវិមានថា «ក្នុងឋានៈជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មនេះរួមទាំងការប្តូរអាយុជីវិតដូចជា Warren និង Giovanna។ខ្ញុំសោកស្តាយបំផុតចំពោះអ្វីដែលបានកើតមានឡើងនេះ»។
លោកប្រធានាធិបតីអូបាម៉ា បានប្រាប់ពួកអ្នកយកព័ត៌មានថា«ផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលយើង បានទទួលនៅពេលនោះ រួមមានការស៊ើបការណ៍អស់រយៈពេលរាប់រយម៉ោង យើង ជឿជាក់ថា នេះ ជាបរិវេណរបស់ក្រុម al-Qaida គ្មានវត្តមានជនស៊ីវិលនៅទីនោះទេ ហើយថា ការចាប់ពួកភេរវជនទាំងនោះមិនអាចធ្វើទៅបានទេ»។