សហរដ្ឋ​​​​អាមេរិក​​​ដាក់​ទណ្ឌកម្ម​តឹងរ៉ឹង​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន មីយ៉ាន់ម៉ា និងកូរ៉េ​ខាង​ជើង

  • ​Reuters

រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Joe Biden ជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping តាមអនឡាញពីបន្ទប់ Roosevelt នៃសេតវិមានក្នុងទីក្រុង Washington ថ្ងៃច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (AP)

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ បាន​ដាក់​ទណ្ឌកម្ម​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ពលរដ្ឋ និង​ស្ថាប័ន​នៅ​ប្រទេស​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ដូចជា​ប្រទេស​ចិន មីយ៉ាន់ម៉ា កូរ៉េ​ខាង​ជើង និង​បង់ក្លាដែស។ សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ចូល​ក្រុមហ៊ុនបញ្ញា​សិប្បនិម្មិត​ចិន​មួយ​ឈ្មោះ SenseTime Group ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​វិនិយោគ។

ប្រទេស​កាណាដា​និង​ចក្រភព​អង់គ្លេស​ក៏​បាន​ចូល​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីនតោនក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden​បាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​និង​អង្គភាព​យោធា​មីយ៉ាន់ម៉ា រួម​ទាំង​អង្គភាព​ផ្សេង​ទៀត នៅ​ថ្ងៃ​ដែល​ពិភពលោក​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

អនុរដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Wally Adeyemo បាន​ថ្លែង​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​មាន​ខ្លឹម​សារ​ដូច្នេះ​ថា៖ «វិធាការ​របស់​យើង​នៅ​ថ្ងៃ​នេះ ជា​ពិសេស​វិធានការ​ដែល​ធ្វើ​ឡើង​ដោយ​ភាព​ជាដៃ​គូ​ជាមួយ​ចក្រភព​អង់គ្លេស និង កាណាដា បញ្ជូន​សារ​យ៉ាង​ច្បាស់​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក នឹង​ប្រតិកម្ម​តបត​ទៅ​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​រំលោភ​អំណាច​រដ្ឋ​ដើម្បី​បង្ក​ការ​ឈឺ​ចាប់ និង​ការ​គាប​សង្កត់»។

តំណាង​បេសកកម្ម​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ក៏​ដូចជា​ស្ថានទូត​ចិន មីយ៉ាន់ម៉ា និង​បង់ក្លាដែស​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹងការ​សុំ​អត្ថាធិប្បាយទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ទេ។

ក្រសួង​ការ​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​ថា ក្រសួង​បាន​ដាក់​បញ្ចូល​ក្រុមហ៊ុន​បញ្ញាសិប្បនិម្មិត​ចិន​មួយ​ឈ្មោះ​ថា SenseTime ទៅ​ក្នុង​បញ្ជី​នៃ​បណ្ដា​«ក្រុមហ៊ុន​ឧស្សាហកម្ម​ចិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​យោធា» ដោយ​ក្រសួងបាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​មួយ​នេះ​ថា បាន​បង្កើត​កម្មវិធី​នានា​សម្រាប់​ថត​ផ្ទៃ​មុខ​ដែល​អាច​កំណត់​គោលដៅ​លើ​ជន​ជាតិ​ភាគតិច នោះ​គឺ​ផ្ដោត​គោលដៅ​លើ​ការ​ថត​អត្តសញ្ញាណ​ជនជាតិ​ភាគតិច​ Uyghur។

ជា​លទ្ធផល​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ ក្រុមហ៊ុន​ចិន​មួយ​នេះ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​វិនិយោគ​ជាមួយ​វិនិយោគិន​អាមេរិកាំង​ឡើយ។

អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង​ ១ លាន​នាក់​ដែល​ភាគ​ច្រើន​ជា​ជនភាគ​តិច Uyghurនិងជា​ពលរដ្ឋ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ត្រូវ​បានចាប់​ឃុំឃាំង​នៅ​ក្នុង​បណ្ដាញ​ជំរំ​ដ៏​ធំ​មួយក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ខេត្ត Xinjiang ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន។

ប្រទេស​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​បំពាន​នៅ​ខេត្ត Xinjiang ប៉ុន្តែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​តែ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ទី​នោះ។ ក្រសួង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ការិយាល័យ​កណ្ដាល​រដ្ឋ​អាជ្ញា​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ដែរ រួម​ជាមួយ​នឹង​លោក ​Ri Yong Gil ​អតីត​រដ្ឋ​មន្ត្រី​សន្តិសុខ​សង្គម ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​កងទ័ព​នៃ​ប្រជាជន​របស់​កូរ៉េ​ខាង​ជើង។

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រមែប្រមូល​មេដឹកនាំ​ជាង​១០០ នាក់​មក​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មួយ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ខែ​ធ្នូ ដែល​ពេល​នោះ​លោក​បាន​ប្ដេជ្ញា​ជំរុញ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភព​លោក។ លោក​បាន​អំពាវនាវ​ឲ្យ​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព នៅ​ខណៈ​ពេល​ដែល​មាន​ការ​កើន​ឡើង​នៃ​ភាព​ផ្ដាច់ការ​ដែល​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុង​សម័យ​កាល​បច្ចុប្បន្ន​នេះ៕