សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនពត៌មានវិទ្យាចំនួនពីរដែលគ្រប់គ្រងដោយកូរ៉េខាងជើងមានមូលដ្ឋាននៅក្នុងប្រទេសចិន និងរុស្ស៊ី ដោយបានចោទប្រកាន់ក្រុមហ៊ុនទាំងពីរនោះថា បានធ្វើការផ្ទេរប្រាក់ខុសច្បាប់ទៅកូរ៉េខាងជើង។
លោករដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក Steve Mnuchin បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយថា៖ «ទណ្ឌកម្មទាំងនេះមានបំណងបញ្ឈប់លំហូរប្រាក់ខុសច្បាប់ទៅកូរ៉េខាងជើងតាមរយៈបុគ្គលិករបស់ក្រុមហ៊ុនពត៌មានវិទ្យានៅក្រៅប្រទេស ដែលលាក់បាំងអត្តសញ្ញាណរបស់ពួកគេ និងបិទបាំងអ្នកដែលនៅពីក្រោយក្រុមហ៊ុន ដែលអាចជាបុគ្គលនិងប្រទេសណាមួយដែលជាភាគីទីបី»។
ក្រសួងហរិញ្ញវត្ថុបានកំណត់ក្រុមហ៊ុន China Silver Star មានទីតាំងនៅក្នុងប្រទេសចិន ដែលមាននាយកប្រតិបត្តិឈ្មោះ Jong Song Hwaជាជនជាតិកូរ៉េខាងជើង និងក្រុមហ៊ុនដៃគូឈ្មោះ Volasys Silver Starមានទីតាំងក្នុងប្រទេសរុស្ស៊ីជាក្រុមហ៊ុន ដែលរកចំណូលឲ្យកូរ៉េខាងជើង។
ទណ្ឌកម្មនេះបានកើតឡើងនៅស្របពេលដែលសហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើរដ្ឋាភិបាលកូរ៉េខាងជើងឲ្យនៅដដែលនៅអំឡុងពេលកិច្ចចរចាមិនឲ្យមាននុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េទាំងមូល។
លោករដ្ឋមន្រ្តី Mnuchinបានថ្លែងបន្តថា «សហរដ្ឋអាមេរិកនឹងបន្តពង្រឹងការដាក់ទណ្ឌកម្មទាំងនេះរហូតទាល់តែយើងទទួលបានជោគជ័យនៅទីបញ្ចប់នៃការធ្វើមិនឲ្យមាននុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលអាចផ្ទៀតផ្ទាត់បាន»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Unបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅអំឡុងពេលជំនួបកំពូលជាប្រវិត្តសាស្រ្តនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ដើម្បីឲ្យកូរ៉េខាងជើងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែភាគីទាំងពីរបានជាប់គាំងដំណើរការជុំវិញការបញ្ចប់នុយក្លេអ៊ែរ និងកាំជ្រួញមីស៊ីលរបស់កូរ៉េខាងជើង៕