អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ធនាគារ Gazprombank របស់​រុស្ស៊ី

រូបឯកសារ៖ ការិយាល័យ​ធនាគារ​រុស្ស៊ី​ Gazprombank ត្រូវបាន​ថត​នៅ​ទីក្រុង Moscow កាលពីថ្ងៃទី​២៧ មេសា ឆ្នាំ២០២២។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ដាក់ទណ្ឌកម្ម​ថ្មី​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​ ដែល​ជួយ​ផ្តល់​ថវិកា​ដល់​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​អ៊ុយក្រែន។ ទណ្ឌកម្ម​ថ្មី​នេះ សំដៅ​លើ​ធនាគារ Gazprombank ព្រមទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ អង្គភាព​និង​បុគ្គលជាច្រើនទៀត​ដែល​មាន​ចំណងទាក់ទង​ជាមួយ​អន្តរជាតិ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហោះ​លើ​ទំព័រ​របស់ខ្លួន ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​និយាយ​ថា​ ទណ្ឌកម្ម​នេះ​សំដៅ​លើ​ធនាគារ Gazprombank ដែល​ជា​ធនាគារធំជាងគេ​របស់​រុស្ស៊ីដែល​មិន​ទាន់​រង​ទណ្ឌកម្ម​នៅឡើយ រួមទាំង​ធនាគារ​រុស្ស៊ី​ជាង​៥០​ទៀត ព្រមទាំង​ស្ថាប័នមូលប័ត្រ​រុស្ស៊ីជាង​៤០ និង​មន្ត្រីហិរញ្ញវត្ថុ​រុស្សី​១៥​នាក់។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា​ ធនាគារ Gazprombank គឺ​ជា​មធ្យោបាយ​ឲ្យ​រុស្ស៊ី​ទិញ​យុទ្ធោបករណ៍​សម្រាប់​ធ្វើសង្គ្រាម​ប្រឆាំង​អ៊ុយក្រែន ហើយ​រដ្ឋាភិបាល​រុស្ស៊ី​ក៏បាន​ប្រើ​ធនាគារ​នេះ ដើម្បី​បើកប្រាក់ខែ​ឲ្យ​ទាហាន​របស់​ខ្លួន​ដែរ។

ប្រទេស​អូស្រ្តាលី កាណាដា នូវែលសេឡង់ និង​អង់គ្លេស ពី​មុនក៏ធ្លាប់ដាក់ទណ្ឌកម្ម​ធនាគារ Gazprombank​ នេះ​ដែរ។

ទណ្ឌកម្ម​នេះ​មាន​ន័យ​ថា​ទ្រព្យសម្បត្តិ​និង​ប្រយោជន៍ទាំងអស់​របស់​ស្ថាប័ន អង្គភាពឬ​បុគ្គល​ដែល​រង​ទណ្ឌកម្ម ត្រូវ​បាន​រាំងខ្ទប់។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថាទណ្ឌកម្ម​នេះ «‍នឹង​ធ្វើ​ឲ្យ​ខ្សោយ​ថែម​ទៀត​ដល់​ក្បាល​ម៉ាស៊ីន​ធ្វើសង្គ្រាម​របស់រុស្ស៊ី​។ សកម្មភាព​នេះ នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ពិបាក​គេច​ទណ្ឌកម្មអាមេរិក​និង​ផ្តល់​ថវិកានិង​បំពាក់អាវុធ​ដល់​យោធារបស់​ខ្លួន»៕