រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ផ្ដល់​សិទ្ធិ​រស់នៅ​បណ្ដោះ​អាសន្ន​ដល់​ពលរដ្ឋ​ហុងកុង

រូបឯកសារ៖ ក្រុម​បាតុករ​ហុងកុងនាំ​គ្នា​បិត​ស្លាកសញ្ញា​មួយ​បង្ហាញ​ពី​រូប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នៅ​លើ​សសរ​មួយ ក្នុង​អំឡុងពេល​តវ៉ា​នៅ​កណ្ដា​លទីក្រុង​ហុងកុង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​ផ្ដល់​សិទ្ធិ​រស់នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដល់​ពលរដ្ឋ​ទីក្រុង​ហុងកុង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចិន​កំពុង​បង្កើន​ការ​ជះ​ឥទ្ធិពល​លើ​ទីក្រុង​នេះ។

ដោយ​មាន​ការ​មូល​មតិ​គ្នា​ពី​គណបក្ស​ទាំង​ពីរ រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​លើ​សំណើ​ច្បាប់​ផ្ដល់​ឋានៈ​ការពារ​បណ្ដោះ​អាសន្ន​រយៈពេល ៥ ឆ្នាំ ដល់​ពលរដ្ឋ​ហុងកុង។ ចំណុច​នេះ​មាន​ន័យ​ថា ពលរដ្ឋ​ហុងកុង​មាន​សិទ្ធិ​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​មិន​អាច​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ​ក្នុង​រយៈពេល ៥ ឆ្នាំ។

ឥឡូវ​នេះ វិធានការ​ច្បាប់​នេះ​កំពុង​រង់ចាំ​ព្រឹទ្ធសភា​ដើម្បី​ផ្ដល់​ការ​អនុម័ត ប៉ុន្តែ​កន្លង​មក វិធានការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ​រួច​ទៅ​ហើយ។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ New Jersey លោក Tom Malinowski ដែល​ជា​អ្នក​ស្នើ​ច្បាប់​នេះ បាន​និយាយ​ថា ការ​សម្រេច​បើក​ទ្វារ​ស្វាគមន៍​ពលរដ្ឋ​ហុងកុង​នេះ​គឺ​មាន​ឥទ្ធិពល​ខ្លាំងជាង​វិធានការ​ដាក់​ទណ្ឌកម្ម​បន្តិចបន្តួច​លើ​មន្ត្រី​រដ្ឋាភិបាល​ចិន​ទៅ​ទៀត។

លោក Malinowski បាន​បន្ថែម​ថា៖ «វិធានការ​នេះ​លើស​ពី​កាយវិការ​បែប​មនុស្សធម៌​ទៅ​ទៀត។ វា​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ការ​រារាំង​រដ្ឋាភិបាល​ចិន​មិន​ឲ្យ​បង្ក្រាប​លើ​ទីក្រុង​ហុងកុង»៕