រដ្ឋសភា​សហរដ្ឋ​អាមេរិក​បោះ​ឆ្នោត​ថ្កោលទោស​ទស្សនៈ​បែប​ប្រកាន់​ពូជ​សាសន៍​របស់​លោក Trump

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅសេតវិមាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ស្នើ​ឲ្យ​អង្គ​រដ្ឋសភា​រួម​កម្លាំង​គ្នា «ដើម្បី​ថ្កោលទោស​សារ​បែប​ប្រកាន់​ពូជ​សាសន៍​របស់​លោក Trump នៅ​លើ Twitter ទាំង​នេះ»។

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ ៤ នាក់ បាន​សហការ​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​ថ្កោលទោស​ទស្សនៈ​បែប «ប្រកាន់​ពូជ​សាសន៍» របស់​លោក​ប្រធានាធិបតី Donald Trump ដែល​លើក​ឡើង​អំពី​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន។

សេចក្ដី​សម្រេច​របស់​រដ្ឋសភា​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង ២៤០ ទល់​នឹង ១៨៧ នេះ «ថ្កោលទោស​ខ្លាំងៗ» លើ «ទស្សនៈ​បែប​ប្រកាន់​ពូជ​សាសន៍​របស់​លោក Trump ដែល​បាន​ធ្វើ​ឲ្យ​ដូច​ជា​ត្រឹមត្រូវ​តាម​ច្បាប់ និង​បាន​បង្កើន​ការ​ភ័យ​ខ្លាច និង​ការ​ស្អប់​គុំកួន​លើ​ពលរដ្ឋ​អាមេរិកាំង​ថ្មី និង​ពលរដ្ឋ​ដែល​មិន​មែន​ស្បែក​ស»។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ស្នើ​ឲ្យ​អង្គ​រដ្ឋសភា​រួម​កម្លាំង​គ្នា «ដើម្បី​ថ្កោលទោស​សារ​បែប​ប្រកាន់​ពូជ​សាសន៍​របស់​លោក Trump នៅ​លើ Twitter ទាំង​នេះ»។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​នេះ ដោយ​សមាជិក​រដ្ឋសភា​លោក Dan Meuser បាន​និយាយ​ថា៖ «ពាក្យ​មួល​បង្កាច់​ដែល​គួរ​ឲ្យ​ចង់​សើច​នេះ​ប៉ះពាល់​អាក្រក់​ដល់​ប្រទេស​ជាតិ​របស់​យើង»។

លោក Trump ដែល​បាន​រង​ការ​រិះគន់​តាំង​ពី​បង្ហោះ​សារ​បែប​ប្រកាន់​ពូជ​សាសន៍​ទាំង​នេះ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​មក មិន​បាន​ដក​ថយ​នោះ​ទេ ដោយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​បាន​សរសេរ​នៅ​លើ Twitter សរសើរ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ណា ដែល​បោះ​ឆ្នោត​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​នេះ ហើយ​លោក​នៅតែ​បន្ត​រិះគន់​លើ​សមាជិក​រដ្ឋសភា​ទាំង ៤ ដដែល ដែល​នោះ​គឺ​អ្នកស្រី Ilhan Omar អ្នកស្រី Alexandria Ocasio-Cortez អ្នកស្រី Ayana Pressley និង​អ្នកស្រី Rashida Tlaib៕