ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy កំពុងប្រឈមនឹងការគំរាមកំហែងដល់តំណែងជាមេដឹកនាំរបស់លោក បន្ទាប់ពីសមាជិករដ្ឋសភាលោក Matt Gaetz ខាងគណបក្សសាធារណរដ្ឋដាក់ញ្ញត្តិបង្ខំឱ្យមានការបោះឆ្នោតលើការដកលោកចេញពីតំណែង។
លោក Gaetz បានដាក់ញ្ញត្តិដកតំណែងប្រធានរដ្ឋសភានេះកាលពីថ្ងៃចន្ទ ដោយរៀបចំឱ្យមានការបោះឆ្នោតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក McCarthy បានប្រឆាំងនឹងការដាក់ញ្ញត្តិនេះនៅក្នុងសារបង្ហោះលើបណ្ដាញសង្គមអនឡាញ X ថា «ដាក់មក! ខ្ញុំមិនខ្លាចទេ!»។
ការបោះឆ្នោតដកតំណែងលោក McCarthy នឹងតម្រូវឱ្យមានសំឡេងគាំទ្រភាគច្រើនដាច់ខាតនៅក្នុងរដ្ឋសភាដែលមានសមាជិកសរុប ៤៣៥ នាក់។ គណបក្សសាធារណរដ្ឋគឺជាអ្នកគ្រប់គ្រងរដ្ឋសភាដោយមានសមាជិក ២២១ នាក់ទល់នឹងសមាជិកចំនួន ២១២ នាក់នៃគណបក្សប្រជាធិបតេយ្យ។
ការប្រឈមពីលោក Gaetz នេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីលោក McCarthy បានពឹងផ្អែកលើសំឡេងគាំទ្រខាងក្រុមគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តលើសំណើច្បាប់ថវិកាបណ្ដោះអាសន្ននិងបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធ។
លោក McCarthy បានក្លាយជាប្រធានរដ្ឋសភាកាលពីខែមករា បន្ទាប់ពីមានការបោះឆ្នោតជាច្រើនជុំដែលនៅក្នុងការបោះឆ្នោតនោះ លោក Gaetz និងសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀតបានប្រឆាំងនឹងបេក្ខភាពរបស់លោក។ សម្បទានមួយដែលឈានទៅដល់ការបោះឆ្នោតចុងក្រោយឱ្យលោក McCarthy ធ្វើជាប្រធានរដ្ឋសភាគឺការយល់ព្រមអនុញ្ញាតឱ្យសមាជិករដ្ឋសភាណាតែម្នាក់ប៉ុណ្ណោះអាចស្នើឱ្យមានការបោះឆ្នោតដកតំណែងប្រធានរដ្ឋសភាបាន។
កន្លងមកគេមិនដែលឃើញមានការដកតំណែងប្រធានរដ្ឋសភាអាមេរិករូបណានោះទេនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។