ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិកាំង​នឹង​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ពិដាន​បំណុល


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​និង​ប្រធាន​រដ្ឋសភា ​លោក Kevin McCarthy ​
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​និង​ប្រធាន​រដ្ឋសភា ​លោក Kevin McCarthy ​

សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ត្រូវគេ​រំពឹង​ថា​នឹង​បោះឆ្នោត​នៅ​ថ្ងៃពុធ​នេះ​លើ​សេចក្តី​ព្រាង​ច្បាប់​ព្យួរ​កម្រិត​ខ្ចីប្រាក់ ​ដែល​នៅ​សល់​ពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​ មុន​នឹង​រដ្ឋាភិបាល​អស់លុយ​យក​ទៅ​សង​បំណុល​របស់​ខ្លួន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​និង​ប្រធាន​រដ្ឋសភា ​លោក Kevin McCarthy ​កំពុង​ស្វះស្វែង​ប្រមូល​ការគាំទ្រ​កិច្ចព្រមព្រៀង​ដែល​មាន​ការសម្រុះ​សម្រួល​គ្នា​ដែល​មាន​រួម​ការកាត់បន្ថយ​ការចាយវាយ​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​ទាមទារ។

ដោយសារ​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​ស្តួចស្តើង​ ក្នុង​រដ្ឋសភា​ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​ស្តួចស្តើង​ក្នុង​ព្រឹទ្ធសភា ​ហើយ​ក្រុម​ផ្សេងៗ​របស់​គណបក្ស​ទាំង​ពីរ ​មិន​សប្បាយចិត្ត​ចំពោះ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នោះ ​គេ​មិន​ដឹង​ថា​តើ​នឹង​មាន​ការគាំទ្រ​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​សេចក្តី​ព្រាងច្បាប់​នោះ ​ទទួល​បានការអនុម័ត ​ឬទេ។

គណៈកម្មាធិការ​ចាត់ចែង​វិន័យ​រដ្ឋសភា ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​នោះ ​ដោយ​សំឡេង​ ៧ ​ទល់ ៦ ​ដែល​បាន​បង្ហាញ​ថា​មាន​ការមិនពេញចិត្ត​ខ្លះ ​ខណៈដែល​សមាជិក​រដ្ឋសភា​គណបក្ស​សាធារណរដ្ឋ​២​នាក់ ​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការបន្ត​ដំណើរ​នៃ​សេចក្តី​ព្រាងច្បាប់​នេះ។

អ្នកស្រី​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Janet Yellen ​បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា​សភា​ចាំបាច់ត្រូវ​បង្កើន​កម្រិត​នៃ​ការខ្ចីប្រាក់ ​មុន​ថ្ងៃទី៥ ​ខែ​មិថុនា ​បើ​មិន​ដូច្នោះ​ទេ ​រដ្ឋាភិបាល​នឹង​គ្មាន​ប្រាក់​យក​ទៅ​ចាយ​វាយ​ទេ។ អ្នកស្រី​បានថ្លែងថា​សូម្បី​តែ​រង់ចាំ​ដល់​កៀក​ថ្ងៃ ​ក៏​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការធ្វើ​ជំនួញ និង​ដល់​ជំនឿ​ទុកចិត្ត​របស់​អតិថិជន​ផង​ដែរ ​ហើយ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​លើ​ការខ្ចីប្រាក់​របស់​សហរដ្ឋ​អាមេរិក។

uសេចក្តី​ព្រាងច្បាប់ដែល​ដាក់​ជូន​រដ្ឋសភា​នេះ ​មាន​រួម​ការលើកលែង​កម្រិត​នៃ​ការខ្ចីប្រាក់​បច្ចុប្បន្ន រហូត​ដល់​ខែ​មករា​ឆ្នាំ២០២៥ ​និង​កិច្ចព្រមព្រៀង​ថវិកា​ចាយវាយ​២ឆ្នាំ ​ដែល​នឹង​មាន​ចំនួន​ដដែល​ក្នុង​ឆ្នាំ ​២០២៤ ​ហើយ​កើនឡើង​១%​ នៅក្នុង​ឆ្នាំ២០២៥៕

XS
SM
MD
LG