សេចក្តី​ព្រាង​ច្បាប់​ផ្តល់ជំនួយ​ឱ្យ​តែ​អ៊ីស្រាអែល​របស់ពួក​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​អាមេរិក​​ត្រូវ​ជំទាស់​​ដោយ​ព្រឹទ្ធសភា​​​និង​​លោក​ Biden

  • ​Reuters

រូបឯកសារ៖ ប្រធាន​សភា លោក Mike Johnson នៅឯកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣។ សមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរ និងប្រធានាធិបតី Joe Biden បានរិះគន់ចំពោះផែនការរបស់សមាជិកសភាគណបក្សសាធារណរដ្ឋក្នុងការផ្តល់ជំនួយដល់អ៊ីស្រាអែល។

ពួក​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកមក​ពី​គណបក្ស​ទាំង​ពីរ​បានសម្តែង​ការងឿង​ឆ្ងល់កាលពី​ថ្ងៃ​អង្គារអំពី​ផែនការរបស់​ពួក​សាធារណរដ្ឋក្នុង​រដ្ឋសភា​ដើម្បី​ផ្តល់​ជំនួយ​ចំនួន​១៤,៣​ពាន់​លាន​ដុល្លារឱ្យ​អ៊ីស្រាអែល​ដោយ​កាត់បន្ថយ​ប្រាក់​សម្រាប់​សេវាប្រាក់​ចំណូល​ក្នុង​ប្រទេស (IRS)​ ដោយមិនបានផ្តល់ជំនួយ​ឱ្យ​អ៊ុយក្រែន ហើយ​លោក​ប្រធានាធិបតី​ Joe Biden​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​គំរាម​វ៉េតូ​សេចក្តី​ព្រាង​ច្បាប់នេះនៅ​ពេល​វា​ត្រូវ​អនុម័ត។

នៅ​ក្នុង​សកម្មភាព​នីតិ​បញ្ញត្តិធំ​ទី​មួយ​នៅ​ក្រោមប្រធាន​រដ្ឋសភា​ថ្មី​លោក​ Mike Johnson ​ក្រុម​សាធារណរដ្ឋ​ក្នុង​រដ្ឋសភាបាន​លាត​ត្រដាង​សេចក្តី​ព្រាង​ច្បាប់ចំណាយ​បន្ថែម​សម្រាប់​តែ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃចន្ទ។

ការណ៍​នេះ​មានឡើង​ទោះជាលោក​ប្រធានាធិបតី Joe Biden បាន​សុំឱ្យមានកញ្ចប់ជំនួយ​ចំនួន​១០៦​ពាន់​លាន​ដុល្លារ​ដែល​មានរួម​ជំនួយសម្រាប់​អ៊ីស្រាអែល​និង​អ៊ុយក្រែននិង​ការផ្តល់​ប្រាក់សម្រាប់​បង្កើន​ការ​ប្រកួត​ប្រជែងជាមួយ​ប្រទេស​ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ​ព្រមទាំង​សម្រាប់​សន្តិសុខ​នៅ​តាមព្រំដែនសហរដ្ឋ​អាមេរិក​ជា​មួយប្រទេស​ម៉ិកស៊ិក។

អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​ក្នុង​ព្រឹទ្ធសភា​លោក Chuck Schumer បាននិយាយ​ថាសេចក្តី​ព្រាង​ច្បាប់​នេះ​របស់​ពួក​សាធារណរដ្ឋនឹង​ត្រូវ​បដិសេធនៅ​ពេល​បញ្ជូន​ទៅ​ដល់សភា​ជាន់ខ្ពស់​ ទោះ​ជា​វាត្រូវ​អនុម័ត​ក្នុង​រដ្ឋសភា​ក៏ដោយ។

រដ្ឋបាល​លោក​Biden ​បាន​និយាយថាលោក​ប្រធានាធិបតី​នឹង​វ៉េតូសេចក្តីព្រាង​ច្បាប់​មួយ​បែប​នេះ​នៅ​ពេលវា​ទៅ​ដល់តុ​របស់​លោក។

លោក​ Mitch McConnell ​មេដឹកនាំក្រុម​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភាបាន​និយាយថា​លោក​យល់​ថា​បញ្ហា​បួន​គឺ​បញ្ហាអ៊ុយក្រែន អ៊ីស្រាអែល​ តៃវ៉ាន់​និង​បញ្ហា​ព្រំដែនត្រូវការ​ឱ្យ​មាន​ការ​ដោះស្រាយ។

រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Antony Blinken បានជួប​ជាមួយ​លោក Johnson កាល​ពី​ថ្ងៃអង្គារនៅ​ក្រោយ​ធ្វើ​សវនកម្ម​នៅ​ក្នុង​ព្រឹទ្ធសភា។ នៅក្នុង​សវនកម្ម​នោះ​លោក Blinken ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin បាននិយាយថាអ៊ុយក្រែន​ត្រូវការ​ជំនួយសហរដ្ឋ​អាមេរិក​ត​ទៅ​ទៀត​ដើម្បី​ទទួល​ជ័យជម្នះ​នៅក្នុង​ការ​ប្រយុទ្ធ​របស់​ខ្លួនប្រឆាំង​នឹង​ពួក​រុស្ស៊ី​ឈ្លានពាន៕