សភា​តំណាងរាស្រ្ត​អាមេរិកាំង​អនុម័ត​ច្បាប់​ HR 526 ​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យឯករាជ្យជាតិខួបទី៦៥ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

«សេចក្តីព្រាងច្បាប់នេះ​បញ្ជូន​សារយ៉ាង​ច្បាស់​ថា ​សហរដ្ឋ​អាមេរិក​ឈរ​ប្រកៀកស្មារគ្នា​ជាមួយ​នឹង​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា និង​ថា​សភាសហរដ្ឋ​អាមេរិក​ នឹង​ឱ្យ​មេដឹកនាំ​កម្ពុជា​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការរំលោភសិទ្ធិមនុស្ស‍»។​​

សភាតំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិកបានអនុម័ត​ជាឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ចន្ទនូវ​ច្បាប់​មួយ ដើម្បីដាក់ទណ្ឌកម្មមន្ត្រី​កម្ពុជា​និង​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ ក្រោយ​ពី​មានការធ្លាក់ចុះក្នុង​រយៈ​ពេល​ជាង​២ឆ្នាំ​មក​នេះ។

លោក ​អេលៀត អ៊ីងហ្គល ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភាតំណាងរាស្ត្រ​បាន​បញ្ជាក់​នៅ​ក្នុង​សម័យ​ប្រជុំពេញ​អង្គថា៖

«សេចក្តីព្រាងច្បាប់នេះ​បញ្ជូន​សារយ៉ាង​ច្បាស់​ថា ​សហរដ្ឋ​អាមេរិក​ឈរ​ប្រកៀកស្មារគ្នា​ជាមួយ​នឹង​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា និង​ថា​សភាសហរដ្ឋ​អាមេរិក​ នឹង​ឱ្យ​មេដឹកនាំ​កម្ពុជា​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការរំលោភសិទ្ធិមនុស្ស‍»។

សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដែលមានការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក​ មាន​គោល​បំណង​ជំរុញ​ឱ្យ​មាន​ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរព​សិទ្ធិសេរីភាពនយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេសកម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធានិង​ស៊ីវិល​កម្ពុជា​ណា​ ដែលបាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស។ ​

លោក​ថេត យូហូ អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋ បាន​ស្នើ​សេចក្តីព្រាង​ច្បាប់​នេះ​កាលពី​ខែ​មករា បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើ​យុទ្ធនាការ​បង្ក្រាប​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិលនិង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ ព្រម​ទាំង​ចាប់​លោក​កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​ ដាក់​ពន្ធនាគារនិង​បន្ត​ឃុំខ្លួន​នៅ​លំនៅដ្ឋាន ហើយ​រំលាយ​គណបក្ស​នេះ​ចោល​ និង​រៀបចំ​ការបោះឆ្នោត​ដោយ​មិន​មាន​គូ​ប្រជែង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល។

លោកថេត យូហូ ​បាន​បញ្ជាក់​ប្រាប់វីអូអេ ក្រោយ​ពី​ការអនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ថា៖

«នេះគឺជា​ជំហាន​មួយ​បង្ហាញ​ថា ​សហរដ្ឋ​អាមេរិក​ជឿ​ថា ​ពលរដ្ឋ​កម្ពុជា​គួរតែ​មាន​ប្រជា​ធិប​តេយ្យ។ វា​គឺជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹមត្រូវ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មនុស្សដែល​បដិសេធ​មិន​ឱ្យ​ពួកគេ​មាន​ប្រជាធិបតេយ្យ​ដែល​រាប់​ពី​លោក​ហ៊ុន សែន​ ចុះ​ក្រោម​រហូត​ដល់​ក្រុម​ឧត្តម​សេនីយ៍​របស់​គាត់​ដែល​ជា​អ្នក​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តីនៅ​ក្នុង​ប្រទេស​នោះ ​និង​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​និង​បើក​ចំហរ‍»។​

លោក ថេត យូហូ សមាជិក​រដ្ឋសភា ប្រចាំ​គណៈកម្មាធិការទទួលបន្ទុក​កិច្ច​ការ​បរទេស​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្លែង​នៅ​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ស្រាវជ្រាវអាស៊ីនៅ​សភាអាមេរិក ​កាលពីថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ ហើយ​បាន​អំពាវនាវ​ជាបន្តបន្ទាប់​ឱ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ កែប្រែស្ថានការណ៍​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែ​លោក​ហ៊ុន សែន​ តែងតែ​វាយ​បក​មកវិញ​ដោយ​ឈរ​លើ​ហេតុផល​អធិបតេយ្យ​ភាព​ជាតិ​ដែល​មិន​ឱ្យ​លោក​ស្តាប់តាមការស្នើសុំ​របស់​បរទេស​ទេ។

ចាប់ពីដើមឆ្នាំ​២០១៧​មក ​អាជ្ញាធរ​កម្ពុជា​បាន​បើកយុទ្ធនាការបង្ក្រាបលើ​អ្នករិះគន់​ដែល​នាំ​ឱ្យសកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ បណ្តាញសារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បិទ​ទ្វារ​ ហើយ​រដ្ឋាភិបាល​ក៏​បាន​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) របស់​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក​អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា ​មកពី​ខាងគណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«តាំងពី​ការបិទ​និង​ការបង្វែរ​ទិស​នៃ​សារព័ត៌មាន​សេរី​រហូតដល់​ការហាមឃាត់ និង​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង​ ព្រមទាំង​រៀបចំ​ការបោះឆ្នោត​ក្លែងបន្លំ​ដែល​ប្រកាស​ខ្លួន​គាត់​ថា​ជា​ជម្រើស​របស់​ពលរដ្ឋ​ គឺ​របប​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ធ្វើ​កិច្ចការគ្រប់​យ៉ាង​តាម​អំណាច​ដែល​ខ្លួន​មាន​ដើម្បី​បំផ្លាញក្តី​សង្ឃឹម​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការបន្ត​របប​ផ្តាច់ការ​របស់​លោក​ហ៊ុន សែន​ ដើរ​ផ្ទុយ​ទៅនឹង​ការសន្យា​ដែល​ខ្លួន​មាន​ចំពោះ​ពលរដ្ឋ​កម្ពុជា​ ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១‍។ ទណ្ឌកម្ម​តាម​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​គឺ​ជា​តម្លៃ​ដែល​លោក​ហ៊ុន សែន ​និង​របប​របស់​គាត់​ត្រូវ​សងថ្លៃ​ចំពោះ​ការ​វាយ​ប្រហារ​ឥតឈប់​ឈរ​លើ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា‍»។​

លោក​ស្ទីវ ឆាបុត្រ​ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​អូហៃយូ បាន​បញ្ជាក់​ថា៖

«ដូច​មេដឹកនាំ​ផ្តាច់ការ​ដទៃទៀត​ដែរ​គឺ​លោក​ហ៊ុន សែន​ ខ្លាច​ដល់​ថ្ងៃណា​មួយ​លោក​នឹង​លែង​មាន​អំណាច​ទៀត​ហើយ‍»។

មានតំណាងពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​បាន​មក​ដល់​សភាតំណាងរាស្ត្រ​ដើម្បី​ធ្វើ​ជាសាក្សី​ដល់​ការ​អនុម័ត​ច្បាប់​នេះ​ផងដែរ។

លោក​រិទ្ធី អ៊ុង ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា លោក​មានក្តីរំភើប​ដែល​ការតស៊ូ​មតិ​របស់​សហគមន៍​ខ្មែរ​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ពី​សភា​តំណាងរាស្ត្រសហរដ្ឋ​អាមេរិក៖

«ចំពោះខ្ញុំ​ផ្ទាល់​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ខ្ញុំ​ជាសាក្សី​នៅ​សភា​អាមេរិក​ ដែល​បាន​ដាក់​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​នូវ​អ្វីៗ​ដែល​លោក​ហ៊ុន សែន​ បាន​ធ្វើ​នៅ​ក្នុង​សភា​របស់​សហរដ្ឋ​អាមេរិក។ ខ្ញុំ​មានការរំភើប​និង​មោទនភាព​យ៉ាងខ្លាំង ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតៗ​ដែល​កើត​មាននៅ​ប្រទេស​អាមេរិក​ ហើយ​សង្ឃឹម​ថា​ លទ្ធិប្រជាធិបតេយ្យ​នេះ​នឹង​កើត​មាន​ឡើង​ពិតៗ​នៅប្រទេស​កម្ពុជាផងដែរ‍»។​

តំណាងស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិកក៏ធ្លាប់បាន​ទៅ​ជួប​នឹង​លោក​ថេត យូហូ ដើម្បី​ពន្យល់​ពី​ស្ថានការណ៍​នៃ​ប្រទេស​កម្ពុជាដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ថេត យូហូ ប៉ុន្តែ​ត្រូវ​បាន​លោក​ឆ្លើយតបវិញ​ ដោយ​តម្រូវ​ឱ្យ​គោរពសិទ្ធិ​មនុស្សនិង​រៀបចំ​ការបោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ។

លោកឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្មអ្វីនៅឡើយ​ទេ​នៅ​ពេល​ដែល​វីអូអេ​ទាក់ទង​សួរ​នៅ​ថ្ងៃចន្ទ។

ក្រោយ​ពីអនុម័ត​រួច​ហើយ ​សេចក្តីស្នើ​ច្បាប់នេះ​នឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាដើម្បី​ពិភាក្សា​និងអនុម័ត​មុន​នឹង​ដាក់​ជូន​ការិយាល័យ​លោកប្រធានាធិបតីប្រកាសឱ្យប្រើប្រាស់។

សេចក្តី​ស្នើ​ច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ក៏​ត្រូវបាន​លោក​ថេត យូហូ ​ស្នើឡើង​ម្តង​ដែរ ដែល​ពេល​នោះ​មាន​លេខ​ H.R. 5754 ​ហើយ​ត្រូវ​បានសភា​តំណាងរាស្ត្រ​អនុម័ត​ដោយ​សំឡេង​ជា​ឯកច្ឆ័ន្ទ​កាលពីខែ​កក្កដា ​ឆ្នាំ​២០១៨ គឺ​រយៈពេល​តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ។ ប៉ុន្តែ​ព្រឹទ្ធសភា​មិន​បាន​យក​ច្បាប់​នោះ​មក​ពិនិត្យ​អនុម័ត​ទេ ​ហើយ​រដ្ឋ​សភា​ក៏​បាន​ផុតអាណត្តិ​។

​សកម្មជន​ខ្មែរអាមេរិកាំងប្តេជ្ញា​ថា​ ពួកគេនឹង​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​ឱ្យ​គាំទ្រ​ច្បាប់​នេះដោយ​មិន​ឱ្យ​មាន​ការខកខាន​ដូច​កាលពី​សភា​អណត្តិមុន​ទេ។

រហូតមកដល់ពេលនេះ មានសេចក្តីស្នើច្បាប់ចំនួនបួនដែលសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកបានស្នើឡើងដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

សេចក្តីស្នើច្បាប់ចំនួនបីទៀតគឺសេចក្តីស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រ និង​សេចក្តី​ស្នើច្បាប់​ស្តីពី​ការធ្វើ​ឱ្យ​វិល​ត្រឡប់​វិញ​នៃការវិនិយោគនៅ​កម្ពុជាហៅថា CARI Act ឬសេចក្តីស្នើច្បាប់​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕