គណៈកម្មាធិការមួយរបស់រដ្ឋសភាសហរដ្ឋអាមេរិកនឹងជួបប្រជុំគ្នានៅក្នុងថ្ងៃពុធនេះ ដើម្បីពិភាក្សាគ្នាអំពីសេចក្តីសម្រេចមួយដែលស្នើឲ្យអ្នកតាក់តែងច្បាប់អាចត្រូវគេអនុញ្ញាតឲ្យតែងតាំងសមាជិកម្នាក់ទៀតឲ្យបោះឆ្នោតជំនួស និងអនុញ្ញាតឲ្យគណៈកម្មាធិការរដ្ឋសភាជួបប្រជុំគ្នាពីចម្ងាយ។
វិធានការដែលស្នើឡើងថ្មីនេះនឹងអនុញ្ញាតឲ្យមានភាពបត់បែនជាងមុននៅក្នុងការធ្វើកិច្ចការរបស់រដ្ឋសភាសហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានការផ្ទុះរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ ហើយដែលបាននាំឲ្យមានការព្រមានអំពីជួបប្រជុំគ្នាជាក្រុមធំៗ។
តាមនីតិវិធី ប្រធានរដ្ឋសភាជាដំបូងត្រូវប្រកាសថា វិធានការគ្រាអាសន្នពេលមានជំងឺរាតត្បាតជាសាកល នឹងចូលជាធរមានហើយវានឹងមានអាជ្ញាយុកាល៦០ថ្ងៃ។
ក្នុងអំឡុងពេលនោះ អ្នកតំណាងរាស្ត្រណាម្នាក់អាចសរសេរសំបុត្រស្នើឈ្មោះអ្នកតំណាងរាស្ត្រម្នាក់ទៀតឲ្យបោះឆ្នោតជំនួសខ្លួន ក្រោយពីមានការណែនាំឲ្យធ្វើតាមជាក់លាក់។
ការតែងតាំងជំនួសនេះអាចត្រូវគេផ្លាស់ប្តូរឬលុបចោលវិញនៅពេលណាក៏បាន ហើយនឹងមានស្មៀនម្នាក់នឹងរក្សាបញ្ជីឈ្មោះមួយដែលផ្សាយជាសាធារណៈ។
ចំពោះកិច្ចប្រជុំរបស់គណៈកម្មាធិការរដ្ឋសភាវិញ សេចក្តីសម្រេចដែលស្នើថ្មីនេះនឹងអនុញ្ញាតឲ្យទាំងអ្នកតំណាងរាស្ត្រនិងសាក្សី អាចបង្ហាញខ្លួនពីចម្ងាយ ហើយអ្នកតំណាងរាស្ត្រអាចបោះឆ្នោតពីចម្ងាយបាន៕