សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​សេចក្តី​ព្រាងច្បាប់​ពិដាន​បំណុល​

រូបឯកសារ៖ រថយន្តមួយបើកកាត់បដាស្តីពីចំនួនប្រាក់បំណុលសហរដ្ឋអាមេរិក ដែលបិទជាប់នឹងកន្លែងរង់ចាំរថយន្តក្រុង នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣។

កិច្ចប្រឹងប្រែង​ដើម្បី​បញ្ជៀស​ការ​អស់​លុយ​សង​បំណុល​នៅ​សហរដ្ឋ​អាមេរិក​ឥឡូវនេះ​សំដៅ​ទៅរក​ព្រឹទ្ធសភា​វិញ​ម្តង​ បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​កាលពី​យប់​ថ្ងៃពុធ ​ដើម្បី​ព្យួរ​ការ​ដាក់​កំហិត​លើ​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​ខ្ចីប្រាក់ ​និង​ដាក់​កម្រិត​លើ​ការ​ចាយវាយ​របស់​រដ្ឋាភិបាល​លើ​វិស័យ​ខ្លះ។

មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា ​លោក Chuck Schumer ​និង​មេដឹកនាំសំឡេង​ភាគតិច​នៅ​ព្រឹទ្ធសភា​ លោក Mitch McConnell ​បាន​ថ្លែង​ថា អស់​លោក​សង្ឃឹម​ថា​នឹង​មាន​ការអនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​ព្រឹទ្ធសភា ​នៅពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ​ហើយ​បញ្ជូន​ទៅកាន់​លោក​ប្រធានាធិបតី Joe Biden ​ដើម្បី​ឱ្យ​លោក​ចុះហត្ថលេខា។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា​ សហរដ្ឋ​អាមេរិក​នឹង​អស់​ប្រាក់​ចាយ​វាយ​ នៅ​ថ្ងៃចន្ទ​ក្រោយ​ បើសិន​ជា​គ្មាន​ការបង្កើន​ប្រាក់​កម្ចី​ទេ។

សេចក្តី​ព្រាងច្បាប់​នោះ​បាន​ទទួល​ការ​អនុម័ត​ក្នុង​រដ្ឋសភា​ដោយ​សំឡេង​គាំទ្រ ៣១៤ ​និង​សំឡេង​ប្រឆាំង​ ១១៧ ​ទោះជា​មាន​ការ​ប្រឆាំង​ជំទាស់​ពី​សំណាក់​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ដែល​ថា​ សេចក្តី​ព្រាង​ច្បាប់​នោះ ​មិន​បាន​កាត់បន្ថយ​ការ​ចាយវាយ​ឱ្យ​បាន​ច្រើន​ ដូច​ដែល​ពួកគេ​ចង់​បាន ​រីឯសមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ​ថា​ មាន​ការ​កាត់បន្ថយ​ចំណាយ​ច្រើនពេក​ក៏​ដោយ។

សមាជិក​រដ្ឋសភា​ ៧១ ​នាក់ ពី​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគច្រើន​ បាន​បោះឆ្នោត​ប្រឆាំង។ ចំណែក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ ​សមាជិក​ដែល​បាន​បោះឆ្នោត​ប្រឆាំង ​មាន​ចំនួន​ ៤៦ នាក់។

នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ ​ក្រោយ​ការបោះឆ្នោត​នៅ​ថ្ងៃពុធ ​លោក​ប្រធានាធិបតី​ Biden ​បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​នេះ​ជា​ការ​សម្រប​សម្រួល​គ្នា​រវាង​គណបក្ស​ទាំងពីរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង Reuters