រដ្ឋសភា​សហរដ្ឋអាមេរិក​​បោះឆ្នោត​​​ជ្រើស​តាំង​​អ្នកសាធារណរដ្ឋ​​អភិរក្ស​និយម​​លោក Mike Johnson ជា​​​ប្រធាន

​ប្រធាន​​​រដ្ឋសភា​សហរដ្ឋ​អាមេរិកលោក Mike Johnson ទើបជាប់ឆ្នោត​នៅ​វិមានសភា​អាមេរិក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន

សមាជិក​រដ្ឋសភា​នៃ​គណបក្សសាធារណរដ្ឋ​លោក​ Mike Johnson បានជាប់ឆ្នោត​ជា​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃពុធ ដោយ​បញ្ចប់​រយៈពេល​២២ថ្ងៃដែល​ក្រុមសមាជិក​រដ្ឋសភាបាន​ប្រឹងប្រែង​បំពេញ​តំណែង​ជាន់ខ្ពស់​មួយ​ក្នុង​បណ្តាតំណែង​កំពូលក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

លោក Johnson អាយុ​៥១ឆ្នាំ​ជាសមាជិក​រដ្ឋសភា​បី​អាណត្តិនិង​ជា​សមាជិកកម្រិតទាបនៃ​ក្រុម​មេដឹកនាំ​សាធារណរដ្ឋ បានឈ្នះ​ឆ្នោត​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ​២២០​ទល់​នឹង​២០៩។ នៅពេលនេះ​លោក​មានតំណែង​ជាន់ខ្ពស់ទី​ពីរ​សម្រាប់​បន្ត​តំណែង​ពី​ប្រធានាធិបតី។

សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​ទាំងអស់​២០៩នាក់​បានបោះឆ្នោត​ឱ្យលោក Hakeem Jeffries​ មេដឹកនាំ​ក្រុមភាគតិចក្នុង​រដ្ឋសភា។

លោក Johnson ជាសមាជិក​រដ្ឋសភា​មក​ពី​រដ្ឋ Louisiana នាប៉ែក​ខាងត្បូងប្រទេស​អាមេរិក​ដែល​បានប្រមែ​ប្រមូលពួក​សាធារណរដ្ឋ​នៅ​ជុំវិញ​ការប្រឹងប្រែង​របស់អតីត​ប្រធានាធិបតី​លោក Donald Trump​ ដើម្បីប្រែ​ក្រឡះលទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ២០២០។

នៅ​ក្នុង​សុន្ទរកថាទី​មួយ​របស់​លោកក្នុង​ឋានៈ​ជាប្រធាន​រដ្ឋសភា ​លោក Johnson ​បាន​គូស​បញ្ជាក់​ជំនឿ​លើ​គ្រឹស្តសាសនា​របស់​លោក ​ដោយ​លោក​បាននិយាយ​ថា​៖​«ខ្ញុំ​មាន​ជំនឿ​ថា​យើង​ម្នាក់ៗ​មាន​ការ​ទទួល​ខុសត្រូវ​ធំ​មួយនៅ​ថ្ងៃ​នេះ ​ដើម្បី​ប្រើអំណោយ​ដែល​ព្រះអាទិទេពប្រទាន​ដល់​យើងសម្រាប់​បម្រើប្រជារាស្ត្រ​នៃ​ប្រទេស​ដ៏​អស្ចារ្យ​នេះសម​តាម​ដែល​ពួកគេ​សក្តិសម​នឹង​មាន​និង​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថាសាធារណរដ្ឋ​របស់​យើងនៅ​តែ​ជា​មហា​ប្រទីប​មួយ​នៃ​ពន្លឺ​និង​សេចក្តី​សង្ឃឹម​និង​សេរីភាពនៅ​ក្នុង​ពិភពលោក​មួយ​ដែល​ត្រូវការ​វា‍»។

លោកប្រធានាធិបតី Joe Biden បាន​អបអរសាទរលោក Johnson ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​រសៀល​ថ្ងៃពុធ។

ការ​ខ្វែង​គំនិត​គ្នា​ខ្លាំងក្លារវាង​សមាជិក​រដ្ឋសភា​គណបក្សសាធារណរដ្ឋ​ច្រើន​សប្តាហ៍​មក​ហើយ​បាន​ធ្វើឱ្យ​រដ្ឋសភា​មិនអាច​ឆ្លើយ​តបនឹង​បញ្ហា​ថវិកា​បាន​ទេ។

ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ពិចារណា​សំណើ​សុំ​ជំនួយបន្ថែម​ចំនួន​៦១​ពាន់​លាន​ដុល្លារសម្រាប់​អ៊ុយក្រែន​និង​១៤​ពាន់​លាន​ដុល្លារថែម​ទៀត​សម្រាប់​អ៊ីស្រាអែល៕