រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ប្រធាន​រដ្ឋសភា​ស.រ.អា នឹង​ពិភាក្សា​ជា​ថ្មី​រឿង​កញ្ចប់​ជំនួយ​កូវីដ១៩ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

រូបឯកសារ៖ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ កាលពី​ថ្ងៃព្រហស្បតិ៍ទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសភា​កាពីតូលក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin មាន​គម្រោង​ជួប​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ស្រប​ពេល​ដែល​ពួកគេ​ព្យាយាម​ចរចា​អំពី​ជំនួយ​ជុំ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​បាន​ជាប់​គាំង​ជា​យូរ​មក​ហើយ។

អ្នកស្រី Pelosi បាន​និយាយ​ថា ភាគី​ទាំង​ពីរ​បាន «សន្ទនា​គ្នា​យ៉ាង​ច្រើន» កាលពី​ថ្ងៃ​ពុធ ហើយ​ថា ការ​ពិភាក្សា​នេះ​នឹង​បន្ត។

លោក Mnuchin បាន​ប្រាប់​ទូរទស្សន៍ Fox Business ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា ប្រសិនបើ​មាន «ការ​សម្រុះសម្រួល​ត្រឹមត្រូវ​មួយ យើង​នឹង​ត្រៀម​ពិភាក្សា»។

ការ​ចរចា​ត្រូវ​បាន​ជាប់​គាំង​ ទាក់ទិន​នឹង​ទំហំ​នៃ​កញ្ចប់​ជំនួយ។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ដំបូង​បាន​ស្នើ​វិធានការ​មួយ​ដែល​មាន​ទឹក​ប្រាក់ ៣.៤ លាន​លាន​ដុល្លារ ក៏​ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក បាន​កាត់​បន្ថយ​ទំហំ​ទឹកប្រាក់​នោះ​មក​នៅ​ត្រឹម​ចំនួន ២.២ លាន​លាន​ដុល្លារ​វិញ។

លោក Mnuchin បាន​និយាយ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា ចំនួន​នោះ​នៅ​ខ្ពស់​ពេក​នៅ​ឡើយ ដោយ​សេតវិមាន​មាន​គម្រោង​កំណត់​ត្រឹម​ប្រហែល ១.៥ លាន​លាន​ដុល្លារ​ប៉ុណ្ណោះ។

ប្រសិនបើ​កញ្ចប់​ថវិកា​ជំនួយ​នេះ​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា នោះ​វា​អាច​រួម​មាន​ការ​ផ្តល់​ប្រាក់​ជំនួយ​បន្ថែម​ទៀត​ដល់​ក្រុម​គ្រួសារ និង​កន្លែង​អាជីវកម្ម​នានា ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រាក់​ជំនួយ​សម្រាប់​អ្នក​ធ្វើ​ការ​រាប់​លាន​នាក់​ដែល​បាត់បត់​ការងារ​ធ្វើ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ការ​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ខាតបង់​ប្រាក់​ចំណូល​យ៉ាង​ធ្ងន់​នៅ​ក្នុង​ឆ្នាំ​នេះ ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​រដ្ឋ ​និង​អាជ្ញាធរ​មូលដ្ឋាន និង​ការ​ផ្តល់​ការ​ការពារ​ដល់​អាជីវកម្ម​នានា។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ មាន​ប្រហែល ២០៧.០០០ នាក់ គឺ​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​លើ​ពិភពលោក ហើយ​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ជាង ៧លាន ២ សែន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក៕