នៅឯសវនាការរបស់គណៈកម្មាធិការសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការការបរទេស ប្រទេសកម្ពុជាត្រូវបានរាប់បញ្ចូលជាមួយបណ្ដាប្រទេសមួយក្រុមតូច ដែលលទ្ធិប្រជាធិបតេយ្យ «ត្រូវបានរឹតបន្តឹង»។
សវនាការដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនាកន្លងទៅនេះ បានអញ្ជើញអ្នកជំនាញការបីរូប ឲ្យមកផ្ដល់សក្ខីកម្មអំពីស្ថានភាពនៃរបបប្រជាធិបតេយ្យនានា ដែលត្រូវបានគេមើលឃើញថាជា «ការដើរថយក្រោយ» ហើយឆ្ពោះទៅរកអំណាចផ្ដាច់ការ។
អ្នកតំណាងរាស្ត្រ Ed Royce ដែលជាប្រធានគណៈកម្មាធិការសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការការបរទេស ថ្លែងក្នុងសម្ដីដើមថា៖ «ពីតួកគី ដល់កម្ពុជា ស្ថាប័នប្រជាធិបតេយ្យនានានៅជុំវិញពិភពលោក កំពុងស្ថិតក្រោមការឡោមព័ទ្ធវាយប្រហារ»។
លោក Royce មានប្រសាសន៍ថា៖
«គ្មានការសង្ស័យទេ ដែលថាលទ្ធិប្រជាធិបតេយ្យកំពុងត្រូវរឹតបន្តឹង។ អង្គការឃ្លាំមើលសេរីភាពនិងប្រជាធិបតេយ្យ Freedom House រាយការណ៍ថា លទ្ធិប្រជាធិបតេយ្យបានធ្លាក់ចុះនៅទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ សំណួរសម្រាប់យើងគឺថា តើយើងយកចិត្តទុកដាក់ដែរឬទេ? ហើយបើសិនជាយកចិត្តទុកដាក់មែន តើយើងគួរធ្វើអ្វីដើម្បីដោះស្រាយការធ្លាក់ចុះប្រជាធិបតេយ្យនេះ?»
វិទ្យាស្ថានប្រជាធិបតេយ្យជាតិ ឬ National Democratic Institute ហៅកាត់ថា NDI ជាអង្គការសង្គមស៊ីវិលមួយក្នុងចំណោមអង្គការចំនួនបី ដែលត្រូវបានអញ្ជើញមកផ្ដល់សក្ខីកម្ម។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ NDI នេះ ត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជានៅឆ្នាំ២០១៧ ដោយសារការគាបសង្កត់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក Kenneth Wollack ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យជាតិ NDI នេះ បានថ្លែងប្រាប់ VOA ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង «បង្ក្រាបសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ហើយបានរំលាយគណបក្សនយោបាយមួយ ដែលតំណាងឲ្យប្រជាជនពាក់កណ្ដាលប្រទេស» គឺគណបក្សសង្គ្រោះជាតិដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយនៅចុងឆ្នាំ២០១៧។
លោក Wollack និយាយថា៖
«និយាយទៅ នេះគឺជារដ្ឋប្រហារទីបីចាប់តាំងពីការបោះឆ្នោតរៀបចំដោយ UNTAC នៅឆ្នាំ១៩៩៣។ គណបក្សប្រជាជនមិនព្រមទទួលយកលទ្ធផលនៅឆ្នាំ១៩៩៣។ មានរដ្ឋប្រហារមួយទៀតនៅឆ្នាំ១៩៩៧ ហើយនេះគឺជារដ្ឋប្រហារទី៣»។
ទាំងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានផ្អាកការគាំទ្ររបស់ពួកគេ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា គ.ជ.ប. ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគ្រប់គ្រងប្រទេសកម្ពុជាតាមរយៈការរួមបញ្ចូលគ្នានៃ គោលនយោបាយតាមការអនុវត្តជាក់ស្ដែង និងការគំរាមកំហែងដោយប្រើកម្លាំង អស់រយៈពេលជាងបីទសវត្សរ៍មកហើយ។ នៅក្នុងការបោះឆ្នោតលើកចុងក្រោយនៅឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានឈ្នះគណបក្សសង្គ្រោះជាតិយ៉ាងប្រកិត ប៉ុន្តែការបោះឆ្នោតនេះត្រូវបានចោទប្រកាន់ថា មានការក្លែងបន្លំសន្លឹកឆ្នោតដែលពេលនោះបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំនានា ហើយមនុស្សយ៉ាងហោចណាស់ ៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។
អ្នកតំណាងរាស្ត្រ Eliot Engel ដែលជាអនុប្រធាននៃគណៈកម្មាធិការសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការការបរទេស ថ្លែងថា៖
«អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើគឺពិតជាអាក្រក់ណាស់។ ខ្ញុំប្រៀបធៀបទៅនឹង ប៉ុល ពត ព្រោះតែរបបផ្ដាច់ការស្រដៀងគ្នាក្នុងពេលវេលាខុសគ្នា»។
ទន្ទឹមនឹងនេះ លោក Wollack មានប្រសាសន៍ថា សហគមន៍អន្តរជាតិមានតួនាទីសំខាន់ក្នុងការទាញយកចំណាប់អារម្មណ៍លើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ហើយលោកបន្ថែមថា ប្រជាជនកម្ពុជាមានតួនាទីសំខាន់បំផុត នៅក្នុងចលនាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេ។
លោក Wollackថ្លែងថា៖
«ខ្ញុំគិតថា អ្វីគ្រប់យ៉ាងគួរតែធ្វើឡើងដោយសន្តិវិធី ប៉ុន្តែមនុស្សគ្រប់គ្នា ប្រជាពលរដ្ឋ និងអ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គួរតែបន្តរៀបចំសកម្មភាពចូលរួមនយោបាយ និងប្រើវិធីសាស្ត្រដែលអាចទៅរួចណាមួយ ដើម្បីចូលរួមនៅក្នុងដំណើរការស្តាលទ្ធិប្រជាធិបតេយ្យនេះ»៕