រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តលើសំណើច្បាប់ថ្កោលទោសរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាដោយសំឡេងភាគច្រើនលើសលប់កាលពីថ្ងៃសុក្រទី ១៩ ខែមីនា ស្របពេលដែលសមាជិកសភាបានបង្កើនការរិះគន់លើវិធីសាស្ត្រឃោរឃៅដែលយោធាមីយ៉ា់ន់ម៉ាបានប្រើដើម្បីបង្ក្រាបបាតុកម្មតាំងពីពេលយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈមក។
សំណើច្បាប់នេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៣៩៨ ទល់នឹង ១៤ និងសំឡេងអនុប្បវាទ ១។ សំឡេងប្រឆាំងទាំងអស់និងសំឡេងអនុប្បវាទគឺជាសំឡេងមកពីគណបក្សសាធារណរដ្ឋ។
សេចក្តីសម្រេចនេះថ្កោលទោសរដ្ឋប្រហារនិងការឃុំខ្លួនមេដឹកនាំស៊ីវិលនានានៅមីយ៉ាន់ម៉ា ក៏ដូចជាអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់និងឱ្យសមាជិករដ្ឋសភាជាប់ឆ្នោតចូលបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ។
រដ្ឋសភាក៏បានអនុម័តចំណាត់ការមួយផ្សេងទៀតផងដែរពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមីនា តាមរយៈការបោះឆ្នោតស្រែកគាំទ្រ និងមិនមានការរាប់វត្តមានរបស់អ្នកចូលរួម។
សំណើច្បាប់ដែលតម្រូវឱ្យមានការអនុម័តពីព្រឹទ្ធសភាមុនក្លាយជាច្បាប់នេះ តម្រូវឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ផ្តល់របាយការណ៍ទៅសភាអំពីព្រឹត្តិការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងវិធានការឆ្លើយតបរបស់ខ្លួនចំពោះព្រឹត្តិការណ៍ទាំងនោះ។
សមាជិករដ្ឋសភាលោក Gregory Meeks ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យមានការគាំទ្រចំណាត់ការនេះ។
លោកបាននិយាយដូច្នេះថា៖ «យើងត្រូវបញ្ជាក់ឱ្យច្បាស់ថា សហរដ្ឋអាមេរិកកំពុងតាមដានមើល និងគាំទ្រការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ [ក្នុងប្រទេសមីយ៉ាន់ម៉ា]»។
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់អ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាយ៉ាងតិច ៩ នាក់ កាលពីថ្ងៃសុក្រ ខណៈដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជំរុញឱ្យបញ្ឈប់អំពើហិង្សា ហើយឯកអគ្គរដ្ឋទូតនៃបណ្តាបស្ចិមប្រទេសនានាបានថ្កោលទោសអ្វីដែលពួកគេហៅថាជាសកម្មភាព «អសីលធម៌ និងហួសព្រំដែន» របស់យោធាមីយ៉ាន់ម៉ា៕