ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ស្នើ​ច្បាប់​ដាក់​កំហិត​លើ​ជន​អន្តោប្រវេសន៍​ដែល​ទទួល​ជំនួយ​ពី​រដ្ឋ

លោក​ប្រធានាធិបតី​ ត្រាំ ចាប់​ដៃ​ជាមួយ​រដ្ឋបាល​ FEMA លោក Brock Long នៅ​មុខ​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ លោក​ស្រី Kirstjen Nielsen នៅ​រដ្ឋ​ North Carolina កាល​ពី​​ថ្ងៃទី​១៩ ​កញ្ញា ២០១៨។

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ប្រកាស​នូវ​សំណើ​មួយ​ដែល​មាន​បំណង​ចង់​ធានា​ថា អ្នក​ដែល​ចង់​ចូល​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ «នឹង​មិន​ពឹងផ្អែក​លើ​ជំនួយ​ដែល​ទទួល​បាន​ពី​រដ្ឋ» ដូចជា កម្មវិធី​ជំនួយ​ម្ហូប​អាហារ ថ្នាំ​ពេទ្យ ឬ​ក៏​ផ្ទះ​សម្បែង​ជ្រក​កោន​នោះ​ទេ។

ក្រសួង​នេះ​បាន​ប្រកាស​ដូច្នេះ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ លោក​ស្រី ​Kirstjen Nielsen រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​ថា ក្រសួង​ចង់​បាន​មតិ​ពី​សាធារណជន​អំពី​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព។

លោកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ច្បាប់​ដែល​បាន​ស្នើ​ឡើង​នេះ នឹង​អនុវត្ត​ច្បាប់​មួយ​ដែល​បាន​អនុម័ត​ដោយ​សភា ដែល​មាន​គោល​បំណង​ជំរុញ​ឲ្យ​ជន​អន្តោប្រវេសន៍​ពឹងផ្អែក​លើ​ខ្លួន​ឯង និង​ដើម្បី​ការពារ​ធនធាន​របស់​រដ្ឋ​ដែល​មាន​កំណត់​ដោយ​ធានា​ថា ជន​អន្តោប្រវេសន៍​ទាំង​នោះ​ទំនង​ជា​នឹង​មិន​ក្លាយ​ទៅ​ជា​បន្ទុក​របស់​ពលរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ»។

សេចក្ដី​ប្រកាស​របស់​ក្រសួង​នេះ​បាន​បញ្ជាក់​ថា «ការ​ហាម​ឃាត់​បុគ្គល​ណា​ម្នាក់​ផ្អែក​លើ​ការណ៍​ដែល​បុគ្គល​នោះ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​រដ្ឋ» គឺ​នឹង​ត្រូវ​កំណត់​ដោយ​ការ​វាយ​តម្លៃ​លើ​ថា​តើ​បុគ្គល​នោះ​ទំនង​នឹង​អាច​ក្លាយ​ទៅ​ជា​ជា​អ្នក​ពឹង​ផ្អែក​លើ​រដ្ឋ​នៅ​ពេល​ណា​មួយ ឬ​ក៏​អត់​នៅ​ពេល​អនាគត។

សេចក្ដី​ប្រកាស​នោះ​បាន​បន្ត​ថា ​ពាក្យ​ «ពឹងផ្អែក​លើ​រដ្ឋ» នេះ សំដៅ​លើ​មនុស្ស​ម្នាក់​ដែល​ទទួល​បាន​ជំនួយ​ពី​រដ្ឋ​លើស​ពី ​«ចំនួន​ដែល​បាន​កំណត់» ឬ​ក៏​ទទួល​បាន​ជំនួយ​នោះ​យូរ​ជាង​ពេល​វេលា​កំណត់​ណា​មួយ។

សេចក្ដី​ប្រកាស​នោះ​ក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​កំណត់​ថា «ការ​ទទួល​បាន​ជំនួយ​ពី​រដ្ឋ​នៅ​ពេល​បច្ចុប្បន្ន និង​កាល​ពី​អតីត​កាល​លើស​ពី​ចំនួន​កំណត់» គឺ​ជា ​«កត្តា​អវិជ្ជមាន​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ថ្លឹង​ថ្លែង»៕