រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ព្រំដែនភាគនិរតីរបស់សហរដ្ឋអាមេរិកជាប់ជាមួយប្រទេសម៉ិចស៊ិកមាន «សន្តិសុខល្អ»។
លោកថ្លែងដូច្នេះ ស្របពេលដែលជនចំណាកស្រុករាប់ពាន់នាក់មកពីទ្វីបអាមេរិកកណ្តាល កំពុងសម្រុកចូលមកក្នុងសហរដ្ឋអាមេរិកក្នុងអត្រាដ៏ខ្ពស់បំផុតមួយក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។
នៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងដាក់នៅមួយកន្លែងនូវកុមារចំណាកស្រុកដែលគ្មានអាណាព្យាបាលមកជាមួយចំនួនប្រហែល ១៥.០០០ នាក់។
លោក Mayorkas បាននិយាយថា សហរដ្ឋអាមេរិកមានកាតព្វកិច្ចនៅក្រោមច្បាប់របស់ខ្លួនដើម្បីមើលថែពួកគេ ជាជាងបណ្តេញពួកគេទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ដូចដែលបានធ្វើឡើងនៅក្រោមគោលនយោបាយរបស់រដ្ឋបាលលោកអតីតប្រធានាធិបតី Donald Trump។
លោក Mayorkas បានបន្ថែមថា វាជា «ការមិនត្រឹមត្រូវ» នោះទេ ដែលនិយាយថា កុមារទាំងនេះ ត្រូវបានអតីតរដ្ឋបាលរបស់លោក Trump «ចាត់ចែងដោយភាពមនុស្សធម៌» នោះ។
លោកបានបញ្ជាក់នៅក្នុងកម្មវិធី Fox News Sunday របស់ទូរទស្សន៍ Fox News ថា៖ «រដ្ឋបាលមុន បានបំផ្លាញប្រព័ន្ធសុំសិទ្ធិជ្រកកោន។ យើងលើកទឹកចិត្តក្រុមគ្រួសារនានាកុំឲ្យបញ្ជូនកូនៗរបស់ពួកគេ [មកកាន់ព្រំដែនសហរដ្ឋអាមេរិក]»។
ក៏ប៉ុន្តែ លោកបានបន្ថែមថា ប្រសិនបើកុមារទាំងនោះឆ្លងកាត់ព្រំដែនចូលក្នុងសហរដ្ឋអាមេរិក ពួកគេនឹងត្រូវបានទទួលការមើលថែទាំជាច្រើនថ្ងៃ ឬត្រូវបញ្ជូនទៅកាន់សាច់ញាតិដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកស្រាប់ ឬក៏ត្រូវដាក់នៅជាមួយអ្នកណាដែលចង់មើលថែពួកគេ ដែលអ្នកដែលមើលថែនោះនឹងតម្រូវឲ្យមានការពិនិត្យប្រវត្តិរូបត្រឹមត្រូវ។
កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Joe Biden បាននិយាយថា លោកមានគម្រោងធ្វើទស្សនកិច្ចទៅកាន់ព្រំដែនជាប់ប្រទេសម៉ិចស៊ិក «នៅពេលណាមួយ»។ លោកបានបញ្ជាក់ថា រដ្ឋបាលរបស់លោកបានធ្វើការដើម្បីធានាថា ជនចំណាកស្រុកនៅពេលខាងមុខអាចដាក់ពាក្យសុំសិទ្ធិជ្រកកោនបាននៅក្នុងប្រទេសកំណើតរបស់ខ្លួន៕