ទីភ្នាក់ងារធនធានមនុស្សរបស់រដ្ឋាភិបាលស.រ.អាទំនងក្លាយជាជនរងគ្រោះនៃការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រលើកទី២។ ក្រុមអ្នកលបចូលក្នុងប្រព័ន្ធកុំព្យូទ័រដែលជាប់ទាក់ទិនទៅនឹងប្រទេសចិន ត្រូវបានគេជឿជាក់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រទាំងពីរលើកនេះ។ ការអះអាងនេះបានត្រូវច្រានចោលដោយចិនថា គ្មានការទទួលខុសត្រូវ។
ការវាយប្រហារទី២ទៅលើការិយាល័យចាត់ចែងបុគ្គលិកឬ OPM បានធ្វើឲ្យក្រុមអ្នកលួចចូលក្នុងប្រព័ន្ធអ៊ីនធឺណែតអាចចូលក្នុងព័ត៌មានសំខាន់ៗ ដែលត្រូវបានបញ្ជូនទៅឲ្យដោយបុគ្គលិកស៊ើបការណ៍សម្ងាត់ និងយោធាដើម្បីពិនិត្យឆែកឆេរប្រវត្តិរូបបុគ្គលិកសម្រាប់ក្រសួងជាច្រើន ដែលរួមមានទីភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) និងទីភ្នាក់ងារសន្តិសុខជាតិ នេះបើការបញ្ជាក់របស់មន្រ្តីស.រ.អាដែលមិនប្រាប់ឈ្មោះ។
ទិន្នន័យបុគ្គលិក ដែលត្រូវការឲ្យបានទទួលការពិនិត្យឆែកឆេរប្រវត្តិរូប រួមមានព័ត៌មានអំពីជំងឺវិកលចរិក ការប្រើថ្នាំញៀន និងសុរា ការចាប់ខ្លួន និងការក្ស័យធន។ក្រុមអ្នកដាក់ពាក្យសុំធ្វើការងារ ក៏ត្រូវផ្តល់ព័ត៌មានស្តីពីទំនាក់ទំនងផ្សេងៗ។
នៅក្នុងការវាយប្រហារលើកដំបូងទៅលើការិយាល័យចាត់ចែងបុគ្គលិកឬ OPM ដែលបានប្រកាសកាលពីសប្តាហ៍មុន ក្រុមអ្នកលបចូលក្នុងប្រព័ន្ធកំព្យូទ័របានត្រូវគេរាយការណ៍ថា បានទទួលព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់លាននាក់។ ការិយាល័យចាត់ចែងបុគ្គលិកឬ OPM បានប្រាប់ឲ្យដឹងទៀតថា អតីតបុគ្គលិក និងបុគ្គលិកនៅពេលបច្ចុប្បន្នរបស់រដ្ឋាភិបាលសហព័ន្ធអាចរងផលប៉ះពាល់ដោយការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនេះ។
ទោះជាយ៉ាងណាក៏ដោយ សហជីពបុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិក បានប្រាប់ឲ្យដឹងថា ក្រុមអ្នកលួចចូលក្នុងប្រព័ន្ធកំព្យូទ័រមានព័ត៌មានរបស់បុគ្គលិកសហព័ន្ធទាំងអស់។
ការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រលើកទី២នេះ បានត្រូវគេរកឃើញក្នុងអំឡុង ពេលនៃការស៊ើបអង្កេតនៅក្នុងវាយប្រហារទៅលើបុគ្គលិកសហព័ន្ធ៕